អន្តរជាតិ
មហាធៀ៖ បទល្មើសកេងប្រវ័ញ្ច, សូកប៉ាន់លុយរដ្ឋ...ស្ថិតក្នុងបណ្តឹងប្រឆាំងលោក ណាជីប
× បទល្មើសកេងប្រវ័ញ្ច និងសូកប៉ាន់លុយរបស់រដ្ឋស្ថិតក្នុងចំណោមបទល្មើសដែល រដ្ឋាភិបាលម៉ាឡេស៊ីបច្ចុប្បន្នរៀបចំប្តឹងអតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់។ បណ្តឹងនេះត្រូវបានរៀបចំឡើងភ្លាមៗក្រោយមានការស៊ើបអង្កេតទ្រង់ទ្រាយធំមួយលើករណីពុករលួយក្នុងមូលនិធិរដ្ឋ 1MDB។
ការបោសសម្អាតអំពើពុករលួយ និងទាមទារត្រឡប់វិញលុយរដ្ឋក្នុងមូលនិធិ 1MDB ដែលត្រូវគេកិបកេងជាគោលដៅធំបំផុតរបស់សម្ព័ន្ធបក្សប្រឆាំង Pakatan Harapan ក្រោយឈ្នះការបោះឆ្នោតសាកលកាលពីខែមុន។ នៅពេលនេះ រដ្ឋាភិបាលថ្មីកំពុងរៀបចំបណ្តឹងនានាប្រឆាំងបណ្តាអ្នកនយោបាយដែលពាក់ព័ន្ធករណីពុករលួយមូលនិធិរដ្ឋនេះ។
លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី ៧ បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមស៊ើបអង្កេតលើករណីពុករលួយ 1MDB បានកំណត់មុខសញ្ញាដែលពាក់ព័ន្ធច្បាស់លាស់ហើយ។ លោកបង្ហើបថា លោក ណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាតួអង្គស្នូលក្នុងករណីកិបកេងលុយ និងធ្វើឲ្យបាត់បង់បាត់បង់ទ្រព្យរដ្ឋរាប់ពាន់លានកន្លងមក។
នាយករដ្ឋមន្ត្រីវ័យ ៩២ ឆ្នាំរូបនេះបន្តថា ពឹងផ្អែកលើការស៊ើបអង្កេតនេះ បទល្មើសស៊ីសំណូកសូកប៉ាន់ និង កេងប្រវ័ញ្ចលុយរដ្ឋស្ថិតក្នុងចំណោមបទល្មើសផ្សេងទៀតដែលរដ្ឋាភិបាលលោកប្តឹងលោក ណាជីប រ៉ាហ្សាក់។
«លោក ណាជីប ទទួលខុសត្រូវទាំងស្រុងលើករណីមូលនិធិ 1MDB។ គ្មានអ្វីដែលកើតឡើងដោយគ្មានការយល់ព្រមពីគាត់ឡើយ ហើយយើងឃើញហត្ថលេខារបស់លោក ណាជីប លើរាល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងមូលនិធិនេះ។ ដូច្នេះហើយគាត់ជាអ្នកទទួលខុសត្រូវ»។ លោក មហាធា អះអាងដូច្នេះ។
លោក មហាធៀ បន្ថែមថា៖«បទល្មើសដែលមានក្នុងបណ្តឹងមានកេងប្រវ័ញ្ច លួចលុយរដ្ឋ ធ្វើឲ្យបាត់បង់លុយរដ្ឋ ប្រើប្រាស់លុយរដ្ឋដើម្បីសូកប៉ាន់ និងបទល្មើសផ្សេងទៀតជាច្រើនទៀត»។
