ជាតិ
សង្គមជាតិ
បុរស​ម្នាក់​ដែល​ប្រើ​អំពើហិង្សា​លើ​កូន ត្រូវបាន​បញ្ជូនទៅ​តុលាការ​
17, Jun 2018 , 5:56 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ប្រើ​អំពើហិង្សា​ទៅលើ​កូនប្រុស​របស់ខ្លួន មក​សាកសួរ ហើយ​បន្ទាប់មក ក៏​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​១៧ ខែមិថុនា​ឆ្នាំ​២០១៨​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



​បុរស​ដែល​ប្រើ​អំពើហិង្សា​លើ​កូនប្រុស​បង្កើត​របស់ខ្លួន មានឈ្មោះ ហ៊ិ​ន សុផាន់​ណា អាយុ​៣៩​ឆ្នាំ ស្នាក់នៅ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​កុមារា​រងគ្រោះ ឈ្មោះ​ហេង ឡឹ​ថុ​ន អាយុ​៦​ឆ្នាំ​។ បើតាម​អគ្គស្នងការ​នគរបាល​ជាតិ មូលហេតុ​ដែល​បុរស​ជា​ឪពុក ប្រើ​អំពើហិង្សា​ទៅលើ​កូន  គឺ​ដោយសារ​ខឹង​នឹង​កូន ថា​បាន​លួច​ប្រាក់ ២៥០០​រៀល​។

​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​របាយការណ៍ ពី​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​អនីតិជន ទៅ​ចុះផ្សាយ​ថា  តាម​ការបំភ្លឺ​របស់​ដើមបណ្តឹង គឺ​អ្នកស្រី តាំង ធីតា ត្រូវជា​ម្ដាយមីង​របស់​កុមារ​រងគ្រោះ បាន​រៀបរាប់ថា ឈ្មោះ ហ៊ិ​ន សុផាន់​ណា ធ្លាប់​ជាប់ពន្ធនាគារ ២​លើក​រួចមកហើយ និង​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន តែងតែ​ឈ្លោះ​វាយ​គ្នា​។ ហើយ​ជា​ញឹកញាប់​បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​កូន​ទាំង​៤ រួមទាំង​កុមារ​រងគ្រោះ​ផងដែរ​។ បើតាម​កុមារ​រងគ្រោះ បាន​រៀបរាប់​ឲ្យ​ដឹងថា ឪពុក​របស់ខ្លួន ធ្លាប់​វាយ​មកលើ​រូបគេ​ជា​ញឹកញាប់ ដោយសារ​ខឹង​ខ្លួន​ពូកែ​ដើរលេង មិនសូវ​ចូល​ផ្ទះ ហើយ​ខ្លួន​ក៏​ធ្លាប់​បានឃើញ​ឪពុក​របស់គេ​ប្រើ​អំពើហិង្សា​ទៅលើ​ម្ដាយ ព្រមទាំង​បងៗ​ជា​ញឹកញាប់​ផងដែរ​។​

​ផ្នែក​តាម​ប្រភព​ខាងលើ​ដដែល បុរស​ដែល​ប្រើ​អំពើហិង្សា​ខាងលើ​បាន​ឆ្លើយ​សារភាពថា រូបគេ​ធ្លាប់​ជាប់ពន្ធនាគារ ២​លើក​រួម​មកហើយ លើក​ទី​១ ករណី​ពាក់ព័ន្ធ​អំពើ​ប្លន់ ជាប់ពន្ធនាគារ​៤​ឆ្នាំ និង​លើក​ទី​២ ករណី​ពាក់ព័ន្ធ​គ្រឿងញៀន ជាប់ពន្ធនាគារ​១​ឆ្នាំ​។

​គួ​រម្លឹកថា ឈ្មោះ ហ៊ិ​ន សុផាន់​ណា ត្រូវបាន​ឃាត់ខ្លួន បន្ទាប់ពី​មានការ​ចែកចាយ​តៗ​គ្នា​នូវ​វីដេអូ​ខ្លី​មួយ​នៅលើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ពី​សកម្មភាព​រប​ស់បុរ​ស​នេះ ប្រើ​អំពើហិង្សា​ទៅលើ​កូន​របស់ខ្លួន​។ អំពើហិង្សា​របស់​បុរស​ជា​ឪពុក បាន​រង​ការរិះគន់​ជាខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​៕


Tag:
 ហិង្សា​
  ឪពុក​-​កូន​
© រក្សាសិទ្ធិដោយ thmeythmey.com