FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ផ្ទះ​រុស្ស៊ី​៣​ពិន្ទុ​បន្ថែម ជប៉ុន និង​សេ​ណេ​ហ្គា​ល់​ធ្វើ​ឲ្យ​ក្រុម​ខ្លាំង​ខកចិត្ត​នា​ជំនួប​ពូ​ល H
20, Jun 2018 , 9:02 am        
រូបភាព
ម្ចាស់ផ្ទះ​រុស្ស៊ី ជប៉ុន និងសេណេហ្គាល់ ឈ្នះការប្រកួតកាលពីយប់មិញ។ រូបថត Getty/FIFA
ម្ចាស់ផ្ទះ​រុស្ស៊ី ជប៉ុន និងសេណេហ្គាល់ ឈ្នះការប្រកួតកាលពីយប់មិញ។ រូបថត Getty/FIFA
ដោយ: រួបរួម
​ម្ចាស់ផ្ទះ​រុស្ស៊ី មានលទ្ធភាព​ខ្ពស់​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង World Cup បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​អេ​ហ្ស៊ី​ប ៣-១ នា​ការប្រកួត​លើក​ទី​ពីរ​នៅ​ពូ​ល A​។ រីឯ​ការប្រកួត​បើកឆាក​នៅ​ពូ​ល H ក្រុម​អាស៊ី និង​អាហ្វ្រិក​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់ខ្លួន ដោយ​ជប៉ុន​ឈ្នះ​កូ​ឡុំ​ប៊ី ២-១ មុន​សេ​ណេ​ហ្គា​ល់ បាន​បី​ពិន្ទុ​ពី​ប៉ូឡូញ ក្នុង​លទ្ធផល​ដូចគ្នា​។​

 
​ម្ចាស់ផ្ទះ​រុស្ស៊ី​មាន​ភាគរយ​ខ្ពស់​ក្នុងការ​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​
​ម្ចាស់ផ្ទះ​រុស្ស៊ី ដែល​បាន​យកឈ្នះ​អា​រ៉ា​ប៊ី​សា​អូឌីត ៥-០ នា​ជំនួប​បើកឆាក បន្តបាន​៣​ពិន្ទុ​បន្ថែមទៀត ពី​អេ​ហ្ស៊ី​ប​តាមរយៈ​ជ័យជម្នះ ៣-១ ។ គ្រាប់​បាល់​បញ្ចូល​ទី​ដំបូង គឺជា​ការធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ​រុស្ស៊ី Ahmed Fathi នៅ​ដើមតង់​ទី​ពីរ ហើយ Denis Cheryshev និង Artem Dzyuba រកបាន​បន្ថែម​ជា​បន្តបន្ទាប់​។ កីឡាករ​ឆ្នើម Mohamed Salah បាន​ចូល​លេង​លើកដំបូង​សម្រាប់​អេ​ហ្ស៊ី​ប នឹង​បាន​ទាត់​បាល់​ប៉េ​ណា​ល់​ទី តាម​ពីក្រោយ​បាន​១​គ្រាប់​នៅ​នាទី​៧៣ ។​
 

នេះ​ជា​ប្រវត្តិសាស្ត្រ​ដំបូង​បំផុត​របស់​រុស្ស៊ី ដែល​បានឈ្នះ​ពីរ​ប្រកួត​បើកឆាក​ជាប់ៗ​គ្នា​នៅ World Cup បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៦៦ ក្នុងនាម​ជា​សហភាពសូវៀត​។ រុស្ស៊ី​នឹង​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ និង​អេ​ហ្ស៊ី​ប ត្រូវ​ហាលអាវ បើ​អា​រ៉ា​ប៊ី​សា​អូឌីត មិនអាច​យកឈ្នះ​អ៊ុយ​រូ​ហ្គា​យ សម្រាប់​ជំនួប​នៅ​ថ្ងៃ​ពុធ​នេះ​។​
 