បង្កើតក្នុងឆ្នាំ២០០៩ មូលនិធិ 1MDB មានគោលដៅប្រែក្លាយទីក្រុងគួឡាឡាំពួរ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយ និងជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគយុទ្ធសាស្ត្រ។ ក្រសួងយុត្តិធម៌អាមេរិកដែលស្ថិតក្នុងការស៊ើបអង្កេតករណីនេះកន្លងមកក៏រកឃើញផងដែរលុយ ៤,៥ ពាន់លានដុល្លារត្រូវបានគេលួចចេញពីមូលនិធិ។
នៅឆ្នាំ ២០១៣ គេសង្ស័យថា លុយ ៦៨១ លានដុល្លារ នៃមូលនិធិនេះ ត្រូវបានផ្ទេរទៅកាន់គណនីធនាគាររបស់លោក ណាជីប ទៀត។ ប៉ុន្តែលោកបានបដិសេធការចោទប្រកាន់នេះរហូតមកដោយអះអាងថា លុយជិត ៧០០លានដុល្លារនោះជាអំណោយរបស់រាជរង្សអារ៉ាប៊ីសាអូឌីតផ្តល់ឲ្យលោកប៉ុណ្ណោះ។
ក្រោយចាញ់ឆ្នោត លោក ណាជីប ត្រូវបានរដ្ឋាភិបាលលោក មហាធៀ ដាក់បម្រាមចាកចេញពីប្រទេស និង មានការចុះឆែកឆេរផ្ទះ និងខុនដូជាច្រើនកន្លែងពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រីនេះផងដែរ។ លោក មហាធៀ ក៏បញ្ជាក់ផងដែរថា លោកមិនមែនកំពុងសងសឹកមេដឹកនាំមុនទេ ប៉ុន្តែលោកកំពុងអនុវត្តគោលការណ៍នីតិរដ្ឋដែលមានន័យថា អ្នកធ្វើខុសត្រូវទទួលទោស ហើយបើមិនមានកំហុសរួចខ្លួន។
ក្នុងបទសម្ភាសន៍ដដែល លោក មហាធៀ បង្ហើបថាលោកស្រី Rosmah ភរិយាលោកណាជីប ក៏ស្ថិតក្រោមការស៊ើបអង្កេតដូចគ្នាព្រោះលោកស្រីមានពាក់ព័ន្ធនឹងអំពើពុករលួយក្នុងមូលនិធិនេះ។ គេសង្ស័យថា លុយមួយចំនួនរត់ចូលកាបូបអតីតស្ត្រីទីមួយនេះ ប៉ុន្តែលោក មហាធៀ ជឿជាក់ថា វាលំបាកបន្តិចក្នុងការបកអាក្រាតករណីនេះព្រោះរាល់ឯកសារមានតែហត្ថលេខាលោក ណាជីប ប៉ុណ្ណោះ។
-មហាធៀ៖ ពុករលួយត្រូវកាត់ទោស! គ្មានកិច្ចព្រមព្រៀងលើកលែងណាមួយត្រូវបង្កើតឡើងឡើយ
លោក មហាធៀ រំពឹងថា ការចាប់ខ្លួនអាចនឹងធ្វើឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខក្រោយបញ្ចប់ការស៊ើបអង្កេតពេញលេញជាផ្លូវការ ហើយលោកសង្ឃឹមថា ការកាត់ក្តីនឹងអាចរៀបចំឡើងបាននៅចុងឆ្នាំនេះ បើគ្មានអ្វីប្រែប្រួលទេ។
ពេលអ្នកសារព័ត៌មានសួរថា តើអ្នកណាខ្លះមានឈ្មោះក្នុងបណ្តឹងរដ្ឋាភិបាលនេះ លោក មហាធៀ ឆ្លើយថា វាមានដូចជាលោក ណាជីប, លោក Jho Low និងអ្នកពាក់ព័ន្ធមួយចំនួនទៀតដែរ។ លោក Low ត្រូវបានគេស្គាល់ថាជា ហិរញ្ញិកម៉ាឡេស៊ី ដែលជាតួអង្គសំខាន់មួយដែរក្នុងសំណុំរឿងពុករលួយ 1MDB។ លោកក៏ជាមនុស្សជំនិតរបស់លោក ណាជីប និងក្រុមគ្រួសារលោកផងដែរ។
