អន្តរជាតិ
ថៃ ប្រហារជីវិតមនុស្សលើកដំបូងតាំងពីឆ្នាំ២០០៩ គុក Bang Kwang ជាទីដែលត្រូវប្រើប្រាស់ការអនុវត្តទោសប្រហារជីវិត (រូបភាព The Nation)
× ប្រទេសថៃ នៅថ្ងៃទី១៨ ខែមិថុនា បានអនុវត្តទោសប្រហារជីវិតលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ២០០៩ មក។ អ្នកទោសឈ្មោះ Theerasak Longji ដែលបានសម្លាប់មនុស្សម្នាក់កាលពីឆ្នាំ២០១២ ត្រូវបានចាក់ថ្នាំសម្លាប់ក្នុងគុកមួយកន្លែង។ ការប្រហារជីវិតនេះធ្វើឡើង មុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ទៅកាន់អង់គ្លេស និងបារាំង ជាទីដែលក្រុមការពារសិទ្ធិមនុស្សទាមទារឲ្យរដ្ឋអឺរ៉ុបទាំងពីរនេះដាក់សម្ពាធលើរបបយោធាឲ្យខ្លាំង។
អ្នកទោស Theerasak Longji ត្រូវបានរកឃើញថា មានកំហុសលើករណីប្លន់សម្លាប់បុរសម្នាក់កាលពីកក្កដា ឆ្នាំ២០១២ នៅតំបន់ Trang ។ រូបបានគេបានចាក់ជនរងគ្រោះ២៤ដង មុននឹងប្រមូលវត្ថុមានតម្លៃ។ ជាការអនុវត្តទោសប្រហារជីវិតលើកទីមួយក្រោយឆ្នាំ២០០៩ ការចាក់ថ្នាំសម្លាប់ត្រូវបានប្រើប្រាស់លើ Theerasak Longji នៅក្នុងគុក Bang Kwang នៅរសៀលថ្ងៃទី១៨ ខែមិថុនា ដែលមានរយៈពេល៦ឆ្នាំក្រោយកើតហេតុ។
មេដឹកនាំរបបយោធាថៃ ប្រាយុទ្ធ ចន្ទអូចា ដែលគ្រោងទៅធ្វើទស្សនកិច្ចនៅអង់គ្លេស និងបារាំង ទំនងជាត្រូវពាក្យឆ្លើយនឹងសំណួរជុំវិញករណីប្រហារជីវិតនេះ។ លោក ប្រាយុទ្ធ ក៏ត្រូវបានរំពឹងថា នឹងប្រឈមមុខការស្នើឲ្យដោះស្រាយបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសដែលធ្លាក់ចុះខ្លាំងតាំងពីលោកធ្វើរដ្ឋប្រហារទម្លាក់រដ្ឋស៊ីវិលកាលពី៤ឆ្នាំមកនោះ។
យ៉ាងណាមិញ មន្ត្រីក្រសួងយុត្តិធម៌ថៃបាននិយាយការពារការប្រហារជីវិតនេះ។ លោក Tawatchai Thaikaew បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ថៃនៅតែទោសនេះនៅឡើយ ហើយក៏មិនទាន់ការលុបចោលអ្វីដែរ។ ដូចនេះការអនុវត្តទោសមួយនេះ គឺស្របតាមច្បាប់។
ក្នុងរបាយការណ៍របស់នាយកដ្ឋានកែប្រែថៃដែលគ្រប់គ្រងអ្នកទោសច្រើនជាងគេលើពិភពលោក ការប្រហារជីវិតមានចំនួន៣២៥លើកតាំងពីឆ្នាំ១៩៣៥ មក ហើយដែលភាគច្រើនត្រូវបានបាញ់សម្លាប់។ ប៉ុន្តែការបាញ់សម្លាប់ត្រូវបានប្ដូរទៅជាការចាក់ថ្នាំសម្លាប់វិញក្នុងឆ្នាំ២០០៣ ។ បន្ទាប់ពីការកែប្រែនេះដល់ឆ្នាំ២០០៩ អ្នកទោស៦នាក់ត្រូវបានសម្លាប់ដោយចាក់ថ្នាំ។ ក្នុងសេចក្ដីប្រកាសរបស់ខ្លួន នាយកដ្ឋាននេះចាត់ទុកករណី Theerasak ជាមេរៀនសម្រាប់អ្នកផ្សេង។
ការអនុវត្តទោសប្រហារជីវិតឡើងវិញ ធ្វើឲ្យថៃរងការរិះគន់ខ្លាំង។ អង្គការលើកលែងទោសអន្តរជាតិចាត់ទុកសកម្មភាពរបស់រដ្ឋាភិបាលថៃ ថា ជាការបំពានសិទ្ធិមនុស្សដ៏អាក្រក់ ហើយបំភ្លេចពាក្យសន្យារបស់ខ្លួនក្នុងការលុបបំបាត់ទោសដ៏ធ្ងន់មួយនេះ។ នៅត្រឹមចុងឆ្នាំ២០១៧ មនុស្ស៥១៩ ក្នុងនោះស្ត្រី៩៤ កំពុងរង់ចាំអនុវត្តប្រហារជីវិតនេះ ដោយក្នុងនោះជិត២០០នាក់ សុទ្ធចាញ់បណ្ដឹងជំទាស់របស់ពួកគេទាំងអស់៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
ប្រហារជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com