​ជប៉ុន​ឈ្នះ​កូ​ឡុំ​ប៊ី ដែលជា​ក្រុម​មកពី​អាមេរិក​ខាងត្បូង​លើកដំបូង​
​ជប៉ុន​ប្រកួត​បើកឆាក​ពូ​ល H ជាមួយនឹង​លទ្ធផល​ជ័យជម្នះ ២-១ ដ៏​រំភើប​លើ​កូ​ឡុំ​ប៊ី​។ Shinji Kagawa ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​នៅ​ដើមតង់​ឲ្យ​ជប៉ុន ក្រោយ Carlos Sanchez របស់​កូ​ឡុំ​ប៊ី ទទួលបាន​កាត​ក្រហម​នៅ​នាទី ទី​៣ ។ ទោះបីជា​នៅតែ​គ្នា​១០​នា​ក៏ដោយ កូ​ឡុំ​ប៊ី រកបាន​តាម​ស្មើ​វិញ​នៅ​៦​នាទី​មុន​បញ្ចប់​ការប្រកួត​តង់​ទីមួយ​ដែល​សម្រេចបាន​ដោយ Juan Quintero​។ ខ្សែប្រយុទ្ធ​ឆ្នើម James Rodriguez បានបង្ហាញ​វត្តមាន​នៅលើ​ទីលាន ប៉ុន្តែ​គេ​មិន​អាចជួយ​ក្រុម​បានឡើយ ខណៈ​ជប៉ុន​បង្កើន​ការនាំ​មុខ ២-១ ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់ Yuya Osako នៅ​នាទី​៧៣ ក្រោយ​ការបញ្ជូន​របស់ Keisuke Honda​។​
 

លទ្ធផល​នេះ​ត្រូវបាន​រក្សា​រហូតដល់​ប​ញ្ច​ប់​ការប្រកួត​ដែល​នាំ​ឲ្យ​ជប៉ុន​ក្លាយជា​ក្រុម​អាស៊ី​ទីមួយ​ដែល​ឈ្នះ​ការប្រកួត World Cup នៅ​ទឹកដី​អឺរ៉ុប និង​ជា​ក្រុម​ដំបូង​ដែល​បាន​យកឈ្នះ​ក្រុម​ពី​អាមេរិក​ខាងត្បូង​ផងដែរ​។ ជាមួយគ្នានេះ Honda ក្លាយជា​កីឡាករ​អាស៊ី​ដំបូង ដែល​បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​ក្នុង​ព្រឹត្តិការណ៍ World Cup ៣​លើក​ផ្សេងគ្នា​។​
 
​សេ​ណេ​ហ្គា​ល់​ជា​ក្រុម​អាហ្វ្រិក​ទីមួយ​ដែល​ឈ្នះ​បើកឆាក​
​សេ​ណេ​ហ្គា​ល់ បាន​ស្តារ​មុខមាត់​ដល់​ក្រុម​ពី​អាហ្វ្រិក តាមរយៈ​ជ័យជម្នះ ២-១ លើ​ប៉ូឡូញ ក្នុងជំនួប​បើកឆាក​ពូ​ល H​។ នៅ​ពាក់កណ្តាល​តង់​ទីមួយ ការធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់ Thiaga Cionek មាន​ទុន​នាំមុខ​១​គ្រាប់ ហើយ M’Baye Niang បន្ថែម​គ្រាប់​ទី​ពីរ ខណៈ​ការប្រកួត​ដំណើរការបាន​១​ម៉ោង និង​ជា​គ្រាប់​បាល់​ដ៏​ចម្រូងចម្រាស់​មួយ​។ ៤​នាទី​មុន​បញ្ចប់​ការប្រកួត ប៉ូឡូញ តាម​ពីក្រោយ​បាន​១​គ្រាប់ ដែលជា​តែ​ត​បញ្ចូល​ទី​របស់ Grzegorz Krychowiak ៕
 

Tag:
 FIFA World Cup
  GroupA
  GroupH
© រក្សាសិទ្ធិដោយ thmeythmey.com