FIFA
កីឡាជាតិ
ជាតិ
សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ភ្នាល់​បាល់​ជ្រក​ក្រោម​យីហោ​កាហ្វេ​នៅ​ក្រុង​តាខ្មៅ​
20, Jun 2018 , 10:19 pm        
រូបភាព
ដោយ:
​សមត្ថកិច្ច​បាន​បង្ក្រាប​ទីតាំង​ភ្នាល់​បាល់​និង​ចាក់​កន្ទុយលេខ​ជ្រក​ក្រោម​យីហោ​«​ស្ព​ត​កាហ្វេ​» ដ៏​ធំ​មួយកន្លែង​នៅ​ក្រុង​តាខ្មៅ ក្នុង​រដូវ​កាល​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ FIFA World Cup នេះ​។ ប្រតិបត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​បុគ្គលិក​និង​អ្នក​ភ្នាល់​បាល់​បាន​ចំនួន​៦​នាក់ រួមជាមួយ​វត្ថុតាង​មួយចំនួន​។



​ស្របពេល​ប្រទេស​រុស្ស៊ី​កំពុង​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ពិភពលោក FIFA World Cup 2018 សមត្ថកិច្ច​នៃ​ការដ្ឋាន​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​នគរបាល​ក្រុង​តាខ្មៅ​បាន​ចុះបង្ក្រាប​ទីតាំង​ភ្នាល់​បាល់​និង​កត់​កន្ទុយលេខ​ជ្រក​ក្រោម​យីហោ «​ស្ព​ត​កាហ្វេ​» មួយកន្លែង​នៅ​ភូមិ​តាខ្មៅ​១ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​។ ព្រឹត្តិការណ៍ World Cup ដែលមាន​៣២​ក្រុម​ចូលរួម​ឆ្នាំនេះ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១៤ ខែមិថុនា ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​។ 

​ប្រតិបត្តិ​ការបង្ក្រាប​ក្រោម​ការដឹកនាំ​របស់លោក ឡាក់ ម៉េង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុគ្គលិក​បម្រើការ​ងារ​នៅ​ទីតាំង​ខាងលើ​ចំនួន​៣​នាក់​និង​អ្នក​ភ្នាល់​បាល់​ចំនួន​៣​នាក់​។  ជាមួយគ្នានេះ សមត្ថកិច្ច​បាន​រឹបអូស​បាន​វត្ថុតាង​មួយចំនួន​ដូចជា ម៉ាស៊ីន​ម៉ូនីទ័រ​៤​គ្រឿង​, កំ​ព្យូ​ទ័​រ​៦​គ្រឿង​, ម៉ូតូ​៦​គ្រឿង​, ថវិកា​១,៧០០,០០០​រៀល​និង​១៣៣​ដុល្លារ​, ម៉ាស៊ីន​គិត​លេខ​៣​គ្រឿង​, ម៉ាស៊ីន​ព្រី​ន​វិ​ក័យ​ប​ត្រ​បាល់​២​គ្រឿង​, រ៉ូ​ល​បាល់​៤​ដុំ​, ធុង​ហិប​ឆ្នោត​១, សន្លឹកឆ្នោត​ផ្សងសំណាង​៧​ដុំ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត​។ នេះ​បើ​យោងតាម​សារព័ត៌មាន​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​បន្តថា បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕ 


Tag:
 បាល់ទាត់​
  តាខ្មៅ​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com