កីឡាជាតិ
ជាតិ
Sandra Hill ក្មួយ​ស្រី​លោក​ប្រាក់ សុវណ្ណារ៉ា នឹង​រួមចំណែក​បង្កើន​សមត្ថភាព​បាល់ទាត់​នារី​
19, Jun 2018 , 8:59 am        
រូបភាព
ប្រាក់ មុន្នីឧត្តម និង Sandra Hill ដែលប្អូន​ជីដូនមួយ និងជាក្មួយលោក​ប្រាក់ សុវណ្ណារ៉ា ទាំងពីរនាក់។ រូបថតហ្វេសប៊ុក Prak Monyudom
ប្រាក់ មុន្នីឧត្តម និង Sandra Hill ដែលប្អូន​ជីដូនមួយ និងជាក្មួយលោក​ប្រាក់ សុវណ្ណារ៉ា ទាំងពីរនាក់។ រូបថតហ្វេសប៊ុក Prak Monyudom
ដោយ:
កីឡាការិនី​បាល់ទាត់​ខ្មែរ​-​អូស្ត្រាលី Sandra Hill ក្មួយ​ស្រី​បង្កើត​របស់លោក ប្រាក់ សុវណ្ណារ៉ា នឹង​ជួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា នា​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF Woman’s Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ Sandra ជា​កីឡាការិនី​បាល់ទាត់​ជម្រើស​ប្រចាំ​សាកលវិទ្យាល័យ Grand Canyon នៅ​សហរដ្ឋអាមេរិក​។ លោក ប្រាក់ សុវណ្ណារ៉ា ជឿជាក់ថា វត្តមាន​របស់ Sandra នឹង​ជួយ​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​កាន់តែ​ល្អប្រសើរ​ជាង​មុខ​។



​លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុ​ជាមាន​សុទិដ្ឋិនិយម​ថា ការចូលរួម​របស់ Sandra Hill ដែលជា​កីឡាការិនី​បាល់ទាត់​ជម្រើស​ប្រចាំ​សាកលវិទ្យាល័យ Grand Canyon នៅ​អាមេរិក នឹង​ជួយ​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា មាន​ទម្រង់​លេង​កាន់តែ​ល្អ និង​រឹងមាំ​ជាង​មុន​។ ការជឿជាក់​បែបនេះ ដោយសារ Sandra ជា​ខ្សែការពារ​-​បម្រើ​ដ៏​ល្អ​មួយរូប​ដែល​ពោរពេញ​ដោយ​បទពិសោធ​ក្នុង​ការលេង​បាល់ទាត់​។​

«​ខ្ញុំ​និយាយ​នេះ​មិនមែន​មើលស្រាល​លើ​សមត្ថភាព​របស់​កីឡាការិនី​កម្ពុជា​នោះទេ Sandra នាង​លេង​ឲ្យ​ក្លិប​កម្រិត​ខ្ពស់​នៅ​អាមេរិក​ដែលជា​ប្រទេស​មានការ​រីកចម្រើន​ផ្នែក​បាល់ទាត់​នារី និង​ធ្លាប់​ឈ្នះ​ជើងឯក​ពិភពលោក​។ ដូច្នេះ​បើ​ប្រៀបធៀប​សមត្ថភាព​រប​ស់​នាង ជាមួយ​កីឡាការិនី​កម្ពុជា​អាចមាន​គ​ន្លាត​ឆ្ងាយ​ពីគ្នា​បន្តិច​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ប្រាក់ សុវណ្ណារ៉ា​។​



​ជាមួយគ្នានេះ កីឡាការិនី Sandra កូនបង្កើត​របស់​អ្នកស្រី ប្រាក់ ចិន្តា ត្រូវជា​បងស្រី​បង្កើត​របស់លោក សុវណ្ណារ៉ា មើលឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​យឺត​ផ្នែក​កីឡាបាល់ទាត់​នារី បើ​ធៀប​នឹង​សហរដ្ឋអាមេរិក ដែលមាន​ការរីកចម្រើន​ផ្នែក​វិស័យ​មួយ​នេះ​។ ប្អូនជីដូនមួយ​របស់​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម រូបនេះ​បាន​បន្តថា វត្តមាន​នៅលើ​ទឹកដី​កម្ពុជា​លើក​នេះ នឹង​នឹង​យក​បទពិសោធ​ដែល​ធ្លាប់​លេង​នៅ​អូស្ត្រាលី និង​សហរដ្ឋអាមេរិក​មក​ចែករំលែក​ដល់​កីឡាការិនី​កម្ពុជា ដើម្បី​ជា​ទុន​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​។​

