អន្តរជាតិ
ម៉ាសេដ្វាន ឯកភាពជាមួយក្រិកប្តូរឈ្មោះទៅ«ម៉ាសេដ្វានខាងជើង» ដើម្បីបញ្ចប់ជម្លោះជិត បីទសវត្សន៍ នាយករដ្ឋមន្ត្រីម៉ាសេដ្វាន និងនាយករដ្ឋមន្ត្រីក្រិក ក្រោយចុះកិច្ចព្រមព្រៀងប្រវត្តិសាស្ត្របញ្ចប់ជម្លោះរឿងឈ្មោះប្រទេស (រូបភាព៖ AFP)
× ចុងសប្តាហ៍នេះ រដ្ឋាភិបាលក្រុងស្កុបជេ បានឯកភាពជាមួយរដ្ឋាភិបាលក្រុងអាតែន ក្នុងការចុះកិច្ចព្រមព្រៀងមួយដើម្បីឈានទៅបញ្ចប់ជម្លោះរ៉ាំរ៉ៃជិតបីទសវត្សរ៍រឿងឈ្មោះប្រទេស។ តាមកិច្ចព្រមព្រៀងនេះប្រទេសម៉ាសេដ្វាន (Macedonia) ឯកភាពប្តូរឈ្មោះទៅជា ម៉ាសេដ្វានខាងជើង (North Macedonia) ដើម្បីកុំឲ្យច្រឡំនឹងទឹកដីមួយរបស់ក្រិកដែលមានឈ្មោះថា ម៉ាសេដ្វានដែរនោះ។
ក្នុងការចុះព្រមព្រៀងប្រវត្តិសាស្ត្រដើម្បីឈានទៅបញ្ចប់ជម្លោះនេះ មានការចូលរួមពីសំណាក់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរលោក អាឡិចស៊ីស ត្ស៊ីប្រាស (Alexis Tsipras) និងលោក សូរាន សាអេវ (Zoran Zaev) រួមជាមួយតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រមុខការបរទេសសហភាពអឺរ៉ុបលោកស្រី ហ្វឺដឺរីកា ម៉ូញ៉េរ៉េនី (Federica Mogherini) ផងដែរ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ហើយវានឹងត្រូវបញ្ចូនទៅកាន់សភាប្រទេសទាំងពីរដើម្បីបោះឆ្នោតអនុម័តដែរ។
តាមពិតទៅជម្លោះរឿងឈ្មោះនេះ វាកើតឡើងដោយសារក្រិកមានខេត្តមួយដែលឈ្មោះ ម៉ាសេដ្វានដែរ (Greek Macedonia) ដែលជាទឹកដីមានវប្បធម៌ អរីយធម៌ ភាសានិងទំនៀមទម្លាប់ពីយូរលង់ណាស់មកហើយ។ អ្វីដែលសំខាន់វាជាទឹកដីកំណើតរបស់ស្តេច អាឡិចហ្សាន់ឌ័រ ដឹកហ្ក្រេត (Alexander The Great) ផងដែរ។ ប្រជាជនក្រិកជានិច្ចជាកាលបានចោទប្រកាន់ថា ម៉ាសេដ្វាន ដែលសម្រេចយកឈ្មោះដូចគ្នានឹងខេត្តខ្លួននោះមានចេតនាមិនល្អឡើយ។
ក្នុងឆ្នាំ ១៩៩៤ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាខ្លាំង រដ្ឋាភិបាលក្រុងអាថែន បានសម្រេចដាក់ការហ៊ុមព័ទ្ធពាណិជ្ជកម្មប្រឆាំងក្រុងស្កូបជេ និងប្រកាសថា គោលនយោបាយរបស់រដ្ឋស្លាវ (Slavic State) មួយនេះកំពុងបង្កើតគ្រោះថ្នាក់ធំដល់ប្រទេសក្រិកផង។ ចាប់ពីពេលនោះមកប្រទេសជិតខាងទាំងពីរមើលមុខគ្នាមិនចំឡើយដោយសារតែឈ្មោះនេះ ហើយក្រិកតែងជំទាស់ការចរចាចូលជាសមាជិកបក្សសម្ព័ន្ធណាតូ និងសហភាពអឺរ៉ុបរបស់ម៉ាសេដ្វានជានិច្ច។
