អន្តរជាតិ
កូរ៉េខាងត្បូង ដាក់​គោលដៅ​បញ្ចប់សង្គ្រាម​ឧបទ្វីប​កូរ៉េ​ផ្លូវការ​ត្រឹម​ឆ្នាំ​២០១៨
18, Jun 2018 , 11:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាង ឃ្យុងវ៉ា (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាង ឃ្យុងវ៉ា (រូបភាព AFP)
​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា នៅ​ថ្ងៃទី​១៨ ខែមិថុនា និយាយថា កូរ៉េខាងត្បូង​ដាក់​គោលដៅ​ប្រកាស​បញ្ចប់សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ជា​ផ្លូវការ​នៅត្រឹម​ដំណាច់ឆ្នាំ​២០១៨ ។ លោកស្រី កាង អះអាង​ដែរ​ថា មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​បាន​ជជែក​គ្នា​រួចហើយ​លើ​បញ្ហា​នេះ​។ យ៉ាងណាមិញ កូរ៉េខាងត្បូង​នឹង​បត់បែន​ទៅតាម​ពេលវេលា​ជាក់លាក់​ក្នុងការ​បញ្ចប់សង្គ្រាម​បងប្អូន​នៅ​ឧបទ្វីប​កូរ៉េ​។​



​ការបញ្ចប់​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ជា​ផ្លូវការ គឺជា​ប្រធានបទ​សំខាន់​មួយ​បន្ទាប់ពី​ការរំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ កូរ៉េខាងត្បូង​ចង់​ឲ្យ​មានការ​ប្រកាស​បញ្ចប់សង្គ្រាម​នៅត្រឹម​ឆ្នាំ​២០១៨ នេះ ទោះជា​កាលបរិច្ឆេទ​ពិតប្រាកដ និង​បែបបទ​នៃ​ការបញ្ចប់​សង្គ្រាម​នេះ​អាច​ផ្លាស់ប្ដូរ​បាន​ក៏ដោយចុះ​។ នេះ​បើតាម​ការប្រកាស​របស់​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា ក្នុង​សន្ន​សីទ​សារព័ត៌មាន​ថ្ងៃទី​១៨ ខែមិថុនា​។​

​ដូច​ដឹង​ស្រាប់​ហើយ កូរ៉េ​ទាំងពីរ​ស្ថិតក្នុង​ស្ថានភាព​ធ្វើសង្គ្រាម​នឹង​គ្នា​នៅឡើយ​ទេ ទោះជា​សង្គ្រាម​ដ៏​បង្ហូរឈាម​១៩៥០-១៩៥៣ បានបញ្ចប់​ទៅ​ក្ដី​។ នេះ​ក៏​ព្រោះតែ​សង្គ្រាម​ត្រូវបាន​ផ្អាក​ក្រោម​យុទ្ធសន្តិភាព​ប៉ុណ្ណោះ មិនមែន​សន្ធិសញ្ញា​សន្តិ​ភាព​ឡើយ ដែលជា​បច្ចេកទេស​មាន​ន័យ​ថា កូរ៉េខាងជើង​កំពុង​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាងត្បូង​ដដែល​នៅ​ឆ្នាំ​២០១៨ នេះ​។​

​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ក៏មាន​ឆន្ទៈ​បញ្ចប់សង្គ្រាម​បងប្អូន​ឲ្យ​បាន​ឆាប់​ដែរ​។ ក្នុង​សេចក្ដីថ្លែងការណ៍​ប៉ាន់​មុន​ជុម ខែមេសា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​យល់ព្រម​ដោះស្រាយ​បញ្ហា​នេះ​។ ចំណែកឯ​លោក គីម ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី ក៏បាន​ឯកភាព​បង្កើត​សន្តិសុខ​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​ដែរ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោកស្រី កាង លើកឡើងថា ការបញ្ចប់​សង្គ្រាម​នេះ ជា​ច្រក​ទៅកាន់​សន្តិភាព​។​

​រដ្ឋបាល​លោក មូ​ន ចង់​ឲ្យ​មានការ​ប្រកាស​បញ្ចប់​ជម្លោះ​នេះ​នៅ​ថ្ងៃទី​២៧ ខែកក្កដា ដែលជា​ថ្ងៃ​រំឭក​ខួប​ការចុះ​យុទ្ធសន្តិភាព​កាលពី​ឆ្នាំ​១៩៥៣ ។ កាលនោះ មេទ័ព​អាមេរិក​បាន​ចុះហត្ថលេខា​ផ្អាក​សង្គ្រាម​ជាមួយ​មេទ័ព​កូរ៉េខាងជើង​ក្នុង​ពិធី​នៅឯ​ភូមិ​ប៉ាន់​មុន​ជុម ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​តំបន់​គ្មាន​កងទ័ព​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​ជា​ពីរ​។​

​ក្នុង​ដំណើរ​ទៅកាន់​សន្តិភាព លោកស្រី កាង បញ្ជាក់ថា ចិន​ក៏មាន​ចំណែក​ធំ​ដែរ​។ ប្រមុខ​ការទូត​កូរ៉េខាងត្បូង​អះអាងថា ចិន​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​ទាំងមូល ហើយ​កូរ៉េខាងត្បូង​នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ចិន​ដើម្បី​សម្រេច​ឲ្យ​បាន​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។ លើសពីនោះ ក្រុង​សេ​អ៊ូ​ល នឹង​បន្ត​តាមដាន​កិច្ចចរចា​ថ្នាក់ខ្ពស់​រវាង​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង ដែល​ធ្វើឡើង​ក្រោម​ក្របខណ្ឌ​កិច្ចព្រមព្រៀង​នៅ​សិង្ហ​បុរី​នោះ​៕


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  Kang Kyung-wha
© រក្សាសិទ្ធិដោយ thmeythmey.com