​ការចូលរួម​ជាមួយ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​របស់​កីឡាការិនី​ខ្មែរ​-​អូស្ត្រាលី​លើក​នេះ តប​តាម​ការ​អ​ញ្ចើ​ញ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ អ្វីដែល​សំខាន់​ការចូលរួម​របស់ Sandra លើក​នេះ គឺ​បាន​បំពេញ​ក្តី​បំណង​របស់​អ្នកស្រី ប្រាក់ ចិន្តា ដែល​ចង់​ឲ្យ​កូនស្រី​ម្នាក់​ក្នុងចំណោម​៤​នាក់​មកលេង​ឲ្យ​កម្ពុជា​នាពេល​កន្លងមក​។ Sandra បាន​ចែករំលែក​បទពិសោធ​ថា ដើម្បី​ក្លាយជា​កីឡាការិនី​លេង​បាល់ទាត់​ដ៏​ពូកែ​ម្នាក់ ត្រូវខិតខំ​ហ្វឹកហាត់ និង​អនុវត្ត​លេង​ឲ្យ​បាន​ច្រើន ពិសេស​ព្យាយាម​ធ្វើ​បែបបទ​(Style)​តាម​អ្វីដែល​យើង​ចង់​ធ្វើ​។ 



​កីឡាការិនី Sandra Hill ជា​កូន​ទី​២​ក្នុង​គ្រួសារ​មាន​បងប្អូន​៤​នាក់ ហើយ​ក្នុងចំណោម​ពួកគេ​ទាំង​៤​សុទ្ធសឹង​ជា​កីឡាការិនី​បាល់ទាត់​។ តាមរយៈ​បាល់ទាត់​នេះ Sandra ទទួលបាន​អាហារូបករណ៍​១០០​ភាគរយ​ពី​សាកលវិទ្យាល័យ Grand Canyon ផ្នែក​វិស្វកម្ម​។ Sandra បាន​ចាក​ចេញពី​កម្ពុជា​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​តាំងពី​អាយុ​៤​ឆ្នាំ​។ នាង​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម Academy នៅ​អូស្ត្រាលី​ពេល​នាង​មាន​អាយុ​៨​ឆ្នាំ ពេលនោះ​បងស្រី​របស់​នាង​ក៏​ជា​កីឡាការិនី​បាល់ទាត់​ផងដែរ​។ តែ​បច្ចុប្បន្ន​នាង​កំពុង​សិក្សា​ផ្នែក​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុងប្រទេស​អូស្ត្រាលី​។      

​ទោះបី​មិន​រំពឹង​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ឬ​ផ្តាច់ព្រ័ត្រ លោក ប្រាក់ សុវណ្ណារ៉ា ដែល​ត្រូវជា​មា របស់​កីឡាការិនី​ខាងលើ​សង្ឃឹមថា ការចូលរួម​របស់ Sandra Hill នឹង​ជួយ​ឲ្យ​កម្ពុជា​ទ​ទទួលបាន​លទ្ធ​ផល​ល្អ សម្រាប់​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ AFF Woman’s Championship ដែល​រៀបចំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ចន្លោះ​ពីថ្ងៃ​ទី​៣០ មិថុនា ដល់​ថ្ងៃទី​១៣ កក្កដា ឆ្នាំ​២០១៨​។ សម្រាប់​ការប្រកួត​នេះ កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល A ជាមួយ​ថៃ អូស្ត្រាលី ម៉ាឡេស៊ី និង​ទី​ម័​រ​ខាងកើត​៕ 


Tag:
 បាល់ទាត់​
  ប្រាក់ សុវណ្ណារ៉ា​
  Sandra Hill
© រក្សាសិទ្ធិដោយ thmeythmey.com