អន្តរជាតិ
លោក គីម ជុងអ៊ុន ទៅជួបលោក ស៊ី ជិនភីង ជាលើកទីបីដើម្បីរាយការណ៍ពីជំនួបជាមួយលោក ដូណាល់ ត្រាំ លោក គីម ជុងអ៊ុន ចាប់ដៃលោក ស៊ី ជិនភីង ក្នុងជំនួបខែមីនា (រូបភាព Xinhua)
× នៅថ្ងៃទី១៩ ខែមិថុនា មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅដល់រដ្ឋធានីប៉េកាំងជាលើកទីពីរក្នុងដំណើរទស្សនកិច្ចពីរថ្ងៃ។ លោក គីម នឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ដើម្បីពន្យល់លទ្ធផលនៃជំនួបរវាងលោក និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសិង្ហបុរីកាលពីសប្ដាហ៍មុន។ ទស្សនកិច្ចនេះបង្ហាញពីទំនាក់ទំនងស្អិតល្មួតចិន-កូរ៉េខាងជើង ចំពេលដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េប្រែប្រួលជាវិជ្ជមាននោះ។
លោក គីម ជុងអ៊ុន ប្រធានបក្សពលករកូរ៉េ និងជាប្រធានគណៈកម្មការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតកូរ៉េ នឹងធ្វើទស្សនកិច្ចនៅទឹកដីចិនចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា។ នេះបើយោងតាមការផ្សាយដ៏ខ្លីមួយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។ នេះជាលើកទីបីហើយ ដែលប្រមុខដឹកនាំកូរ៉េខាងជើងធ្វើទស្សនកិច្ចនៅចិន ហើយក៏ជារឿងប្លែកដែលថ្នាក់ដឹកនាំកំពូលប្រទេសមួយនេះធ្វើដំណើរទៅបរទេសញឹកញាប់មែនទែន។
ដូចលើកទីពីរដែរ លោក គីម បានជិះយន្តហោះទៅកាន់ក្រុងប៉េកាំង មិនមែនរថភ្លើងឡើយ។ សារព័ត៌មានជប៉ុន Nikkei Review ផ្សាយថា យន្តហោះកូរ៉េខាងជើងបានចុះចតនៅព្រលានយន្តហោះក្រុងប៉េកាំងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ដោយមានការយាមកាមយ៉ាងតឹងរ៉ឹង។
ទោះជាប្រព័ន្ធផ្សព្វផ្សាយចិនមិនបញ្ជាក់ព័ត៌មានលម្អិតក្ដី គោលដៅធំរបស់លោក គីម ប្រាកដជាទៅជួបប្រធានាធិបតីចិន ស៊ី ជិនភីង មិនខាន ហើយលោក គីម ក៏នឹងរាយការណ៍ពីលទ្ធផលជំនួបនៅសិង្ហបុរីផង។ នេះជាជំនួបលើកទីបីរវាងមេដឹកនាំសម្ព័ន្ធមិត្តទាំងពីរ ដោយលើកទីមួយធ្វើឡើងក្នុងខែមីនា មុនជំនួបមេដឹកនាំអន្តរកូរ៉េ និងលើកទីពីរក្នុងខែឧសភា មុនលោក គីម ធ្វើដំណើរទៅជួបលោក ដូណាល់ ត្រាំ នៅសិង្ហបុរី។
តាមពិតទៅ ចិនក្លាយជាគោលដៅនៃដំណើរទស្សនកិច្ចរបស់លោក គីម ចាប់តាំងពីការផ្លាស់ប្ដូរស្ថានការណ៍នៅឧបទ្វីបកូរ៉េ។ វាក៏បង្ហាញថា ចិនក្លាយជាបង្អែករឹងមាំរបស់កូរ៉េខាងជើងដែលកំពុងចរចាជាមួយអាមេរិកជុំវិញសំណុំរឿងរំសាយនុយក្លេអ៊ែរទៀតផង។ លើសពីនោះ វាក៏ជាសញ្ញាប្រាប់ថា ចិនគឺជាតួអង្គសំខាន់មិនអាចខ្វះបាននៅពេលគេចង់ដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ ហើយរឹតតែបើជាបញ្ហាជាប់ពាក់ព័ន្ធកូរ៉េខាងជើងនោះ។
នៅជំនួបទ្វេភាគីនៅសិង្ហបុរី លោក គីម និងលោក ត្រាំ ឯកភាពគ្នាលុបបំបាត់នុយក្លេអ៊ែរ និងស្វែងរកសន្តិភាពយូរអង្វែងសម្រាប់ឧបទ្វីបកូរ៉េ។ បញ្ហាទាំងពីរសុទ្ធតែត្រូវការកិច្ចសហប្រតិបត្តិការពីចិន បើពុំដូច្នោះពិបាកនឹងស្វែងរកច្រកចេញណាស់។ កូរ៉េខាងត្បូងឯណោះក៏ទទួលបានស្គាល់តួនាទីរបស់ចិនក្នុងដំណើរឆ្ពោះទៅកាន់សន្តិភាពនេះដែរ៕
Tag:
កូរ៉េខាងជើង
ចិន
គីម ជុងអ៊ុន
ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com