FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ពលរដ្ឋអ៊ីស្លង់៩៩.៦ភាគរយមើលជំនួប World Cup រវាងក្រុមខ្លួនជាមួយអាហ្សង់ទីន
× ប្រជាពលរដ្ឋអ៊ីស្លង់ ៩៩.៦ភាគរយ បានទស្សនាការប្រកួត ពានរង្វាន់កីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី នាជំនួបបើកឆាករវាងក្រុមជម្រើសជាតិខ្លួនទល់នឹងអាហ្សង់ទីន តាមរយៈកញ្ចក់ទូរទស្សន៍ ហើយ ០.៤ភាគរយទៀតគឺគាំទ្រនៅទីលានតែម្តង។
ប្រទេសអ៊ីស្លង់ដែលមានផ្ទៃដីជាង១ពាន់ម៉ែត្រក្រឡា និងមានប្រជាជនសរុបប្រមាណ ៣៥០៧១០នាក់ ជាក្រុមមកពីតំបន់អឺរ៉ុបដែលបានកៅអីទៅ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសដ៏តូចមួយនេះ។
ក្នុងការប្រកួតបើកឆាកពូល G ក្រុមជម្រើសជាតិអ៊ីស្លង់ បានបង្ហាញសមត្ថភាពដ៏គួរឲ្យភ្ញាក់ផ្អើលតាមរយៈការទប់ស្មើក្នុងលទ្ធផល ១-១ ជាមួយអាហ្សង់ទីនដែលជាក្រុមកំពូលមួយនៅលើពិភពលោក។ កីឡាករអ៊ីស្លង់ធ្វើបានយ៉ាងល្អក្នុងការរារាំងឱកាសមាសរបស់អាហ្សង់ទីន ជាពិសេសការវាយលុករបស់ Lionel Messi ព្រមទាំងរារាំង យ៉ាងល្អពីសំណាក់អ្នកចាំទីអ៊ីស្លង់ Hannes Halldorsson ពីការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់តារាឆ្នើម Barcelona នេះទៀតផង។
ស្របពេលបង្ហាញទម្រង់លេងដ៏អស្ចារ្យនេះ សហព័ន្ទកីឡាបាល់ទាត់អ៊ីស្លង់ (KSI) តាមរយៈការបង្ហោះសារលើបណ្តាញសង្គម Twitter ផ្លូវការណ៍របស់ខ្លួន បានបញ្ចេញស្ថិតិអ្នកទស្សនាការប្រកួតនេះរបស់ប្រជាជនខ្លួនថាមានរហូតដល់ទៅ ៩៩.៦ភាគរយឯណោះ ពោលគឺស្ទើពេញផ្ទៃប្រទេសទៅហើយ។ តួលេខនេះ បញ្ជាក់ថាប្រជាជនអ៊ីស្លង់ពិតជាគាំទ្រក្រុមជម្រើសជាតិខ្លួនលើសលុប។
ក្រុមដែលមានគ្រូបង្វឹកជាអតីតពេទ្យធ្មេញលោក Heimir Hallgrimsson ក៏ធ្លាប់នាំអ៊ីស្លង់ធ្វើព្យុះភ្លៀងនៅ Euro 2016 ដែលបារាំងធ្វើជាម្ចាស់ផ្ទះរួចមកហើយ ដោយអាចឆ្លងផុតវគ្គចែកពូល និងទម្លាក់ក្រុមខ្លាំងអង់គ្លេសត្រឹមវគ្គ១៦ក្រុមចុងក្រោយដ៏គួរឲ្យភ្ញាក់ផ្អើលទៀតផង។
អ៊ីស្លង់នឹងត្រូវតទល់ជាមួយនីហ្សេរីយ៉ាសម្រាប់ការប្រកួតជើងទី២ វគ្គសន្សំពិន្ទុតាមពូល នៅថ្ងៃទី២២ ខែមិថុនា វេលាម៉ោង ១០យប់(ម៉ោងនៅកម្ពុជា) មុនប៉ះក្រូអាស៊ីនាជំនួបចុងក្រោយ។ ក្នុងពូល D នេះ ក្រូអាស៊ីមាន៣ពិន្ទុនាំមុខគេក្នុងតារាង តាមពីក្រោយដោយអាហ្សង់ទីន អ៊ីស្លង់ និងនីហ្សេរីយ៉ា៕
Tag:
បាល់ទាត់
FIFA World Cup
អ៊ីស្លង់
© រក្សាសិទ្ធិដោយ thmeythmey.com