កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ជឿថាអាល្លឺម៉ង់ ប្រេស៊ីល អាហ្សង់ទីននៅតែខ្លាំង ទោះមិនល្អពេលបើកឆាក
× លោក Jose Mourinho មានអារម្មណ៍ភ្ញាក់ផ្អើយ៉ាងខ្លាំងសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨ ក្រោយពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ប្រេស៊ីល និងអាហ្សង់ទីនមិនអាចរកជ័យជម្នះក្នុងការប្រកួតបើកឆាក។ ប៉ុន្តែយ៉ាងណាអ្នកចាត់ការក្រុម Manchester United រំពឹងថាពួកគេនៅតែអាចបង្ហាញភាពខ្លាំង ទោះចាប់ផ្តើមមិនសូវល្អក៏ដោយ។
ក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់បានរងបរាជ័យ ១-០ ក្រោមថ្វៃជើងក្រុមម៉ិកស៊ិកសម្រាប់ការប្រកួតបើកឆាកពូល F ខណៈដែលប្រេស៊ីលទទួលបានត្រឹមស្មើ ១-១ ជាមួយស្វីសក្នុងពូល E មុនការប្រកួតដែលអាហ្សង់ទីនជាក្រុមរងជើងឯកកាលពីឆ្នាំ២០១៤ បានត្រឹមស្មើជាមួយក្រុមទើបស្គាល់ជាតិ World Cup លើកដំបូងអ៊ីស្លង់ក្នុងលទ្ធផល ១-១ សម្រាប់វគ្គសន្សំពិន្ទុពូល D។
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយដូច្នេះថា អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ វ័យ៥៤ឆ្នាំ ដែលកំពុងធ្វើជាអ្នកវិភាគឲ្យទូរទស្សន៍ RT សម្រាប់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកនៅរុស្ស៊ី បានបង្ហាញការរីករាយចំពោះលទ្ធផលនេះ ប៉ុន្តែនៅតែមើលឃើញថាក្រុមកំពូលទាំងនេះនៅតែឆ្លងផុតទៅវគ្គចែកពួលបាន។
«ពួកគេនៅតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងនាមក្រុមល្អបំផុតដើម្បីឈរនៅកំពូលតារាង ហើយឈានទៅវគ្គបន្ត។ ខ្ញុំគិតថាកីឡាករទាំងនោះដឹងថាតើពួកគេល្អប៉ុណ្ណាហើយ។ ពួកគេទាំងអស់គ្នាដឹងថាពួកគេនឹងធ្វើបានល្អនៅការប្រកួតក្រោយៗ»។
អាល្លឺម៉ង់ ត្រូវការឈ្នះដាច់ខាតពេលជួបស៊ុយអែតសម្រាប់ការប្រកួតវគ្គទី២ពូល F នៅថ្ងៃទី២៤ ខែមិថុនា ហើយសាំបាប្រេស៊ីលត្រូវបង្ហាញភាពខ្លាំងឡើងវិញក្នុងជំនួបជាមួយកូស្តារីកាក្នុងពូល E នៅថ្ងៃទី២២ (ម៉ោង៧យប់) ខណៈដែលអាហ្សង់ទីនក៏ត្រូវរកជ័យម្នះជាចាំបាច់ក្នុងការជួបគ្នាជាមួយក្រុមកំពុងនាំមុខក្នុងពូល D ក្រូអាស៊ី នៅថ្ងៃទី២២ ខែមិថុនា វេលាម៉ោង ១អាធ្រាត្រ (ម៉ោងនៅកម្ពុជា)៕
Tag:
បាល់ទាត់
FIFA World Cup
Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com