អន្តរជាតិ
លោក ត្រាំ ថា ការបំបែកបំបាក់​ក្រុមគ្រួសារ​នៅ​ព្រំដែន​ជា​រឿង​អកុសល ប៉ុន្តែ​លោក​នៅតែ​រក្សា​គោលនយោបាយ​នេះ​
19, Jun 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​បាន​មានប្រសាសន៍ថា ការ​បំបែក​កូនៗ​ចេញពី​ឪពុកម្តាយ​របស់​ពួកគេ​ដែល​ព្យាយាម​ចូលមក​កាន់​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់​គឺជា​រឿង​អកុសល ប៉ុន្តែ​លោក​មិន​បង្ហាញ​សញ្ញា​ផ្លាស់ប្ដូរ​គោលនយោបាយរ​បស់​លោក​នោះទេ​។



​លោក ត្រាំ បាន​និយាយថា «​ប្រទេសមួយ​ដែល​គ្មាន​ព្រំដែន​មិនមែនជា​ប្រទេស​នោះទេ​។ យើង​ចង់​ឲ្យ​មាន​សុវត្ថិភាព​និង​សន្តិសុខសម្រាប់​ប្រទេស​របស់​យើង ហើយ​យើង​ត្រូវ​ចាប់ផ្តើម​ពី​ព្រំ​ដែ​ន‍​»​។​

​មេដឹកនាំ​កំពូល​របស់​អាមេរិក​រូ​ប​នេះ​បាន​និយាយថា អាមេរិក​មិន​ចង់​ឲ្យ​មាន​ជំរំ​ជនភៀសខ្លួន​ឬ​ទីតាំង​សម្រាប់​ដាក់​ជនភៀសខ្លួន​នោះទេ​។​លោក​បានប្រកាសថា នឹងមិន​មាន​ជំរំ​ភៀសខ្លួន​ក្នុង​អាណត្តិ​របស់លោក​ជា​ប្រធានាធិបតី​នោះទេ​។​

​លោក​ត្រាំ បាន​បន្ទោស​សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​ភាពជាប់គាំង​ទៅលើ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​អាមេរិក បើទោះបីជា​គណបក្ស​សាធារណរដ្ឋ​របស់លោក ត្រាំ ទៅវិញ​ទេ​ដែលជា​អ្នកត្រួតត្រា​លើ​សភា​ទាំងពីរ​ជាន់ថ្នាក់ ហើយ​គោលនយោបាយ​បំបែក​ក្រុមគ្រួសារ​នៅ​ព្រំដែន​ត្រូវបាន​កំណត់ដោយ​រដ្ឋបាល​របស់លោក​ផ្ទាល់​។​

​លោក ត្រាំ បាន​ថ្លែង​ដូច្នេះ​នៅឯ​សេត​វិមាន ខណៈដែល​សមាជិកសភា​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​និយាយ​វាយប្រហារ​លោក​និង​រដ្ឋបាល​របស់លោក ចំពោះ​ការអនុវត្ត​ច្បាប់​តឹងរ៉ឹង​នៅ​ព្រំដែន ដែល​បាន​បណ្តាល​ឲ្យ​ក្រុមគ្រួសារ​បែកបាក់​គ្នា ហើយ​កុមារ​ជិត​២០០០​នាក់​កំពុង​ត្រូវបាន​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​ឃុំឃាំង​ធំៗ​ឬ​កន្លែង​មើលថែរក្សា​កុមារ​ចាប់ពី​ពាក់កណ្តាល​ខែមេសា រហូតដល់​ចុងខែ​ឧសភា​។​

​ភរិយា​លោក ត្រាំ គឺ​លោកស្រី Melania Trump បានធ្វើ​សេចក្តីថ្លែងការណ៍​សាធារណៈ​ដ៏​កម្រ​មួយ​តាមរយៈ​អ្នកនាំពាក្យ​របស់លោក​ស្រី​កាលពី​ថ្ងៃអាទិត្យ​ថា លោកស្រី «​ស្អប់​មិន​ចង់ឃើញ​កុមារ​ត្រូវបាន​បំបែកបំបាក់​ពី​ក្រុមគ្រួសារ​របស់​ពួកគេ​ទេ ហើយ​លោកស្រី​សង្ឃឹមថា ភាគី​នយោបាយ​ទាំងសងខាង​អាច​ឯកភាពគ្នា​ទៅលើ​កំណែទម្រង់​អន្តោប្រវេសន៍​ដ៏​ជោគជ័យ​មួយ​។ លោកស្រី​ជឿថា យើង​ត្រូវការ​ប្រទេសមួយ​ដែល​អនុវត្ត​ទៅតាម​ច្បាប់ ប៉ុន្តែ​យើង​ក៏​ត្រូវការ​ប្រទេសមួយ​ដែល​ដឹកនាំ​ដោយ​ទឹក​ចិត្តល្អ​ផងដែ​រ‍​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com