ជាតិ
​​​ន​យោ​បាយ​ជាតិ​
នូ​វែ​ល​សេ​ឡង់ ថា​ការបោះឆ្នោត​នៅ​កម្ពុជា នឹងមិន​ស្របច្បាប់ បើ​គ្មាន​បក្សប្រឆាំង​
21, Jun 2018 , 8:59 pm        
រូបភាព
លោក Jarrod Clyne តំណាងប្រទេសនូវែលសេឡង់ អានសេចក្តីថ្លែងការណ៍ស្តីពីបញ្ហាកម្ពុជា ក្នុងកិច្ចប្រជុំលើកទី៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
លោក Jarrod Clyne តំណាងប្រទេសនូវែលសេឡង់ អានសេចក្តីថ្លែងការណ៍ស្តីពីបញ្ហាកម្ពុជា ក្នុងកិច្ចប្រជុំលើកទី៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
នូ​វែ​ល​សេ​ឡង់ បាន​វាយតម្លៃ​ទុកជាមុន​ថា ការបោះឆ្នោត​នៅ​កម្ពុជា នឹង​មិនមាន​ភាពស្រប​ច្បាប់​ឡើយ បើ​គ្មាន​បក្សប្រឆាំង​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច ប្រតិកម្ម​ថា នូ​វែ​ល​សេ​ឡង់ កំពុង​លូកដៃ​ចូល​ផ្ទៃក្នុង​កម្ពុជា ដែល​ផ្ទុយទៅនឹង​ធម្មនុញ​នៃ​អង្គការសហប្រជាជាតិ​។



​បញ្ហានយោបាយ​នៅ​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នា​ពេ​សមុខ ត្រូវបាន​តំណាង​ប្រទេស​នូ​វែ​ល​សេ​ឡង់ លើក​យកទៅ​ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល​កំពុងដំណើរការ​ពីថ្ងៃ​ទី​១៨ ខែមិថុនា ដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ ក្នុង​កិច្ចប្រជុំ​ខាងលើ ដែលមាន​ការចូលរួម​ពី​តំណាង​ប្រទេស​ជាច្រើន​លើ​ពិភពលោក លោក Jarrod Clyne តំណាង​ប្រទេស​នូ​វែ​ល​សេ​ឡង់ បាន​អាន​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​ការបោះឆ្នោត [​នៅ​កម្ពុជា​] មិនអាច​ចាត់ទុកថា​មាន​ភាពត្រឹមត្រូវ សេរី និង​ស្របច្បាប់​នោះទេ ដោយសារតែ​មិន​អនុញ្ញាត​ឲ្យ​បក្សប្រឆាំង​ចូលរួម​»​។ 

​បើតាម​សេចក្តីថ្លែងការណ៍​នោះ តំណាង​នូ​វែ​ល​សេ​ឡង់ បាន​រិះគន់​ខ្លាំងៗ ចំពោះ​ចំណាត់ការ​រដ្ឋាភិបាល​ក​ម្ពុ​ជាមួយ​រយៈ​ចុង​ក្រោយនេះ ដូចជា កា​ររំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការចាប់​លោក កឹម សុខា ការ​រឹតត្បិត​សិទ្ធិ​បញ្ចេញមតិ និង​សារព័ត៌មាន ជាដើម​។ បន្ទាប់មក តំណាង​នូ​វែ​ល​សេ​ឡង់ ក៏​ស្នើ​រដ្ឋាភិបាល​កម្ពុជា ដក​ចំណាត់ការ​ទាំងនេះ​ចេញ​វិញ ដោយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ដូច​មុន និង​ដោះលែង​លោក កឹម សុខា ព្រមទាំង​បញ្ឈប់​ការធ្វើ​ទុក​បុក​ម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

​សេចក្តីថ្លែងការណ៍​រប​ស់​តំណាង​ប្រទេស​នូ​វែ​ល​សេ​ឡង់ បានបញ្ជាក់​ចុងក្រោយ​បែបនេះ​ថា​៖«​យើង ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជា​តិ ចូលរួម​ឃ្លាំមើល​ស្ថានការណ៍​នៅ​កម្ពុជា ទាំង​មុន និង​ក្រោយ​ការបោះឆ្នោត​»​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​កិច្ច​អន្តរាគមន៍​របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់ ថា​ជាការ​លូកដៃ​ចូល​ផ្ទៃក្នុង​កម្ពុជា ហើយ​ជា​ការរំលោភ​លើ​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​។ លោក ថែមទាំង​លើ​ឡើង​ថា ទង្វើ​របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់ មាន​ភាពលម្អៀង​ខាង​នយោបាយ និង​ដើរ​តាម​មនោគមវិជ្ជា​នៃ​ប្រទេស​មហាអំណាច​។​

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រា​មយ៉ាង​ដូច្នេះ​ថា​៖«​ប្រទេស​នូ​វែ​ល​សេ​ឡង់ គួរ​គោរព​និង​អនុវត្ត​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជា​តិ និង​គោរព​ឯករាជ្យ​និង​អធិបតេយ្យភាព​កម្ពុជា ហើយ​ចាត់ទុក​កម្ពុជា​មិត្ត​របស់ខ្លួន​។ ចំណាត់ការ​ផ្លូវច្បាប់ លើ​អតីត​បក្សប្រឆាំង គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​»​។​

​គួររម្លឹកថា ការបោះឆ្នោត​នីតិកាល​ទី​៦​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​២០ ចូលរួម​ប្រកួតប្រជែង​៕


Tag:
 បោះឆ្នោត​
  នូ​វែ​ល​សេ​ឡង់​
  កម្ពុជា​
  សុខ ឥសាន​
© រក្សាសិទ្ធិដោយ thmeythmey.com