អន្តរជាតិ
លោក ត្រាំ ចេញ​បញ្ជា​ឲ្យ​បង្កើត​អង្គភាព​ទ័ព​អវកាស​
20, Jun 2018 , 9:46 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​នៅ​ថ្ងៃទី​១៨ ខែមិថុនា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានចេញ​បញ្ជា​ឲ្យ​ក្រសួងការពារជាតិ​អាមេរិក​បង្កើត​អង្គភាព​ទ័ព​លំហ​អាកាស​ថ្មី​មួយ​ក្នុង​គោលដៅ​ការពារ​ឥទ្ធិពល​អាមេរិក​លើ​លំហ​ដ៏​ល្វឹងល្វើយ​។ គំនិត​បង្កើត​អង្គភាព​ទ័ព​ថ្មី​នេះ​មិនមែនជា​រឿង​ថ្មី​ឡើយ ហើយក៏​មានមតិ​ប្រឆាំង​មិនតិច​ដែរ ជាពិសេស​ពី​សំណាក់​កងទ័ពអាកាស និង​សមាជិកសភា​ខ្លះ​ដែរ​។ លើសពីនោះ លោក ត្រាំ ត្រូវ​ឆ្លងកាត់​សភា​សិន មុននឹង​អង្គភាព​ថ្មី​ស្របច្បាប់​។​



​អាមេរិក​អាចមាន​អង្គភាព​ទ័ព​ទី​៦ ចំណុះ​កងទ័ព​របស់ខ្លួន បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រាប់​ឲ្យ​មន្ទីរ​បញ្ច​កោណ​ចាប់ផ្ដើម​នីតិវិធី​ចាំបាច់​ក្នុងការ​បង្កើត​អង្គភាព​ទ័ព​លំហ​អាកាស​។ គោលដៅ​នៃ​អង្គភាព​ទ័ព​ថ្មី គឺ​ការពារ​ផលប្រយោជន៍​អាមេរិក​នៅលើ​លំហ​អាកាស ក៏ដូចជា​ពង្រឹង​អានុភាព​អាមេរិក​ក្នុងនាម​ជា​មហាអំណាច​លំហ​អាកាស​ផងដែរ ខណៈ​គូប្រជែង​ផ្សេងទៀត​ដូចជា​រុស្ស៊ី ចិន​ជាដើម ក៏បាន​បង្កើន​សមត្ថភាព​លើ​វិស័យនេះ​ដូចគ្នា​។​

​ក្នុងជំនួប​ក្រុមប្រឹក្សា​លំហ​អាកាស​ជាតិ​នៅ​សេត​វិមាន​នៅ​ថ្ងៃទី​១៨ ខែមិថុនា លោក ត្រាំ និយាយថា វា​មិន​គ្រប់​ទេ​ដោយ​គ្រាន់តែ​អាមេរិក​មាន​វត្ត​មាននៅ​លំហ​អាកាស​នោះ តែ​អាមេរិក​ត្រូវមាន​ឧ​ត្ត​មា​នុ​ភាព​លើ​អាកាស​ផង​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​អាមេរិក​រូបនេះ​បន្តថា​៖ «​យើង​នឹងមាន​កងទ័ពអាកាស ហើយ​យើង​នឹងមាន​កម្លាំង​ទ័ព​លំហ​អាកាស​ដែរ​។ ជា​អង្គភាព​ផ្សេងគ្នា តែមាន​ឋានៈ​ស្មើគ្នា​។​»

​ក្រោយ​ការចេញ​បញ្ជា​របស់លោក ត្រាំ ក្រសួងការពារជាតិ​អាមេរិក​ក៏​ចាប់ផ្ដើម​ការងារ​របស់​ខ្លួន​ដែរ​។ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ Dana White អះអាងថា គណៈកម្មាធិការ​គោលនយោបាយ​របស់​ក្រសួង នឹងធ្វើ​ការងារ​នេះ ដែល​ជាប់ទាក់ទង​ប្រតិបត្តិការ​ចារកម្ម​របស់​អង្គភាព​ទ័ព​ជើងគោក ជើង​អាកាស ជើង​ទឹក និង​កម្លាំង​ទ័ព​ម៉ា​រី​ន​ផង​។ ក្រសួងការពារជាតិ​អាមេរិ​ក​នឹង​សហការ​ជាមួយ​សភា​ដើម្បី​ឲ្យ​ទទួលយក​អនុសាសន៍​ពី​ភាគី​ពាក់ព័ន្ធ​ដទៃ​។​

​ផែនការ​បង្កើត​អង្គភាព​ថ្មី​ដែល​ផ្ដាច់​យក​អង្គភាព​លំហ​អាកាស​ពី​ទ័ពអាកាស ត្រូវបាន​លោក ត្រាំ និង​រដ្ឋបាល​អាមេរិក​មុនៗ​លើក​ឡើងជា​យូរហើយ ប៉ុន្តែ​ជា​រឿង​មិន​ដាច់ស្រេច ដ្បិត​ប៉ះពាល់​ដល់​កម្លាំង​អាកាស​ជាខ្លាំង​។ លោក ត្រាំ ត្រូវ​ស្វែងរក​ការគាំទ្រ​ពីស​ភា​ដើម្បី​បង្កើត​ច្បាប់​មួយ​សំដៅ​ធ្វើ​ឲ្យ​អង្គភាព​ថ្មី​នេះ​ស្របតាម​ច្បាប់​។ លើសពីនោះ រដ្ឋបាល​លោក ត្រាំ ក៏ត្រូវ​ការ​ការ​អនុ​ម័​តហិរញ្ញវត្ថុ​ចាំបាច់​ពី​សភា​ដែរ ប៉ុន្តែ​សមាជិកសភា​ខ្លះ​មិន​គាំទ្រ​គំនិត​នេះឡើយ​។​

​ជាមួយនឹង​កម្លាំង​ទ័ព​ថ្មី​ដើម្បី​ការពារ​ប្រយោជន៍​ផ្ទាល់ខ្លួន គេ​មិនទាន់​ដឹង​ច្បាស់​ថា អាមេរិក​អាច​បញ្ជូន​អាវុធ​នានា​ទៅកាន់​ទី​អវកាស​ឬ​យ៉ាងណា​ឡើយ​។ អាមេរិក​ក៏​ជា​សមាជិក​មួយ​នៃ​សន្ធិសញ្ញា​លំហ​អាកាស​ខាងក្រៅ​ឆ្នាំ​១៩៦៧ ដែល​សន្ធិសញ្ញា​នេះ​ហាមប្រាម​ការពង្រាយ​អាវុធ​ប្រល័យ​លោក​នៅ​លំហ​អាកាស តែ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឋាន​ព្រះ​ចន្ទ​ក្នុង​គោលដៅ​សន្តិភាព​ប៉ុណ្ណោះ​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  លំហ​អាកាស
© រក្សាសិទ្ធិដោយ thmeythmey.com