អន្តរជាតិ
ស៊ី ប្រាប់ គីម ថា ចិននៅគាំទ្រកូរ៉េខាងជើងមិនងាករេ ទោះស្ថានការណ៍អន្តរជាតិផ្លាស់ប្ដូរយ៉ាងណា ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃស្វាគមន៍មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (រូបភាព Xinhua)
× ប្រធានាធិបតីចិន ស៊ី ជិនភីង បានសន្យាចំពោះមុខមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថា ចិននឹងនៅតែគាំទ្រកូរ៉េខាងជើងជាដរាប ទោះជាស្ថានការណ៍ពិភពលោកប្រែប្រួលយ៉ាងណាក្ដី។ លោក ស៊ី បានជួបជាមួយលោក គីម ជាលើកទីបីនៅថ្ងៃទី១៩ ខែមិថុនា គឺជាងមួយសប្ដាហ៍ក្រោយលោក គីម ជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសិង្ហបុរី។ ឯលោក គីម វិញ បង្ហាញជំហររឹតចំណងមិត្តភាពជាមួយចិនឲ្យកាន់តែរឹងមាំថែមទៀត។
មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចពីរថ្ងៃនៅទឹកដីចិននៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា ដែលជាដំណើរទស្សកិច្ចលើកទីបីរបស់លោកនៅសម្ព័ន្ធមិត្តរបស់ខ្លួន។ លោក គីម បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី១ នៃដំណើរទស្សនកិច្ច ដោយបានជជែកគ្នាលើទំនាក់ទំនងទ្វេភាគី និងលទ្ធផលជំនួបរវាងលោក គីម និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី១២ កន្លងទៅ។
លោក ស៊ី បានសាទរលទ្ធផលជំនួបនៅសិង្ហបុរី និងស្នើឲ្យក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោនអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។ ឯចិនវិញក៏ត្រៀមខ្លួនដើរតួនាទីសំខាន់ក្នុងការបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ប្រធានាធិបតីចិនក៏បានប្រកាសចំពោះមុខមេដឹកនាំកូរ៉េខាងជើង ថា បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលឲ្យតម្លៃខ្លាំងដល់ទំនាក់ទំនងមិត្តភាពរវាងចិន និងកូរ៉េខាងជើង។
«ទោះជាស្ថានការណ៍អន្តរជាតិ និងតំបន់ផ្លាស់ប្ដូរយ៉ាងណា ជំហររឹងមាំរបស់បក្ស និងរដ្ឋាភិបាលចិនក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងជើង នៅតែដដែល ហើយមិត្តភាពរវាងប្រជាជនចិន និងកូរ៉េខាងជើង មិនផ្លាស់ប្ដូរឡើយ ហើយការគាំទ្ររបស់ចិនលើកូរ៉េខាងជើង ក៏មិនផ្លាស់ប្ដូរដែរ។» នេះជាការសន្យារបស់លោក ស៊ី ទៅកាន់លោក គីម មុននឹងបន្តថា លោកក៏មានឆន្ទៈធ្វើការជាមួយលោក គីម លើបញ្ហាដែលបានព្រមព្រៀងគ្នាកន្លងមក។
ក្នុងជំនួបលើកទី៣ នេះ លោក គីម ដែលជាប្រធានគណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើង បានអរគុណចិនចំពោះការគាំទ្រវិជ្ជមាន និងស្មោះត្រង់ ព្រមទាំងការជួយឲ្យជំនួបជាមួយលោក ត្រាំ នៅសិង្ហបុរី ទទួលបានជោគជ័យ។ មេដឹកនាំកំពូលកូរ៉េខាងជើងក៏លើកឡើងពីទំនាក់ទំនងស៊ីជម្រៅរវាងកូរ៉េខាងជើង និងចិន ហើយបង្ហាញជំហរត្រៀមខ្លួនធ្វើការជាមួយចិនដើម្បីទំនាក់ទំនងទ្វេភាគីរវាងរដ្ឋ និងរដ្ឋ ក៏ដូចជាប្រជាជន និងប្រជាជនផង។
តាមពិតទៅ ទស្សនកិច្ចពីរថ្ងៃរបស់លោក គីម នៅរដ្ឋធានីប៉េកាំងលើកនេះ មានគោលដៅធានាថា ផលប្រយោជន៍របស់ចិនមិនបាត់បង់ឡើយ ទោះជាកូរ៉េខាងជើងកំពុងស្ថិតលើផ្លូវទៅកាន់ទំនាក់ទំនងល្អជាមួយអាមេរិកក៏ដោយចុះ។ មិនត្រឹមតែការពារប្រយោជន៍ឡើយ ចិននឹងក្លាយជាតួអង្គសំខាន់ដែលមិនអាចខ្វះបានទៀតផង មិនថាការរំសាយនុយក្លេអ៊ែរ ឬក៏ការបង្កើតសន្តិភាពជាអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េឡើយ៕
Tag:
ចិន
កូរ៉េខាងជើង
ស៊ី ជិនភីង
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com