ជាតិ
កាសែត​វៀតណាម​៖ សមាគម​វៀតណាម​នៅ​កម្ពុជា ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​
19, Jun 2018 , 5:03 pm        
រូបភាព
លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាម បង្ហាញត្រាថ្មី និងលក្ខន្តិករបស់សមាគមដល់ក្រុមប្រឹក្សាភិបាលរបស់ខ្លួន។ រូបពី Vietnam Plus
លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាម បង្ហាញត្រាថ្មី និងលក្ខន្តិករបស់សមាគមដល់ក្រុមប្រឹក្សាភិបាលរបស់ខ្លួន។ រូបពី Vietnam Plus
ដោយ: ថ្មីៗ
​សារព័ត៌មាន​វៀតណាម​មួយ​ឈ្មោះ Vietnam Plus  បាន​ចុះផ្សាយ​ថា សមាគម​ខ្មែរ​-​វៀតណាម  (KVA) ដែលមាន​ការិយាល័យ​គ្រប់​រាជធានី​-​ខេត្ត ក្នុងប្រទេស​កម្ពុជា ត្រូវបាន​ក្រសួងមហាផ្ទៃ យល់ព្រម​ចុះបញ្ជី​ឲ្យ​ជា​ផ្លូវការ​។ សារព័ត៌មាន​នេះ បាន​ឲ្យ​ដឹងថា ក្រោយ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ សមាគម​វៀតណាម នឹង​អាច​ដំណើរការ​ដោយ​ស្របទៅតាម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​។



​សារព័ត៌មាន​ខាងលើ បាន​យក​ប្រការ​មួយ​ក្នុង​លក្ខន្តិក​របស់​សមាគម​វៀតណាម ទៅ​ចុះផ្សាយ​ថា សមាគម​វៀតណាម មានបំណង​ប្រមូលផ្តុំ​ជនជាតិ​វៀតណាម ដែលមាន​សញ្ញា​តិ​ខ្មែរ រួមទាំង​ជនជាតិ​វៀតណាម​ដទៃទៀត ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា ហើយនឹង​ជួយ​ជ្រោមជ្រែង​ពួកគេ ទាំង​ផ្នែក​ស្មារតី​និង​សម្ភារៈ​ផ្សេងៗ​។ ប្រភព​ខាងលើ បន្តថា សមាគម​នេះ នឹង​ជួយ​ចូលរួម​ផ្សព្វផ្សាយ​ពី​ប្រពៃណី​ខ្មែរ និង​ច្បាប់​របស់​ប្រទេស​កម្ពុជា ហើយ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ​ការងារ​មនុស្សធម៌​។

«​សមាគម​វៀតណាម គ្មាន​ការរើសអើង​ពូជសាសន៍ និង​សាសនា​នោះទេ ដោយ​គ្រាន់តែ​ចង់​ផ្តល់​ផលប្រយោជន៍​ដល់​សមាជិក​របស់ខ្លួន​ប៉ុណ្ណោះ​»​។ នេះ​គឺជា​សម្តី​របស់លោក Chau Van Chi ប្រធាន​សមាគម​វៀតណាម ដែល​ត្រូវបាន​សារព័ត៌មាន Vietnam Plus ស្រង់​យកទៅ​ចុះផ្សាយ​។ 

​យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មិន​អាចធ្វើ​អត្ថាធិប្បាយ​បានទេ ជុំវិញ​ការចុះបញ្ជី​ឲ្យ​សមាគម​វៀតណាម ដោយ​លោក​បកស្រាយ​ថា មិនទាន់​ទទួលបាន​ព័ត៌មាន​នេះ​ច្បាស់លាស់​។

​ចំណែក​លោក ប៊ុន ហុន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក៏​មិនទាន់​ដឹង​ច្បាស់​ដូចគ្នា ចំពោះ​ព័ត៌មាន​នេះ​។ លោក​ប្រាប់ថា ទាល់តែ​លោក ពិនិត្យ​និង​ស្វែង​រកមើល​ឈ្មោះ​សមាគម​នេះ​ក្នុង​បញ្ជី​ជាមុនសិន ទើប​អាច​បញ្ជាក់បាន​ថា ពិតជា​ត្រូវបាន​ចុះបញ្ជី​មែនឬ​យ៉ាងណា​។

​ទោះជា​មិនទាន់​អាច​បញ្ជាក់បាន​ក្តី ប៉ុន្តែ អនុរដ្ឋលេខាធិការ ដែល​ជំនាញ​ផ្នែក​ច្បាប់​រូបនេះ បាន​បកស្រាយ​ជាទូទៅ​ថា ការចុះបញ្ជី​សមាគម គឺជា​រឿង​ធម្មតា ដោយ​គ្មាន​អ្វីដែល​ត្រូវ​ព្រួយបារម្ភ​នោះទេ​។ លោក សង្កត់ធ្ងន់ថា រឿង​ដែល​សំខាន់ គឺ​សមាគម​នីមួយៗ មាន​លក្ខន្តិក ហើយ​ត្រូវបាន​បង្កើតឡើង​ដោយ​ត្រឹមត្រូវ​ទៅតាម​ច្បាប់​។

​លោក ប៊ុន ហុន ដែល​ធ្លាប់​ធ្វើជា​ប្រធាន​គណៈមេធាវី​កម្ពុជា បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​អត់​មាន​បញ្ហា​អ្វី​ទេ ព្រោះ​ឥឡូវ​យើង​មាន​សមាគម​គរគោក​ហ្នឹង​។ សំខាន់ ថា​តើ​សមាគម​នីមួយៗ បង្កើតឡើង​ត្រឹមត្រូវ​តាមច្បាប់​ឬទេ ហើយ​មាន​គោលបំណង​អី្វ​?  បើ​គេ គោរព​ច្បាប់ គោរព​រដ្ឋធម្មនុញ្ញ​យើង ហើយ​ធ្វើតាម​លក្ខខណ្ឌ​យើង យើង​ចុះបញ្ជី​ឲ្យ​ហើយ​។ យើង​គ្មាន​អី្វ​ត្រូវ​ប្រកែក មិន​ចុះ​ឲ្យ​គេ​ទេ​។ ឧបមា​ថា យើង​ទៅ​ស្រុក​គេ ក៏​យើង​មាន​សមាគម​ខ្មែរ មាន​អង្គការ​ផ្សេងៗ ដូច​តែ​គ្នា​ទេ​»៕



Tag:
 សមាគម​វៀតណាម​
  ប៊ុន ហុន
© រក្សាសិទ្ធិដោយ thmeythmey.com