FIFA
អន្តរជាតិ
ប្រធានាធិបតី មូ​ន ទៅ​ជួប ពូ​ទីន ពិភាក្សា​ពី​បញ្ហា​កូរ៉េខាងជើង និង​ទស្សនា​ប្រកួត​បាល់​រវាង​ក្រុម​ម៉ិ​ក​ស៊ិ​ក​និង​កូរ៉េខាងត្បូង​
20, Jun 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​បំពេញ​ទស្សនកិច្ច​នៅ​ទឹកដី​រុស្ស៊ី​នៅ​សប្តាហ៍​នេះ​ដោយ​លោក​នឹង​ជួប​ជាមួយ​សម​ភាគី​រុស្ស៊ី​ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ក្រៅពីនេះ ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​ក៏​នឹងចូលរួម​ទស្សនកិច្ច​ការប្រកួត​ពា​ន​រង្វាន់​បាល់ទាត់​ពិភពលោក World Cup​រវាង​ម៉ិ​ក​ស៊ិ​ក​និង​កូរ៉េខាងត្បូង​ផងដែរ​។​



​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ ព្រហស្បតិ៍​ទី ២១ ខែមិថុនា​។ វា​ជា​ទស្សនកិច្ច​លើកដំបូង​បំផុត​របស់លោក មូ​ន មកកាន់​ប្រទេស​រុស្ស៊ី​បន្ទាប់ពី​លោក​ឡើងកាន់តំណែង​ខែឧសភា​ឆ្នាំមុន ហើយ​វា​ក៏​ជា​ទស្សនកិច្ច​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដំបូង​បំផុត​ដែរ​រាប់​ចាប់ពី​ឆ្នាំ ១៩៩៩​មក​នោះ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ដែល​ស្រង់​សម្តី​មន្ត្រី​កូរ៉េខាងត្បូង​ដែល​មិនបាន​បង្ហាញ​អត្ត​សញ្ញា ប្រមុខរដ្ឋ​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​រុស្ស៊ី​លោក វ៉ា្ល​ឌី​មៀ ពូ​ទីន ពេល​អញ្ជើញ​ទៅដល់​រុស្ស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​តែម្តង​។    

​ក្នុង​កិច្ចពិភាក្សា មេដឹកនាំ​ទាំងពីរ​នឹង​ជជែក​គ្នា​ពី​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​ផង ហើយ​បញ្ហាសំខាន់​ជាងគេ​គឺ​ការកសាង​សន្តិភាព និង​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តែម្តង​។ រុស្ស៊ី​ក្នុងនាម​ជា​សមាជិក​កិច្ចពិភាក្សា​ប្រាំមួយ​ភាគី​ផង​នោះ រួមចំណែក​សំខាន់​ក្នុងការ​ដោះស្រាយ​សន្តិសុខ​តំបន់​ជាពិសេស​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តែម្តង​។

«​កិច្ចពិភាក្សា​នេះ​នឹង​រួមចំណែក​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​និង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រវាង​ភាគី​ទាំងពីរ​និង​ឈានទៅ​បង្កើន​ការប្រឹងប្រែង​រំសាយ​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ និង​បង្កើត​សន្តិភាព​ក្នុង​តំបន់​ស្រប​ពេលដែល​សន្តិសុខ​តំបន់​មានការ​រវិ​វត្ត​ជា​វិជ្ជមាន​»​។ នេះ​ជាស​ម្តី​មន្ត្រី​កូរ៉េខាងត្បូង​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ Yonhap​។

«​រុស្ស៊ី​កន្លងមក​បានរួម​ចំណែក​សំខាន់​ក្នុង​ការជំរុញ​ការរំសាយ​នុយក្លេអ៊ែរ និង​ចូលរួម​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ជាពិសេស​ពិចារណា​ឡើងវិញ​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​ដែលមាន​ជាមួយ​កូរ៉េខាងជើង​ផងដែរ​»​។​

​តាមពិតទៅ ទស្សនកិច្ច​របស់លោក មូ​ន ចេ​អ៊ី​ន​ទៅកាន់​រុស្ស៊ី​កើតឡើង​ប្រហែល​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ជំនួប​កំពូល​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី​ដែល​នាំ​ឲ្យ​មានការ​ឯកភាពគ្នា​ជាថ្មី​លើ​ការរំសាយ​អាវុធ​នោះ​។ គេ​មាន​សុទិដ្ឋិនិយម​ថា ជំនួប​កន្លងមកនេះ​នឹង​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មានការ​រំសាយ​អាវុធ និង​កសាង​សន្តិភាព​ពេញលេញ​នៅ​ឧបទ្វីប​កូរ៉េ​ពិតប្រាកដ​ផងដែរ​។ ក្រោយ​ជំនួប​នេះ រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ក៏ដូចជា​ក្រុង​ប៉េកាំង​ក៏បាន​សាទរ និង​អំពាវនាវ​ឲ្យ​មានការ​បន្ធូរបន្ថយ​ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​ហ៊ុមព័ទ្ធ​កូរ៉េខាងជើង​ផងដែរ​។​

 ដោយឡែក ក្រៅពី​ជជែក​ពិភាក្សា​ពី​បញ្ហាសំខាន់​ទាំង​ក្នុង​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​ប្រឈម​អន្តរជាតិ​ជាមួយ​ប្រមុខរដ្ឋ​រុស្ស៊ី លោក មូ​ន ក៏​នឹង​ចំណាយពេល​វេលា​នៅ​ថ្ងៃ​សៅរ៍​ទី ២៣ មិថុនា ដើម្បី​ចូលរួម​ទស្សនា និង​ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុម​កូរ៉េខាងត្បូង​ក្នុងការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ផងដែរ​៕


Tag:
 កូរ៉េខាងត្បូង​
  រុស្ស៊ី​
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com