ជាតិ
អ្នកបើករថយន្តបុកសម្ដេចក្រុមព្រះ ត្រូវបានតុលាការសម្រេចឃុំខ្លួនទាំងនៅក្នុងមន្ទីរពេទ្យ
× ខេត្តព្រះសីហនុ៖ អ្នករត់តាក់ស៊ី ដែលបង្កគ្រោះថ្នាក់ដល់សម្ដេចក្រុមព្រះ និងអ្នកម្នាង ព្រមជាមួយអ្នករួមដំណើរ៤នាក់ផ្សេងទៀត ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការខេត្តព្រះសីហនុ ចេញដីការឃុំខ្លួនបណ្ដោះអាសន្ន។ ការឃុំខ្លួននេះត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យ ដោយសារតែជនបង្ក កំពុងមានរបួសធ្ងន់ ដែលត្រូវការការព្យាបាលពីគ្រូពេទ្យ។
លោក ម៉ិល សារ៉េត អ្នកបើករថយន្តតាក់ស៊ី ដែលបានបង្កគ្រោះថ្នាក់ដល់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យរងរបួស និងអ្នកម្នាង អ៊ុក ផល្លា ឲ្យបាត់បង់ជីវិត ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការក្រុងព្រះសីហនុ លោក ប្លុង វិសាល សម្រេចឃុំខ្លួនបណ្ដោះអាសន្ន បើទោះជាពេលនេះអ្នករត់តាក់ស៊ីខាងលើ កំពុងព្យាបាលនៅមន្ទីរពេទ្យក៏ដោយ។ ជនបង្កហេតុខាងលើ មិនត្រឹមតែធ្វើឲ្យអ្នកម្នាងបាត់បង់ជីវិត និងសម្ដេចក្រុមព្រះរងរបួសនោះទេ តែក៏បានធ្វើឲ្យពលរដ្ឋក្នុងរថយន្ត៤នាក់ផ្សេងទៀត រងរបួសធ្ងន់និងស្រាលផងដែរ។
គេសង្កេតឃើញ ជើងរបស់ជនបង្កហេតុនោះ ត្រូវបានដាក់ខ្នោះ។ លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា មានសមត្ថកិច្ចមួយចំនួន នៅចាំឃ្លាំមើលជនបង្កហេតុនោះ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
ការប្រកាសឃុំខ្លួននេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ដោយមានវត្តមានជនបង្កទាំងស្ថានភាពសន្លប់ នៅក្នុងបន្ទប់សវនាកាល នៃតុលាការខេត្តព្រះសីហនុផ្ទាល់។ យ៉ាងណា នីតិវិធីនៃការស៊ើបសួររបស់តុលាការ នៅមិនទាន់បញ្ចប់នៅឡើយទេ ដោយត្រូវរង់ចាំការវិវឌ្ឍនៃស្ថានភាពជនបង្ក ជាបន្តទៀត។
សូមបញ្ជាក់ថា លោក ម៉ិល សារ៉េត អ្នកបើរថយន្តតាក់ស៊ី បានបង្កគ្រោះថ្នាក់ដល់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យរងរបួស និងបានបណ្ដាលឲ្យអ្នកម្នាងរបស់ព្រះអង្គ បាត់បង់ជីវិត ព្រមទាំងបណ្ដាលឲ្យប្រជាពលរដ្ឋ៤នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាលផងដែរ។ ហេតុការណ៍នេះ បានលើតឡើងនៅម៉ោងជិត១០ព្រឹក នៅចន្លោះគីឡូម៉ែត្រលេខ២០០ និង២០១ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨៕
Tag:
សម្ដេចក្រុមព្រះ
អ្នកម្នាងអ៊ុកផល្លា
គ្រោះថ្នាក់ចរាចរណ៍
រត់តាក់ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com