ជាតិ
នយោបាយជាតិ
នូវែលសេឡង់ ថាការបោះឆ្នោតនៅកម្ពុជា នឹងមិនស្របច្បាប់ បើគ្មានបក្សប្រឆាំង លោក Jarrod Clyne តំណាងប្រទេសនូវែលសេឡង់ អានសេចក្តីថ្លែងការណ៍ស្តីពីបញ្ហាកម្ពុជា ក្នុងកិច្ចប្រជុំលើកទី៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
× នូវែលសេឡង់ បានវាយតម្លៃទុកជាមុនថា ការបោះឆ្នោតនៅកម្ពុជា នឹងមិនមានភាពស្របច្បាប់ឡើយ បើគ្មានបក្សប្រឆាំង។ អ្នកនាំពាក្យបក្សកាន់អំណាច ប្រតិកម្មថា នូវែលសេឡង់ កំពុងលូកដៃចូលផ្ទៃក្នុងកម្ពុជា ដែលផ្ទុយទៅនឹងធម្មនុញនៃអង្គការសហប្រជាជាតិ។
បញ្ហានយោបាយនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការបោះឆ្នោតនាពេសមុខ ត្រូវបានតំណាងប្រទេសនូវែលសេឡង់ លើកយកទៅថ្លែងក្នុងកិច្ចប្រជុំលើកទី៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលកំពុងដំណើរការពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងកិច្ចប្រជុំខាងលើ ដែលមានការចូលរួមពីតំណាងប្រទេសជាច្រើនលើពិភពលោក លោក Jarrod Clyne តំណាងប្រទេសនូវែលសេឡង់ បានអានសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖«ការបោះឆ្នោត [នៅកម្ពុជា] មិនអាចចាត់ទុកថាមានភាពត្រឹមត្រូវ សេរី និងស្របច្បាប់នោះទេ ដោយសារតែមិនអនុញ្ញាតឲ្យបក្សប្រឆាំងចូលរួម»។
បើតាមសេចក្តីថ្លែងការណ៍នោះ តំណាងនូវែលសេឡង់ បានរិះគន់ខ្លាំងៗ ចំពោះចំណាត់ការរដ្ឋាភិបាលកម្ពុជាមួយរយៈចុងក្រោយនេះ ដូចជា ការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់លោក កឹម សុខា ការរឹតត្បិតសិទ្ធិបញ្ចេញមតិ និងសារព័ត៌មាន ជាដើម។ បន្ទាប់មក តំណាងនូវែលសេឡង់ ក៏ស្នើរដ្ឋាភិបាលកម្ពុជា ដកចំណាត់ការទាំងនេះចេញវិញ ដោយឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពដូចមុន និងដោះលែងលោក កឹម សុខា ព្រមទាំងបញ្ឈប់ការធ្វើទុកបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយ។
សេចក្តីថ្លែងការណ៍របស់តំណាងប្រទេសនូវែលសេឡង់ បានបញ្ជាក់ចុងក្រោយបែបនេះថា៖«យើង ជំរុញឲ្យសហគមន៍អន្តរជាតិ និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ ចូលរួមឃ្លាំមើលស្ថានការណ៍នៅកម្ពុជា ទាំងមុន និងក្រោយការបោះឆ្នោត»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅកិច្ចអន្តរាគមន៍របស់ប្រទេសនូវែលសេឡង់ ថាជាការលូកដៃចូលផ្ទៃក្នុងកម្ពុជា ហើយជាការរំលោភលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ លោក ថែមទាំងលើឡើងថា ទង្វើរបស់ប្រទេសនូវែលសេឡង់ មានភាពលម្អៀងខាងនយោបាយ និងដើរតាមមនោគមវិជ្ជានៃប្រទេសមហាអំណាច។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានសរសេរសារក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមយ៉ាងដូច្នេះថា៖«ប្រទេសនូវែលសេឡង់ គួរគោរពនិងអនុវត្តធម្មនុញ្ញនៃអង្គការសហប្រជាតិ និងគោរពឯករាជ្យនិងអធិបតេយ្យភាពកម្ពុជា ហើយចាត់ទុកកម្ពុជាមិត្តរបស់ខ្លួន។ ចំណាត់ការផ្លូវច្បាប់ លើអតីតបក្សប្រឆាំង គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។
គួររម្លឹកថា ការបោះឆ្នោតនីតិកាលទី៦នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្ស២០ ចូលរួមប្រកួតប្រជែង៕
Tag:
បោះឆ្នោត
នូវែលសេឡង់
កម្ពុជា
សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com