កីឡាជាតិ
ជាតិ
ជើងឯក​អុក​អង្គរ​សង្ក្រាន្ត សុខ លឹម​ហេង និង ឆ​យ វី​រ៉ា អស់​ឱកាស​ប្រជែង​ជើងឯក​នៅ​ឆ្នាំនេះ​
21, Jun 2018 , 3:49 pm        
រូបភាព
ដោយ:
​ម្ចាស់​ជើងឯក​កីឡា​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កីឡាករ សុខ លឹម​ហេង និង​ម្ចាស់​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​ចាស់ ឆ​យ វីវ៉ា សុទ្ធតែ​អស់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើម​ជើងឯក​ថ្នាក់ជាតិ​នៅ​ឆ្នាំនេះ​។ បន្ទាប់ពី​ពួកគេ​ចាញ់​គូប្រកួត​រៀងៗ​ខ្លួន ក្នុង​វគ្គ​ជម្រុះ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ ការបរាជ័យ​នេះ ធ្វើ​ឲ្យ​តំណែង​ក្នុង​ក្របខណ្ឌ​កីឡាករ​ជម្រើសជាតិ​របស់​ពួកគេ ស្ថិតក្នុង​ភាពស្រពេចស្រពិល​។​



​គ្មាន​ឡើយ​វត្តមាន​កីឡាករ សុខ លឹម​ហេង ស្តេច​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ និង​កីឡាករ ឆ​យ វី​រ៉ា ម្ចាស់​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ សម្រាប់​ការ​ប្រជែង​ដណ្តើម​ជើងឯក​ប្រចាំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៨​។ ការ​អវត្តមាន​ជើង​ខ្លាំង​ទាំងពីរ​រូបនេះ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​គូប្រកួត​រៀងៗ​ខ្លួន​នា​ការប្រកួត​វគ្គ​ជម្រុះ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​។​

​ក្នុងនោះ​កីឡាករ សុខ លឹម​ហេង លេខ​១​ប្រចាំ​ពូ​ល A ចាញ់​កីឡាករ ឆ​យ វី​រ៉ា ក្នុង​វគ្គ​១៦​នាក់​ចុងក្រោយ រីឯ​កីឡាករ ឆ​យ វី​រ៉ា លេខ​១​ប្រចាំ​ពូ​ល H ចាញ់​កីឡាករ ប៊ូ ប៉ុណ្ណ​ម៉ូ​លីកា ក្នុង​វគ្គ​៨​នាក់​ចុងក្រោយ​។ ការបរាជ័យ​នេះ ធ្វើ​ឲ្យ​តំណែង​ក្នុង​ក្របខណ្ឌ​កីឡាករ​ជម្រើសជាតិ​របស់​ពួកគេ​ទាំងពីរ​ស្ថិតក្នុង​ភាពស្រពេចស្រពិល​។ នា​ការប្រកួត​ឆ្នាំ​២០១៧ កីឡាករ ឆ​យ វី​រ៉ា ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ខណៈ​កីឡាករ សុខ លឹម​ហេង បាន​លេខ​៣​។

​ចំណែក​កីឡាករ ហេង សៅ​ឌី ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ជា​ជើងឯក​រង​ការប្រកួត​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ និង​កីឡាករ ប៊ិន គា​សេង ម្ចាស់​លេខ​៤​ឆ្នាំ​ចាស់ សុទ្ធតែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​។ ការបរាជ័យ​នេះ ធ្វើ​ឲ្យ​កីឡាករ​ជម្រើសជាតិ​ទាំងពីរ​បាត់​ឱកាស​ប្រមូលផ្តុំ​ក្នុង​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៩​។

​សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ មាន​កីឡាករ​ចូលរួម​៤៨​នាក់ ដោយ​ការប្រកួត​មាន​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២០-២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ ក្នុងចំណោម​កីឡាករ​ទាំងនេះ សហព័ន្ធ​នឹង​ជ្រើសរើស​ពី​លេខ​១-១៦ ដើម្បី​ស្នើសុំ​គោលការណ៍​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្នុងការ​ប្រមូលផ្តុំ​ជម្រើសជាតិ​។ ប៉ុន្តែ​លទ្ធផល​យ៉ាងណា អាស្រ័យ​លើ​ការសម្រេច​របស់​ក្រសួង​អប់រំ ខណៈ​កាលពី​លើក​មុន​ក្រសួង​អនុញ្ញាត​ឲ្យ​៦​នាក់​រួមមាន កីឡាករ ឆ​យ វី​រ៉ា​, ហេង សៅ​ឌី​, សុខ លឹម​ហេង​, ប៊ិន គា​សេង​, រស់ រិទ្ធី​យ៉ា និង ប៊ូ ប៉ុណ្ណ​ម៉ូ​លីកា​៕   


Tag:
 អុកចត្រង្គ​
  សុខ លឹម​ហេង​
  ឆ​យ វី​រ៉ា​
  ជើងឯក​ថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com