អន្តរជាតិ
ប្រា​យុទ្ធ ទៅ​អឺរ៉ុប តែ​មិន​ខ្វល់​ពី​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល ស៊ីណា​វ៉ា​ត់ លាក់ខ្លួន​នៅ​អឺរ៉ុប​ឡើយ​
20, Jun 2018 , 9:59 pm        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា នាដំណើរទស្សនកិច្ចនៅបរទេសកន្លងមក
លោក ប្រាយុទ្ធ ចន្ទអូចា នាដំណើរទស្សនកិច្ចនៅបរទេសកន្លងមក
​មេដឹកនាំ​របប​យោធា​ថៃ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២០ ខែមិថុនា នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ទៅកាន់​ប្រទេស​តំបន់​អឺរ៉ុប​ពីរ គឺ​អង់គ្លេស និង​បារាំង​។ យ៉ាងណាមិញ សំណុំរឿង​អ្នកនយោបាយ​ត្រកូល ស៊ីណា​វ៉ា​ត់ ដែល​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អង់គ្លេស មិនមែនជា​ប្រធានបទ​សំខាន់​ឡើយ​។ លោក ប្រា​យុទ្ធ និយាយថា ទស្សនកិច្ច​របស់លោក​ពេលនេះ ផ្ដោត​សំខាន់​លើ​ការវិនិយោគ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​តែប៉ុណ្ណោះ​។



​នៅ​ថ្ងៃ​ពុធ​ទី ២០ ខែមិថុនា នាយករដ្ឋមន្ត្រី​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​អង់គ្លេស​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ (Theresa May) ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អឺរ៉ុប​។ បន្ទាប់ពី​ចាកចេញ​ពី​អង់គ្លេស ទើប​លោក ប្រា​យុទ្ធ បន្តដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ផងដែរ​។

​មុន​ហោះហើរ​ទៅ​អង់គ្លេស លោក ប្រា​យុទ្ធ បាន​បដិសេធ​មិន​ចង់​និយាយ​រឿង​ធ្វើ​បត្យាប័ន​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដើម្បី​កាត់ទោស​នៅ​ថៃ​ឡើយ​។ អង់គ្លេស​ជាទី​ដែល​លោកស្រី យី​ង​ឡាក់ ត្រូវ​រាយការណ៍​ថា បានទទួល​ទិដ្ឋាការ​ចេញចូល​រយៈពេល​១០​ឆ្នាំ​ឯណោះ​។ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​ភៀសខ្លួន​ទៅកាន់​រដ្ឋ​អឺរ៉ុប​ដើម្បី​គេច​ពី​ការកាត់ទោស​ក្នុង​សំណុំរឿង​ពុករលួយ​កម្មវិធី​ទិញស្រូវ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោក ប្រា​យុទ្ធ នឹង​ផ្ដោត​សំខាន់​លើ​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការទាក់ទាញ​អ្នកវិនិយោគ​ពី​អឺរ៉ុប​ទៅរក​ស៊ី​នៅ​ថៃ​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​រូបនេះ​ក៏​អាច​ជួប​បញ្ហា​ប្រឈមមុខ​ផ្សេងទៀត​ដែរ ជាពិសេស​ការទាមទារ​ឲ្យ​អឺរ៉ុប​លើកយក​ប​ញ្ហ​សិទ្ធិមនុស្ស​។ គេ​ក៏​មិនទាន់​ច្បាស់​ថា រដ្ឋ​អឺរ៉ុប​ទាំងពីរ​នឹង​លើកឡើង​ពី​បញ្ហា​នេះ​ឬ​យ៉ាងណាដែរ ដ្បិត​ពាណិជ្ជកម្ម​ថៃ និង​បារាំង ឬ​អង់គ្លេស​ជា​រឿង​អាទិភាព មិនមែន​ប្រជាធិបតេយ្យ ឬ​សិទ្ធិមនុស្ស​ឡើយ​។​

​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក ប្រា​យុទ្ធ ក៏​នឹង​ត្រូវបាន​ស្វាគមន៍​ដោយ​ក្រុមអ្នកតវ៉ា​ជាច្រើន​ផងដែរ​។ ដោយ​មិន​បារម្ភ​ពី​បាតុកម្ម មេដឹកនាំ​របប​យោធា​ថៃ​ចាត់ទុក​ផែនការ​ជួបជុំ​ប្រឆាំង​រូបលោក​ជា​សិទ្ធិ​របស់​អ្នក​តវ៉ា ហើយ​ម្យ៉ាង​ប្រទេស​ម្ចាស់ផ្ទះ​ក៏មាន​ច្បាប់​ធ្វើ​ឲ្យ​ទស្សនកិច្ច​នេះ​ដំណើរការ​រលូន​ដែរ​។ លោក​ប្រាប់​អ្នក​តវ៉ា​ឲ្យ​ទុក​ឱកាស​ឲ្យ​លោក​មាន​ទស្សនកិច្ច​ល្អ​ដើម្បី​ធានា​ដល់​បរទេស​ឲ្យ​ជឿ​លើ​បញ្ហា​ផ្សេងៗ​ដូចជា​សេដ្ឋកិច្ច​ជាដើម​។​

​នៅ​ក្រុង​ឡុង​ដ៏ ជំនួប​ទ្វេភាគី​ជាមួយ​លោកស្រី ម៉េ​យ៍ មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​ប្រធានបទ​សំខាន់​។ លោក ប្រា​យុទ្ធ នឹង​ជួប​អ្នកជំនួញ​ថៃ​រកស៊ី​នៅ​អង់គ្លេស និង​ក្រុមហ៊ុន​អង់គ្លេស​ផង​។ នៅ​បារាំង​វិញ​លោក ប្រា​យុទ្ធ នឹង​ធ្វើជា​អធិបតី​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន Airbus ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ Airways ដើម្បី​ឈានទៅ​បើក​កន្លែង​ថែទាំ និង​ជួសជុល​យន្តហោះ​នៅ​ព្រលានយន្តហោះ U-tapao និង​កិច្ចព្រមព្រៀង​ទិញ​ផ្កាយរណប​អង្កេត​ការណ៍​ពី​ក្រុមហ៊ុន Airbus ដូចគ្នា​ដែលមាន​តម្លៃ ២១៥​លាន​ដុល្លារ​៕


Tag:
 ថៃ​
  អឺរ៉ុប​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​
© រក្សាសិទ្ធិដោយ thmeythmey.com