FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកជំនាញ៖ រញ្ជួយដី៧វិនាទីនៅម៉ិកស៊ីកូ ដោយសារការអបអរគ្រាប់បញ្ចូលទីលើអាល្លឺម៉ង់
× រញ្ជួយដីកម្រិត៤.៣រិចទ័រ បានកើតឡើងក្រោយពេលអ្នកគាំទ្រក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ិកស៊ិកយ៉ាងច្រើនកុះករអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីលើក្រុមអាល្លឺម៉ង់ក្នុងការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមមកពីអាមេរិកឡាទីន ម៉ិកស៊ិកបានយកឈ្នះក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់ ១-០ យ៉ាងគួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងការប្រកួតបើកឆាកពូល F។
ក្រោយការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Harving Lazona នៅនាទី៣៥ នៅកីឡដ្ឋាន LuzhnikI Stadium ប្រទេសរុស្ស៊ី បានធ្វើឲ្យក្រុមអ្នកគាំទ្រនៅមុខអេក្រង់ផ្សាយបន្តផ្ទាល់ដ៏ធំនៅឯវិមានឯករាជ្យក្នុងក្រុងម៉ិកស៊ីកូ សប្បាយរីករាយយ៉ាងខ្លាំង ហើយបានលោតចុះឡើង ដោយនាំគ្នាគ្រវីទង់ជាតិ និងច្រៀងចម្រៀងភ្លេងប្រពៃណីដើម្បីអបអរគ្រាប់បាល់ក្រុមជម្រើសជាតិរបស់ពួកគេ។
វិទ្យាស្ថានស៊ើបអង្កេតភូមិសាស្ត្រ និងឧតុនិយម បាននិយាយថាឧបករណ៍ចាប់សញ្ញារញ្ជួយដីមានប្រតិកម្មយ៉ាងខ្លាំងនៅទីតាំងពីរកន្លែងនៅក្នុងរដ្ឋធានីម៉ិកស៊ីកូរយៈពេល៧វិនាទី បន្ទាប់ពីនាទីទី ៣៥ នៃការប្រកួតរវាងក្រុមទាំងពីរ។ ក្រុមអ្នកជំនាញ បានហៅហេតុការនោះថាជាការរញ្ជួយដី «សិប្បនិម្មិត» ដែលអាចបណ្តាលមកពី «ការលោតអបអររបស់អ្នកគាំទ្រម៉ិកស៊ិក»។
នេះជាបរាជ័យលើកដំបូងរបស់ក្រុមរហស្សនាមឥន្ទ្រីដែកក្នុងការប្រកួតបើកឆាក World Cup បើគិតចាប់តាំងពីអាល្លឺម៉ង់ខាងលិចចាញ់អាល់ហ្សេរីយ៉ានៅឆ្នាំ១៩៨២។ ជាមួយគ្នានេះ ខ្សែការពារម៉ិកស៊ិក Rafael Marquez បង្ហាញខ្លួននៅ World Cup លើកទី៥ ស្មើកីឡាករម៉ិកស៊ិកម្នាក់ទៀត គឺ Antonio Carbajal និងកីឡាករអាល្លឺម៉ង់ Lothar Matthaus។
ម៉ិកស៊ិក នឹងប្រកួតជើងទី២ទល់នឹងកូរ៉េខាងត្បូងនៅថ្ងៃទី២៣ ខែមិថុនា វេលាម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា) ខណៈអាល្លឺម៉ង់ត្រូវជួបស៊ុយអែត នៅថ្ងៃទី២៤ វេលាម៉ោង១អាធ្រាត្រ៕
Tag:
បាល់ទាត់
FIFA World Cup
GroupF
រញ្ជួយដី
ម៉ិកស៊ិក
© រក្សាសិទ្ធិដោយ thmeythmey.com