ពីនេះ ពីនោះ
«​បុគ្គលិក​, សហការី និង​សហសេវិក​» សម្រាប់​ប្រើ​ខុសគ្នា​ដូចម្តេច​?
23, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សន្ទានុក្រម​សទិសន័យ​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ទាំងបី​នេះ សម្រាប់​ប្រើ​ក្នុង​សំណេរ​ខុសៗ​គ្នា​។ ប៉ុន្តែ​អត្ថន័យរ​បស់ពាក្យ​ទាំងនេះ​សុទ្ធតែ​មានន័យថា អ្នក​ដែល​បម្រើ​ការងារ​ក្នុង​អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ​ក្នុង​ជួរ​មន្ត្រីរាជការ ជាដើម​។



«​បុគ្គលិក​» ជា​បាលី សំដៅលើ​បុគ្គល​ម្នាក់ៗ ដែល​មិនមែនជា​សាធារណៈ ជា​ភ្នាក់ងាររាជការ​ដែល​ធ្វើការ​ក្នុង​ក្រសួង​រាជការ​ផ្សេងៗ ឬ​និយោជិត​នៃ​គ្រឹះស្ថាន​ពាណិជ្ជកម្ម​។ ភាសា​បារាំង Personnel ជា​បុគ្គលិកភាព ភាព​នៃ​បុគ្គលិក​ម្នាក់ៗ​។ បុគ្គលិកលក្ខណៈ លក្ខណៈ​នៃ​បុគ្គលិក គឺ​លក្ខណៈ​របស់​មនុស្ស​ម្នាក់ៗ​។

«​សហការី​» ជា​អ្នកធ្វើការ​ជាមួយគ្នា អ្នក​ព្រួត​គ្នា​ជួយ​ធ្វើ​កិច្ចការ​ណាមួយ ជា​ភ្នាក់ងារ​ក្នុង​មុខតំណែង​រាជការ​ជាដើម​។ នាយក​ការិយាល័យ និង​លេខាធិកា ជា​សហការី​នាយក​ក្រសួង​។ លោក​រដ្ឋមន្ត្រី​ព្រមទាំង​សហការី​បាន​អញ្ជើញ​ទៅ​ជួបជុំ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​នោះដែរ​។

​រីឯ «​សហសេវិក​» អ្នក​ដែល​ប្រកាន់​ឧ​ត្ត​ម​គតិ​ដូចគ្នា​, អ្នកមាន​ចិត្តគំនិត​ត្រូវ​គ្នា​។ សហសេវិក​ធ្វើការ​ក្នុង​ស្ថាប័ន​តែមួយ ត្រូវ​ប្រកាន់​ភ្ជាប់​ក្រមសីលធម៌​ល្អ ទើប​ក្រុមហ៊ុន​ដំណើរការបាន​ជោគជ័យ​។ នេះ​បើតាម​សន្ទានុក្រម​សទិសន័យ​ខ្មែរ​ដដែល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com