ត្រឡប់មកវិញ កិច្ចព្រមព្រៀងបឋមនេះមានគោលដៅ ប្តូរឈ្មោះរដ្ឋបាល់កង់ និងជាអតីតសាធារណរដ្ឋយូហ្គោស្លាវីម៉ាសេដ្វានទៅជា «សាធារណរដ្ឋម៉ាសេដ្វានខាងជើង» (Republic of North Macedonia) វិញ។ បើសិនជាសមាជិកសភាប្រទេសទាំងពីរព្រមផ្តល់សច្ចាប័នកិច្ចព្រមព្រៀងនេះ វាក៏នឹងអនុញ្ញាតឲ្យរដ្ឋម៉ាសេដ្វាននេះក្លាយជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ និងសហភាពអឺរ៉ុបដូចគ្នាដែរ។
ប៉ុន្តែនៅម៉ាសេដ្វាន វាតម្រូវឲ្យមានធ្វើប្រជាមតិមួយបន្ថែមពីការផ្តល់សច្ចាប័នរបស់សភា ដោយសារតែប្រទេសនេះចាំបាច់ត្រូវវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីឈានទៅប្តូរឈ្មោះប្រទេស។ គេចាំបាច់ត្រូវកែពាក្យយ៉ាងតិចណាស់ ១៥០ ដែរក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្នរបស់ម៉ាសេដ្វាន។
តាមពិតទៅ ម៉ាសេដ្វានប្រកាសឯករាជ្យពីយូហ្គោស្លាវីនៅឆ្នាំ ១៩៩១ ហើយចាប់ពីពេលនោះមកប្រទេសយ៉ាងតិចណាស់ ១៣០លើពិភពលោករួមទាំងអាមេរិក រុស្ស៊ី និងមហាអំណាចផ្សេងទៀតផងនោះទទួលស្គាល់ឈ្មោះ «អតីតសាធារណរដ្ឋយូហ្គោស្លាវី នៃម៉ាសេដ្វាន»។ ដូច្នេះហើយបានជាអ្នកនយោបាយដែលភាគច្រើនជាអ្នកអភិរក្សនោះទិតៀនរដ្ឋាភិបាលម៉ាសេដ្វានដែលព្រមចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រិក និងចោទថានាយករដ្ឋមន្ត្រីខ្លួនក្បត់ជាតិ។
-ចលនាបាតុកម្មផុសផុលទាំងសងខាងប្រឆាំងកិច្ចព្រមព្រៀងប្តូរឈ្មោះប្រទេស
ថ្វីបើប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិសាទរការសម្រេចបានជំហានប្រវត្តិសាស្ត្រក្នុងការឈានទៅបញ្ចប់ជម្លោះរវាងប្រទេសជិតខាងក៏ដោយ ប្រជាជន និងអ្នកនយោបាយជាពិសេសបក្សប្រឆាំងមាននិន្នាការជាតិនិយមតែងជំទាស់កិច្ចព្រមព្រៀងនេះ។ គេឃើញចលនាបាតុកម្មកើតឡើងងទាំងនៅម៉ាសេដ្វាន និងនៅប្រទេសក្រិកផង ដើម្បីប្រឆាំងនឹងការចុះកិច្ចព្រមព្រៀងនេះ។
និយាយទៅ ប្រជាជនក្រិកដែលជំទាស់កិច្ចព្រមព្រៀងនេះយល់ឃើញថា ទោះមានការកែប្រែឈ្មោះមែន តែវានៅតែមានពាក្យ «ម៉ាសេដ្វាន» ដដែល ហើយកិច្ចព្រមព្រៀងនេះក៏មានការទទួលស្គាល់ជនជាតិជនជាតិនិងភាសាជាផ្លូវការដែរ។ សម្រាប់ប្រជាជនក្រិក ម៉ាសេដ្វានមានតែមួយប៉ុណ្ណោះពោលគឺអាណាខេត្តរបស់ក្រិកដែលមានប្រវត្តិសាស្ត្រយូរអង្វែង ហើយវាក៏មិនត្រូវមាននៅទីណាផ្សេងទៀតដែរ។ ដូច្នេះការចរចាពាក់ព័ន្ធនឹងឈ្មោះនោះគឺ មិនចាំបាច់មានឡើយ។
ការចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលម៉ាសេដ្វាននេះស្ទើរតែធ្វើឲ្យនាយករដ្ឋមន្ត្រី អាឡិចស៊ីស ត្ស៊ីប្រាសអស់តំណែងទៅហើយកន្លងមក។ លោក ត្ស៊ីប្រាស ដែលទើបតែរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសភា កំពុងព្យាយាមទទូចឲ្យអ្នកនយោបាយក្នុងរដ្ឋាភិបាលចម្រុះរបស់លោកគាំទ្រកិច្ចព្រមព្រៀងបង្កើតសន្តិភាព និងយកអតីតកាលទុកមួយឡែកសិន។ អ្នកនយោបាយរូបនេះក៏ព្យាយាមការពារកិច្ចព្រមព្រៀងដែលលោក បង្កើតឡើងដែរដោយលោកអះអាងថា យ៉ាងហោចណាស់ រដ្ឋម៉ាសេដ្វាននឹងមានឈ្មោះថ្មីដែលកំណត់ពីទីតាំងភូមិសាស្ត្រច្បាស់លាស់មិនច្រឡំគ្នាគឺ «ម៉ាសេដ្វានខាងជើង»។
ចំណែក នៅម៉ាសេដ្វានវិញ ដូចបានបញ្ជាក់ខាងដើមស្រាប់ វាមានការចលនាជំទាស់កិច្ចព្រមព្រៀងនេះផុសផុលដែរដោយពួកគេប្រកាសថា ម៉ាសេដ្វានមិនត្រូវបោះបង់ឈ្មោះរបស់ខ្លួនឡើយ។ បើតាមរបាយការណ៍ស្ទង់មតិចុះផ្សាយក្នុងវិទ្យុអឺរ៉ុបសេរី (Radio Free Europe) ប្រជាជនម៉ាសេដ្វាន ៤៥ ភាគរយសុខចិត្តលះបង់សមាជិកភាពក្នុងសហភាពអឺរ៉ុប និងណាតូ ដើម្បីរក្សាឈ្មោះដើមរបស់ខ្លួនដែរ។
ក្រៅពីប្រជាជន និងអ្នកនយោបាយបក្សប្រឆាំង ប្រធានាធិបតីម៉ាសេដ្វានលោក ចច អ៊ីវ៉ានូវ (Gjorge Ivanov) បានប្រកាសហើយថា លោកមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដូចគ្នា។ ជារួម កិច្ចព្រមព្រៀងដែលនឹងអាចផ្តល់សច្ចាប័នដោយសភាម៉ាសេដ្វាននេះ នឹងត្រូវបញ្ជូនបន្តទៅការិយាល័យប្រធានាធិបតីដើម្បីចុះហត្ថលេខាដាក់អនុវត្ត។
ក្នុងករណីដែលប្រធានាធិបតីបដិសេធនោះ វានឹងត្រូវរុញត្រឡប់ទៅកាន់សភាវិញដើម្បីបោះឆ្នោតម្តងទៀត។ លើកនេះ បើសិនជាសភាម៉ាសេដ្វានបោះឆ្នោតផ្តល់សច្ចាប័នជាថ្មីទៀតបានជោគជ័យ ប្រធានាធិបតី អ៊ីវ៉ានូវ គ្មានអំណាចបដិសេធចុះហត្ថលេខាទៀតទេ។ ប៉ុន្តែគេមិនអាចទាយដឹងថា វានឹងទៅជាយ៉ាងណាឡើយ ប៉ុន្តែវាហាក់ដូចជាលំបាកបន្តិចហើយសម្រាប់នាយករដ្ឋមន្ត្រី សូរាន សាអេវ៕
Tag:
ម៉ាសេដ្វាន
ក្រិក
© រក្សាសិទ្ធិដោយ thmeythmey.com