រឿងដែលគួរឲ្យចាប់អារម្មណ៍ លោក មហាធៀ បានរៀបរាប់ថា លោក Low បានលួចទាក់ទងទៅលោកផ្ទាល់ដើម្បីស្នើសុំចរចាបង្កើតកិច្ចព្រមព្រៀងមួយផង ដោយលោកសន្យាផ្តល់ព័ន្ធសំខាន់ពាក់ព័ន្ធនឹងមូលនិធិខាងលើ។ ជាថ្នូរមកវិញ រដ្ឋាភិបាលត្រូវផ្តល់អភ័យឯកសិទ្ធិពិសេសឲ្យលោករួចខ្លួនពីការកាត់ទោសនានាផងដែរ។ ប៉ុន្តែ លោក មហាធៀ បានបដិសេធរាល់ការស្នើសុំនេះ ហើយលោកបញ្ជាក់ថា ទោះលោក ណាជីប មកស្នើសុំបង្កើតកិច្ចព្រមព្រៀងណាមួយក៏លោកនៅតែបដិសេធដែរ។
ក្នុងការឃោសនាបោះឆ្នោត គោលនយោបាយធំបំផុតរបស់លោក មហាធៀ គឺគាស់រំលើងអំពើពុករលួយក្នុងស្ថាប័នដឹកនាំម៉ាឡេស៊ី និងដាក់ទោសទណ្ឌរាល់អ្នកនយោបាយដែលកិបកេងលុយរដ្ឋដើម្បីបម្រើប្រយោជន៍និងភាពមានបានផ្ទាល់ខ្លួនផង។
ទាក់ទិននឹងការឈានទៅកាត់ទោសអ្នកជាប់ពាក់ព័ន្ធទាំងនោះ លោក មហាធៀ ក៏សង្ឃឹមទាញបានលុយច្រើនដែលបានបាត់បង់នោះមកវិញដែរ ហើយធនាគារ និងក្រុមហ៊ុនវិនិយោគមួយចំនួនក៏នឹងអាចរងបណ្តឹងផងដែរដោយសារពួកគេទាញបានប្រយោជន៍មូលនិធិ 1MDB ដូចគ្នា។
ចាប់តាំងពីជាប់ឆ្នោតកាលពីដើមខែឧសភា លោក មហាធៀ ដែលនឹងមានអាយុ ៩៣ ឆ្នាំនៅខែកក្កដានេះបន្តធ្វើការងារយ៉ាងសស្រាក់ស្រាំដើម្បីដឹកនាំរដ្ឋាភិបាលថ្មី។ អ្នកជំនិតនិងអ្នកនយោបាយក្នុងសម្ព័ន្ធបក្ស Pakatan Harapan អះអាងថា ចាប់ពីថ្ងៃស្បថចូលកាន់តំណែង លោក មហាធៀ ធ្វើការងារច្រើនម៉ោងរៀងរាល់ថ្ងៃ។
លោក មហាធៀ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ផងដែរថា ការងារជានាយករដ្ឋមន្ត្រីពេលនេះលំបាកជាពីមុនជាពិសេសការកសាងធនធានមនុស្សដឹកនាំ និងក្រសួងស្ថាប័នជាសេនាធិការរដ្ឋាភិបាល។
លោកអះអាងថា៖ «ពីមុន ពេលខ្ញុំធ្វើនាយករដ្ឋមន្ត្រី រចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំមិនមានខូចខាតតេ។ ពេលនេះ ខ្ញុំត្រូវបង្កើតរដ្ឋាភិបាលថ្មីដោយមានបញ្ចូលមនុស្សគ្មានបទពិសោធន៍ដឹកនាំ។ ហើយខ្ញុំរកឃើញថា ក្រសួង និងនាយកដ្ឋានទាំងអស់ក្លាយជាកន្លែងប្រព្រឹត្តអំពើពុករលួយទៀត»៕
Tag:
មហាធៀ មហាម៉ា
1MDB
ណាជីប រ៉ាហ្សាក់
© រក្សាសិទ្ធិដោយ thmeythmey.com