កីឡាជាតិ
ជាតិ
Bisan George និង Mathew Osa រកបាន៩គ្រាប់ក្នុងជ័យជម្នះ១០-១ របស់ណាហ្គាលើវេស្ទើន Bisan George រកបាន៥គ្រាប់តែម្នាក់សម្រាប់ណាហ្គាវើលលើវេស្ទើន។ រូបថត CNCC
× ណាហ្គាវើលបានលត់ក្រុមវេស្ទើនភ្នំពេញយ៉ាងចាស់ដៃក្នុងលទ្ធផល ១០-១ ដើម្បីឡើងឈរកំពូលតារាងបណ្តោះអាសន្នក្នុងសប្តាហ៍ទី១០នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ ចំណែកបឹងកេតបានវាយបកតាមស្មើ ១-១ ជាមួយវិសាខា ខណៈម្ចាស់ផ្ទះភ្នំពេញក្រោនបានបញ្ចប់ដោយគ្មានការស៊ុតបញ្ជូលទីជាមួយអគ្គិសនីកម្ពុជា។
ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Bisan George សម្រេចបាន៥គ្រាប់តែឯង ដើម្បីជួយឲ្យណាហ្គាវើលលត់ក្រុមបាតតារាងវេស្ទើនភ្នំពេញក្នុងលទ្ធផល ១០-១ នាការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជាកាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។ ចំណែក៥គ្រាប់ទៀត រកបាន៤គ្រាប់ពីខ្សែប្រយុទ្ធនីហ្សេរីយ៉ា Mathew Osa និង១គ្រាប់កើតពីការស៊ុតបញ្ចូលទីខ្លួនឯងពីកីឡាករ នុត ពិទូ ខណៈមួយគ្រាប់របស់វេស្ទើនរកបានដោយកីឡាករ សឿន បញ្ញា។
ជ័យជម្នះដ៏ធំធេងនេះ បានជួយឲ្យណាហ្គាវើលឡើងឈរកំពូលតារាងបណ្តោះអាសន្នក្នុងសប្តាហ៍ទី១០មាន២៥ពិន្ទុ។ ចំណែកកីឡាករ Bisan George ដែលរកបាន៥គ្រាប់តែឯងបានឡើងឈរកំពូលតារាងអ្នករកគ្រាប់បាលបានច្រើនជាង ជាមួយគ្រាប់បាល់១១គ្រាប់។ នេះជាបរាជ័យលើកទី១០សម្រាប់វេស្ទើនភ្នំពេញ ដែលអាចប្រឈមនឹងការកាត់ចេញពីក្របខណ្ឌកំពូលនៅរដូវកាលក្រោយ។ បច្ចុប្បន្នវេស្ទើនភ្នំពេញឈរបាតតារាងមានសូន្យពិន្ទុ ក្រោយត្រូវគូប្រកួតបំប៉ោងសំណាញ់៤៣គ្រាប់។
ការប្រកួតនៅកីឡដ្ឋានវេស្ទើនភ្នំពេញ ក្រុមវិសាខាបានបញ្ចប់ក្នុងទ្ធផលស្មើ ១-១ ជាមួយក្រុមការពារតំណែងជើងឯកបឹងកេត។ ខ្សែប្រយុទ្ធកូរ៉េខាងជើង Cheo Myong-ho បានរកគ្រាប់នាំមុខសម្រាប់វិសាខានៅ១២នាទីដំបូងនៃតង់ទី១ មុនខ្សែប្រយុទ្ធនីហ្សេរីយ៉ា Oiboh Julius តែតបាល់បញ្ចូលទីរកគ្រាប់បាល់តាមស្មើ ១-១ សម្រាប់បឹងកេត។ លទ្ធផលធ្វើឲ្យបឹងកេតធ្លាក់ទៅឈរលេខរៀងទី២ដោយមាន២២ពិន្ទុ ខណៈវិសាខាបន្តឈរលេខរៀងទី៣មាន២០ពិន្ទុ។
ចំណែកការប្រកួតនៅកីឡដ្ឋាន RSN ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនបានបញ្ចប់ក្នុងលទ្ធផលស្ទើរមិនគួរជឿ ដោយស្មើ ០-០ ជាមួយភ្ញៀវអគ្គិសនីកម្ពុជា៕
Tag:
Cambodian League 2018
ណាហ្គាវើល
Bisan George
© រក្សាសិទ្ធិដោយ thmeythmey.com