កីឡាជាតិ
ជាតិ
អ្នកលេងគុនខ្មែរ ឃីម ឌីម៉ា ឈ្នះខ្សែក្រវាត់នៅបារាំងយ៉ាងលំបាក
× អ្នកលេងគុនខ្មែរ ឃីម ឌីម៉ា បានសាងភាពល្បីល្បាញនៅលើឆាកអន្តរជាតិ តាមរយៈការឈ្នះខ្សែក្រវាត់ប្រចាំព្រឹត្តិការណ៍ Rahu Fight នៅលើទឹកដីបារាំង ក្រោយយកឈ្នះកីឡាករម្ចាស់ផ្ទះ Vieira Brandon ដោយពិន្ទុ។ ចំណែកកីឡាករ ម៉ឺន សុភា និង ឡៅ ចន្ទ្រា សុទ្ធតែបានយកឈ្នះគូប្រកួតរៀងៗខ្លួន ខណៈកីឡាករ ផាន់ គ្រាន់ បានត្រឹមស្មើ។
ក្រោយឆ្លងការប្រកួតយ៉ាងស្វិតស្វាញ៥ទឹកពេញ ចៅក្រមជនជាតិបារាំង បានកាត់ក្តីឲ្យម្ចាស់មេដាយមាសកីឡាស៊ីហ្គេមនៅម៉ាឡេស៊ី ឃីម ឌីម៉ា ឈ្នះកីឡាករម្ចាស់ផ្ទះ Vieira Brandon ដោយពិន្ទុ ដើម្បីគ្រងខ្សែក្រវាត់ប្រចាំព្រឹត្តិការណ៍ Rahu Fight ដែលរៀបចំនៅប្រទេសបារាំង។ តែយ៉ាងណា កីឡាករ ឃីម ឌីម៉ា មិនបានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយចំពោះជ័យជម្នះនេះទេ ដោយសារមិនពេញចិត្តចំពោះការវាយរបស់ខ្លួន ដែលឆាប់ចុះកម្លាំង។
នៅក្នុងទឹកទី១និងទី២ កីឡាករ ឃីម ឌីម៉ា ធ្វើបានយ៉ាងល្អតាមរយៈប្រើកែងចំគោលដៅទៅលើផ្ទៃមុខកីឡាករ Vieira Brandon ដែលព្យាយាមដើរចូលជាមួយការប្រើកណ្តាប់ដៃនិងជើងស្រាលៗ។ ឌីម៉ា បន្តធ្វើបានយ៉ាងល្អតាំងពីដើមទឹករហូតដល់ពាក់កណ្តាលទឹកទី៣ តែដោយសារការសម្រុកពីកីឡាករម្ចាស់ផ្ទះបានធ្វើឲ្យ ឌីម៉ា ធ្លាក់កម្លាំងយ៉ាងខ្លាំងនៅចុងទឹកទី៣ ក្រោយរងកណ្តាប់ដៃនិងចូលឱបឡើងជង្គង់របស់ Vieira Brandon។
ទោះបីយ៉ាងនេះក្តី ឌីម៉ា បានគ្រប់គ្រងស្ថានការណ៍យ៉ាងល្អនៅដើមទឹកទី៤ ជាមួយការប្រើកែងនៅលើកីឡាករម្ចាស់ផ្ទះ ដែលបន្តព្យាយាមចូលប្រើកណ្តាប់ដៃមកលើផ្ទៃមុខខ្លួន ដែលគ្មានឃុំបាំង។ តែយ៉ាងណា ឌីម៉ា នៅតែព្យាយាមប្រើកែង និងប្រឹងទប់ពីការបុករបស់កីឡាករម្ចាស់ផ្ទះរូបនេះ។ ក្រោយការឲ្យទឹក នៅទឹកទី៥ ឌីម៉ា ហាក់មានកម្លាំងឡើងវិញបន្តិច រូបគេប្រើកណ្តាប់ដៃ កែង និងជើងពេញទៅលើគូប្រកួត។ ប៉ុន្តែកីឡាករម្ចាស់ផ្ទះរូបនេះហាក់មិនថមថយកម្លាំងបន្តិចសោះ ដោយបន្តដើរចូល និងព្យាយាមប្រើកណ្តាប់ដៃដដែល។ ឌីម៉ា បានបន្តធ្វើបែបនេះរហូតចប់ទឹកទី៥ រហូតចៅក្រមសម្រេចឲ្យរូបគេឈ្នះពិន្ទុកីឡាករបារាំង។
សម្រាប់ការប្រកួតនៅលើទឹកដីបារាំងនេះដែរ កម្ពុជាបានបញ្ជូនកីឡាករ៤រូបឲ្យចូលរួម ជាលទ្ធផលកីឡាករ ម៉ឺន សុភា បានយកឈ្នះកីឡាករម្ចាស់ផ្ទះ Babovin Guillaume ដោយពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៣ទឹកនាជំនួបមិត្តភាពអន្តរជាតិ។ រីឯកីឡាករ ឡៅ ចន្ទ្រា បានយកឈ្នះកីឡាករ Kassem Yanis ដោយពិន្ទុដូចគ្នា។ ចំណែកកីឡាករ ផាន់ គ្រាន់ ក្រោយប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៣ទឹក ត្រូវបានចៅក្រមកាត់ក្តីឲ្យស្មើជាមួយកីឡាករម្ចាស់ផ្ទះ Monteiro Jeremy៕
Tag:
ប្រដាល់គុនខ្មែរ
ឃីម ឌីម៉ា
បារាំង
Rahu Fight
© រក្សាសិទ្ធិដោយ thmeythmey.com