អាជ្ញាកណ្តាល​អាមេរិក​រង​ការរិះគន់ ដោយសារ​សុំ​អាវ Ronaldo ក្រោយ​ជំនួប​ព័រ​ទុយ​ហ្គា​ល់​-​ម៉ា​រ៉ុ​ក​

FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាល​អាមេរិក​រង​ការរិះគន់ ដោយសារ​សុំ​អាវ Ronaldo ក្រោយ​ជំនួប​ព័រ​ទុយ​ហ្គា​ល់​-​ម៉ា​រ៉ុ​ក​
21, Jun 2018 , 11:34 am         4637
រូបភាព
លោក Mark Geiger (កណ្តាល) ដែលសុំអាវ Ronaldo
លោក Mark Geiger (កណ្តាល) ដែលសុំអាវ Ronaldo
Nordin Amrabat ខ្សែបម្រើ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ា​រ៉ុ​ក បាន​រិះគន់​ទៅលើ​អាជ្ញាកណ្ដាល​អាមេរិក លោក Mark Geiger ដែល​សុំ​អាវ​របស់ Cristiano Ronaldo អំឡុងពេល​ចប់​ការប្រកួត​វគ្គ​ទី​១ រវាង​ព័រ​ទុយ​ហ្គា​ល់​នឹង​ម៉ា​រុក នៅ​ថ្ងៃទី​២០ ខែមិថុនា​។ នេះ​បើតាម​ការផ្សាយ​របស់ DailyMail​។​



​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ា​រុក ក្លាយជា​ក្រុម​ទីមួយ ដែល​បាត់​ឱកាស​ឈានទៅ​កាន់​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018 បន្ទាប់ពី​ពួកគេ​ចាញ់​ព័រ​ទុយ​ហ្គា​ល់ ១-០ សម្រាប់​ការប្រកួត​លើក​ទី​ពីរ​នៅក្នុង​ពូ​ល B នា​កីឡដ្ឋាន Luzhniki Stadium​។ Ronaldo ដែល​ស៊ុត​បាល់​បញ្ចូល​ទី​តែម្នាក់ឯង​៣​គ្រាប់​នា​ជំនួប​ជាមួយ​អេ​ស្ប៉ា​ញ ជា​អ្នក​នាំ​ជ័យជម្នះ​ដល់​ព័រ​ទុយ​ហ្គា​ល់ តាមរយៈ​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​៤​នាទី​ដំបូង​។​

​ក្រោយ​ចប់​ការប្រកួត​ជាមួយ​ព័រ​ទុយ​ហ្គា​ល់ Amrabat ខ្សែបម្រើ​ក្រុម Watford បាន​និយាយថា​ខ្លួន​បានដឹងថា​អាជ្ញាកណ្ដាល Mark Geiger បាន​ទៅសុំ​អាវ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Real Madrid តាំងពី​ចប់​តង់​ទី​១​ម្ល៉េះ​។ រឿង​មួយ​នេះ មិនគួរ​ឲ្យ​កើតមាន​សោះ ព្រោះនេះ​ជា​ព្រឹត្តិការណ៍ World Cup មិនមែនជា​ការសម្តែង​សៀក​នោះទេ​។​

«​ខ្ញុំ​មិនដឹងថា​គាត់​ពីមុន​ធ្វើ​អី​ទេ ប៉ុន្តែ​គាត់​មើលទៅ​ដូចជា​ចូលចិត្ត Ronaldo ណាស់ ហើយ​ខ្ញុំ​បានឮ Pepe និយាយទៀតថា​អាជ្ញាកណ្ដាល​រូបនេះ​បាន​សុំ​អាវ​របស់ Ronaldo នៅ​ចប់​វគ្គ​ទី​១​នៃ​ការប្រកួត​។ តើ​យើង​កំពុងនិយាយ​ពីអ្វី​? នេះ​គឺ​នៅ World Cup? វា​មិនគួរ​ឲ្យ​មានរឿង​ដូច្នេះ​កើតឡើង​សោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់ Amrabat​។​

​ក្រោយ​ទទួលបាន​៣​ពិន្ទុ​បន្ថែម ព័រ​ទុយ​ហ្គា​ល់​កាន់តែ​មា​នស​ង្ឃឺ​ម​ខ្ពស់​ដើម្បី​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយ​គ្រាន់តែ យក​ត្រឹម​ស្មើ​ជាមួយ​អឺ​រ៉ុង​ក្នុងការ​ប្រកួត​ចុងក្រោយ​ប៉ុណ្ណោះ​។​
​លោក Geiger វ័យ​៤៣​ឆ្នាំ ជា​អាជ្ញាកណ្ដាល​ដែល FIFA រើស​មកពី​ក្របខណ្ឌ​លី​គ​កំពូល​អាមេរិក MLS ដើម្បី​មក​កាត់សេចក្តី​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​នេះ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  Cristiano Ronaldo
  Nordin Amrabat
© រក្សាសិទ្ធិដោយ thmeythmey.com