អន្តរជាតិ
អាមេរិក​ប្រកាស​ដកខ្លួន​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ព្រោះ​ធ្វើបាប​តែ​អ៊ីស្រាអែល
20, Jun 2018 , 11:04 am        
រូបភាព
អគ្គរដ្ឋទូតអាមេរិកប្រចាំ UN នីគី ហេលី និងរដ្ឋមន្រ្តីការបរទេស ម៉ៃ ប៉ុបប៉េអូ (រូបភាព AFP)
អគ្គរដ្ឋទូតអាមេរិកប្រចាំ UN នីគី ហេលី និងរដ្ឋមន្រ្តីការបរទេស ម៉ៃ ប៉ុបប៉េអូ (រូបភាព AFP)
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៩ ខែមិថុនា បានសម្រេច​ចិត្ត​ដើរ​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែលជា​ស្ថាប័ន​កំពូល​ផ្នែក​សិទ្ធិមនុស្ស​របស់​ពិភពលោក​។ អាមេរិក​បាន​ចោទ​ក្រុមប្រឹក្សា​នេះ​ថា ជា​ស្ថាប័ន​ដែល​លាក់ពុត និង​ព្យាយាម​រករឿង​តែ​អ៊ីស្រាអែល ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​។ អាមេរិក​ក៏​អះអាងថា នេះ​ជាការ​សម្រេច​ចិត្តជា​យូរ​មកហើយ មិន​ពាក់ព័ន្ធ​ការ​ថ្កោលទោស​របស់​ក្រុមប្រឹក្សា​មួយ​នេះ​ជុំវិញ​គោលនយោបាយ​បំបែក​គ្រួសារ​អន្តោប្រវេសន៍​របស់​អាមេរិក​ឡើយ​។​



៩ ឆ្នាំក្រោយ​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អាមេរិក​ក៏​សម្រេចចិត្ត​ដកខ្លួន​ចេញពី​វិញ​។ អាមេរិក​បានក្លាយ​ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​នេះ​ក្នុង​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ឆ្នាំ​២០០៩ ប៉ុន្តែ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិន​ពេញចិត្ត​ស្ថាប័ន​មួយ​នេះឡើយ និង​បាន​គំរាម​ដើរចេញ​ជាច្រើនលើក បើ​ការទាមទារ​ឲ្យ​មានការ​កែទម្រង់​ស្ថាប័ន​អន្តរជាតិ​មិន​ដំណើរការ​ទៅមុខ​ទេនោះ​។

​លែង​ចាំ​ទៀត​បាន អាមេរិក​ក៏បាន​ប្រកាស​ដើរចេញ​តែម្ដង​នៅ​ថ្ងៃទី​១៩ ខែមិថុនា​។ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ នី​គី ហេ​លី ជា​អ្នក​ប្រកាស​ដើរចេញ​នេះ ក្រោយ​ជំនួប​ជាមួយ​លោក ត្រាំ និង​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ទីក្រុង​វ៉ាស៊ីនតោន​។ ទោះជា​ការប្រកាស​ដកខ្លួន​ធ្វើឡើង​ក្រោយ​មន្ត្រី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​រិះគន់​នយោបាយ​អន្តោប្រវេសន៍​លោក ត្រាំ ក្ដី មន្ត្រី​អាមេរិក​បកស្រាយ​ថា រឿងនេះ​មិន​ទាក់ទង​គ្នា​ឡើយ​។​

​ទាំង​លោកស្រី ហេ​លី ទាំង​លោក ប៉ុ​ម​ប៉េ​អូ បាន​និយាយ​ការពារ​ខ្លួន​ថា ការសម្រេចចិត្ត​នេះ​ធ្វើឡើង​បន្ទាប់ពី​ខ្លួន​ទុកពេល​ឲ្យ​ក្រុមប្រឹក្សា​នេះ​មួយឆ្នាំ​ដើម្បី​កែទម្រង់ និង​បណ្ដេញ​សមាជិក​ដែលជា​ប់​ឈ្មោះ​បំពាន​សិទ្ធិមនុស្ស​ចេញ​ផង​។ មន្ត្រី​អាមេរិក​ទាំងពីរ​ទំនង​និយាយ​ឲ្យ​ចិន គុយបា និង​កុង​ហ្គោ​ជាដើម ដែល​សុទ្ធសឹង​ជា​ប្រទេស​មាន​ប្រវត្តិ​សិទ្ធិមនុស្ស​មិនល្អ តែ​កំពុង​អង្គុយ​កៅអី​ជា​សមាជិក​អង្គការ​គាំពារ​សិទ្ធិមនុស្ស​ដ៏​ធំ​មួយ​នេះ​។

​ក្រៅពី​រឿង​កែទម្រង់​នេះ អាមេរិក​ក៏​មិន​ពេញចិត្ត​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដែល​រករឿង​តែ​អ៊ីស្រាអែល​។ ទង្វើ​របស់​អ៊ីស្រាអែល​លើ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន គឺជា​ប្រធានបទ​មិនដែល​បាត់​មុខ​ឡើយ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​នេះ​។ ទន្ទឹមនឹង​ការ​ចោទ​ក្រុមប្រឹក្សា​នេះ​ថា ធ្វើ​ឲ្យ​អន្តរាយ​ដល់​របៀប​ជ្រើសរើស​សមាជិក​របស់ខ្លួន លោក ប៉ុ​ម​ប៉េ​អូ និយាយថា ការ​លំអៀង​ជា​បន្តបន្ទាប់​ប្រឆាំង​អ៊ីស្រាអែល គឺជា​រឿង​គ្មាន​ស្មារតី​តែម្ដង​។​

​ការដើរ​ចេញ​លើក​នេះ ដែល​ស្របតាម​នយោបាយ​របស់​លោក ត្រាំ គឺជា​ការដើរ​ចេញ​លើក​ទី​បួន​របស់​អាមេរិក​។ ក្រោយ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី លោក ត្រាំ បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក (TPP) កិច្ចព្រមព្រៀង​ប៉ារីស​ឆ្នាំ​២០១៥ ស្ដីពី​បម្រែបម្រួល​អាកាសធាតុ (Paris Climate Agreement) និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ (JPCOA)​។ លោក ត្រាំ អះអាងថា កិច្ចព្រមព្រៀង​នេះ​ទាំងនេះ​មិន​បម្រើ​ផលប្រយោជន៍​អាមេរិក​ឡើយ​៕


Tag:
 អាមេរិក​
  ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com