ជាតិ
សេដ្ឋកិច្ច
ប្រាក់ចំណូល​កម្មករ​កា​ត់​ដេរ​របស់​កម្ពុជា មាន​ទំហំ​ជាង ២​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​
20, Jun 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​មួយឆ្នាំៗ ទឹកប្រាក់​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក​បាន​ទៅ​ដល់ដៃ​កម្មករ​-​កម្មការិនី​នៅ​ទូទាំងប្រទេស ជា​ថ្នូរ​នឹង​ការបញ្ចេញ​កម្លាំង​ពលកម្ម​របស់​ពួកគេ​។  នេះ​បើតាម​តួលេខ​ដែល​លើកឡើង​ដោយ​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ក្នុង​ខេត្តតាកែវ នៅ​ថ្ងៃទី​២០​ខែមិថុនា​នេះ​។​



​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ខាងក្រោម​នេះ​៖




​ទឹកប្រាក់​ជាង ២​ពាន់​លាន​ដុល្លារ​នេះ គឺជា​តួលេខ​ប្រាក់ចំណូល​សរុប​របស់​កម្មករ​កាត់ដេរ​ប្រមាណ ១​លាន​នាក់​នៅ​ទូទាំងប្រទេស ក្នុង​មួយឆ្នាំៗ​។ ប៉ុន្តែ​វិស័យនេះ​ជួប​បញ្ហា​ប្រឈម​ខ្លះ ដែល​ត្រូវ​កែលម្អ ដើម្បី​ឲ្យ​កម្មករ​បន្ត​ទទួលបាន​ផលប្រយោជន៍​កាន់តែ​ប្រសើរ​ពី​ឧស្សាហកម្ម​មួយ​នេះ​។ បើតាម​របាយការណ៍​ធ​នាគារ​ពិភពលោក ដែល​ចេញផ្សាយ​ក្នុងពេល​កន្លងមក វិស័យ​កាត់ដេរ​របស់​កម្ពុជា​ត្រូវ​ប្រឈម​ការ​ថមថយ​ល​ទ្ធ​ភាព​ប្រកួតប្រជែង ដោយសារតែ​ប្រាក់​ឈ្នួល​កម្មករ​ត្រូវបាន​ដំឡើង​លឿន​ពេក ខណៈ​ផលិតភាព និង​ជំនាញ នៅមានកម្រិត​។​

​ស្ថាប័ន​អន្តរជាតិ​ធំៗ ក៏ដូចជា​អ្នកជំនាញ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្ដោតចិត្ត​ទុកដាក់​ខ្លាំង​លើ​សមត្ថភាព​ជំនាញ​របស់​កម្មករ​កា​ត់​ដេរ ក៏​ជា​កម្មករ និយោជិត​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ដែរ ដើម្បី​ឲ្យ​ពួកគេ​អភិវឌ្ឍន៍​ពី​ពលកម្ម​ជំនាញ​ទាប ប្រាក់​ឈ្នួល​ទាប ទៅជា​កម្លាំង​ពលកម្ម​ជំនាញ​កម្រិត​មធ្យម និង​ខ្ពស់ ដើម្បី​ស្រូបយក​អត្ថប្រយោជន៍​ពី​តម្លៃបន្ថែម​កាន់តែ​ខ្ពស់​។​
​គួរ​បញ្ជាក់ថា កម្ពុជា​បាន​នាំចេញ​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​ទៅ​ទីផ្សារ​អន្តរជាតិ មានតម្លៃ​ប្រមាណ ៧,៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧៕


Tag:
 កាត់ដេរ
© រក្សាសិទ្ធិដោយ thmeythmey.com