អន្តរជាតិ
ថៃអាចនឹងរៀបចំបោះឆ្នោតថ្នាក់មូលដ្ឋាននៅខែឧសភាឆ្នាំក្រោយ រូបភាព៖ AFP
× ថៃនឹងរៀបចំការបោះឆ្នោតសភានៅខែកុម្ភៈឆ្នាំ ២០១៩ ខាងមុខ ហើយគេរំពឹងថា ការបោះឆ្នោតថ្នាក់មូលដ្ឋានអាចនឹងត្រូវរៀបចំនៅខែឧសភាផងដែរ។ បើតាមសេចក្តីព្រាងច្បាប់ថ្មី ការបោះឆ្នោតនេះធ្វើឡើងនៅក្រុងបាងកក, បាតាយ៉ា និងតាមខេត្តប៉ុណ្ណោះ ខណៈតំបន់រដ្ឋបាលផ្សេងទៀតរួមជាមួយស្រុកអាចនឹងត្រូវរៀបចំនៅពេលក្រោយទៀត។
សេចក្តីព្រាងច្បាប់ថ្មីមួយក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួនប្រាំមួយគ្រប់គ្រងការបោះឆ្នោតថ្នាក់មូលដ្ឋាននៅថៃដែលត្រូវបានរបបសឹកថៃរៀបចំនោះ នឹងត្រូវគេបញ្ជូនទៅកាន់សភានីតិបញ្ញត្តិដើម្បីជជែកដេញដោល និងអនុម័ត។ សភាថៃមានពេល ៦០ ថ្ងៃដើម្បីត្រួតពិនិត្យសេចក្តីព្រាងច្បាប់នេះ ហើយបើសិនជាមានការអនុម័តនោះ ច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់ព្រះមហាក្សត្រដើម្បីឡាយព្រហស្ថលេខាមុនប្រកាសឲ្យប្រើប្រាស។
សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ បានផ្សាយចុះផ្សាយថា អ្នកតាមដាននយោបាយថៃ បានវាយតម្លៃដោយផ្អែកលើសេចក្តីព្រាងច្បាប់ថ្មីនេះថា ការបោះឆ្នោតថ្នាក់មូលដ្ឋានអាចនឹងត្រូវរៀបចំឡើងនៅខែឧសភាឆ្នាំក្រោយ។ ច្បាប់ថ្មីនេះមាន ១៤១ ផ្នែក ដោយវាស្រដៀងខ្លាំងនឹងច្បាប់បោះឆ្នោតឆ្នាំ ២០០២ដែរ គ្រាន់តែមានបន្ថែមចំណុចថ្មីមួយចំនួនប៉ុណ្ណោះ។
កន្លងមកនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបានផ្តល់អនុសាសន៍ថា ការបោះឆ្នោតថ្នាក់មូលដ្ឋានគួរត្រូវរៀបចំយ៉ាងហោចណាស់ ៣ ខែក្រោយការបោះឆ្នោតសាកល។ ដូច្នេះហើយ ការបោះឆ្នោតនេះទំនងជានឹងត្រូវរៀបចំនៅខែឧសភាឆ្នាំក្រោយមែន បន្ទាប់ពីការបោះឆ្នោតសាកល។
គេរំពឹងថា ក្រុងបាងកក និងប៉ាតាយ៉ា រួមជាមួយរដ្ឋបាលថ្នាក់ខេត្តនានាទូទាំងប្រទេសថៃ នឹងស្គាល់ការបោះឆ្នោតជ្រើសរើសតំណាងមុនគេ។ ចំណែករដ្ឋបាលថ្នាក់តំបន់ (Tambon Administrative Organization) និងថ្នាក់ក្រុងផងនោះនឹងត្រូវរៀបចំនៅពេលដែលមណ្ឌលបោះឆ្នោតត្រូវរៀបចំឡើងវិញជាផ្លូវការហើយនោះ។
យ៉ាងណាក៏ដោយ មកដល់ពេលនេះច្បាប់ស្តីពីការបង្កើតក្រុង, រដ្ឋបាលគ្រប់គ្រងថ្នាក់តំបន់ និងរដ្ឋបាលគ្រប់គ្រងថ្នាក់ខេត្តមិនទាន់ត្រូវបានគេចងក្រងរួចរាល់នៅឡើយទេ សម្រាប់ក្រុងប៉ាតាយ៉ា និងបាងកកនោះ៕
Tag:
ថៃ
បោះឆ្នោតថ្នាក់មូលដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com