អន្តរជាតិ
ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ប្តូរ​ឈ្មោះ​តៃវ៉ាន់​ទៅ «​ចិន​-​តៃវ៉ាន់​»​លើ​គេហទំព័រ​ខ្លួន ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ក្តៅក្រហាយ​
19, Jun 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ធំៗ​ចំនួន​ពីរ​បានសម្រេច​ប្តូរ​ពី​ឈ្មោះ​តៃវ៉ាន់​ទៅ «​ចិន​-​តៃវ៉ាន់​» ក្នុង​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​ដែលជា​ភាសា​ចិន​។ ការសម្រេច​ប្តូរ​ឈ្មោះ​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​សប្បាយចិត្ត ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ក្តៅក្រហាយ​ខ្លាំង​ដែរ​។



​ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​សេវា​របស់​អតិថិជន ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ធំៗ​ពីរ​មាន ANA និង ក្រុមហ៊ុន JAL បានសម្រេច​ប្តូរ​ឈ្មោះ តៃវ៉ាន់ ទៅជា​ចិន​-​តៃវ៉ាន់ វិញ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​មន្ត្រី​ប្រចាំ​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​បាន​អះអាងថា ការប្តូរឈ្មោះ​នេះ ធ្វើឡើង​តាមរយៈ​ការសម្រេចចិត្ត​កាលពី​ថ្ងៃ ១២ ខែមិថុនា​កន្លងមក​។ អ្នកតាមដាន​យល់ថា ការសម្រេច​ប្តូរ​ឈ្មោះ​នេះ​ទំនងជា​ធ្វើ​ឲ្យ​មហាអំណាច​ចិន​សប្បាយ​យ​ចិត្ត ហើយក៏​ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ខឹងសម្បារ​ផងដែរ​។

​អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរ​ណ័ JAL បាន​ថ្លែង​ដូច្នេះ​ថា​៖«​យើង​បានសម្រេច​ប្តូរ​ឈ្មោះ ក្រោយ​ប្រឹក្សា និង​ផ្តល់ដំណឹង​ដល់​ក្រសួង​ការដឹកជញ្ជូន និង​ក្រសួងការបរទេស​រួច​រាល់​។ ការសម្រេច​នេះ​ធ្វើឡើង​នៅ​ថ្ងៃ ១២​មិថុនា ហើយ​យើង​ក៏​ចាប់ផ្តើម​ដំណើរការ​បន្ទាប់មក​នោះ​។ អ្វីដែល​យើង​ធ្វើ​គឺ​ជ្រើសរើស​ការ​ពិពណ៌នា​ដែល​ងាយស្រួល​យក និង​អាច​ទទួលយក​បានសម្រេច​អតិថិជន​ដែល​ប្រើប្រាស់​គេហទំព័រ​យើង​»​។​

ខាង​ក្រុមហ៊ុន ANA ក៏​អះអាង​ដូចគ្នា​ថា ការប្តូរឈ្មោះ​វា​គ្មានអ្វី​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​ឬ​ការទូត​អ្វី​ទេ ប៉ុន្តែ​វា​ជាការ​សម្រួល​ដល់​ការប្រើប្រាស់​របស់​អតិថិជន​ទាំងអស់​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​អាកាសចរណ៍​ទាំងពីរ​បាន​បញ្ជា​ក់ថាមក​ដល់ពេលនេះ ខ្លួន​មិនទាន់​បានទទួល​លិខិតតវ៉ា​ពី​ខាង​ភាគី​តៃវ៉ាន់​ឡើយ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន NHK ផ្សាយ​ថា ក្រសួងការបរទេស​តៃវ៉ាន់​នឹង​ចេញ​លិខិតតវ៉ា​មួយ​តាមរយៈ​បេសកកម្ម​ការទូត​ក្រុង​តៃប៉ិ​កនៅ​ជប៉ុន​ផង​នៅពេល​ខាងមុខ​ជុំវិញ​ការប្តូរឈ្មោះ​នេះ​។​

​តាមពិតទៅ ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​មិនមែនជា​ក្រុមហ៊ុន​ទីមួយ​ដែល​ប្តូរ​ឈ្មោះ​ឡើយ​។ ដើមខែ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​អូស្ត្រាលី Qantas បានសម្រេច​ដាក់​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​ថែមទៀត ។ ការសម្រេច​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​នេះ ទំនងជា​ឆ្លើយតប​នឹង​ការស្នើសុំ​របស់​ភ្នាក់ងារ​អាកាសចរណ៍រ​ដ្ឋ​ចិន​កាលពី​ខែមេសា ដែល​ចង់​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស ៣៦ អនុវត្តតាម​ស្តង់ដារ​របស់ខ្លួន​ដែល​ចាត់ទុក​ហុងកុង ម៉ា​កាវ  និង​តៃវ៉ាន់​ជា​ទឹកដី​របស់​ចិន​។​

​ជាទូទៅ​ជប៉ុន​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជិតស្និទ្ធ​ជាមួយ​កោះ​តៃវ៉ាន់ ប៉ុន្តែ​ប្រទេស​នេះ​នៅ​ទទួលស្គាល់​គោលនយោបាយ​ចិន​តែមួយ​ដែល​កំណត់ថា កោះ​តៃវ៉ាន់​ជា​ដែនដី​របស់​ចិន​។ ចុងក្រោយ ទំនាក់ទំនង​រវាង​ជប៉ុន​ជាមួយ​ចិន ហាក់​កាន់តែ​ប្រសើរឡើង បើទោះជា​ជម្លោះ​ដែន​កោះ​ឌៀវ​យូ ឬ​កោះ​សេន​កា​គូ​នោះ​មិនទាន់​អាច​ដោះស្រាយបាន​ក៏ដោយ​៕



Tag:
 ចិន​
  តៃវ៉ាន​
  ក្រុមហ៊ុន​អាកាសចរណ៍​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com