FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ពិន័យ​ម៉ិ​ក​ស៊ិ​ក​១​ម៉ឺន​ដុល្លារ ដោយសារ​អ្នកគាំទ្រ​ច្រៀង​ឌឺ​ដាក់ Neuer ថា​ជា​ប្រុស​លក់ខ្លួន​
22, Jun 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ិ​ក​ស៊ិ​ក (FMF) ត្រូវបាន​ពិន័យ​ជា​ប្រាក់ ១០០០០​ដុល្លារ​អាមេរិក បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​ដោយ​ច្រៀង​ចម្រៀង​បែប​ប្រមាថមើលងាយ​ក្នុងអំឡុង​ការប្រកួត​ពានរង្វាន់ World Cup នា​ជំនួប​ម៉ិ​ក​ស៊ិ​ក​ទល់នឹង​អាល្លឺម៉ង់​កាលពី​ថ្ងៃទី​១៧ ខែមិថុនា​។​



​ម្ចាស់​ការពារ​ជើងឯក​អាល្លឺម៉ង់ រង​នូវ​ការ​អាម៉ាស​បំផុត​នា​ការប្រកួត​បើកឆាក​ពូ​ល F ដោយ​កីឡាករ​ម៉ិ​ក​ស៊ិ​ក Harving Lazona បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ពាក់កណ្តាល​តង់​ទីមួយ​នៅ​កីឡដ្ឋាន Luzhniki Stadium​។​

​ស្របពេល​នោះដែរ ក្រុម​អ្នកគាំទ្រ​របស់​ម៉ិ​ក​ស៊ិ​កបាន​ស្រែកច្រៀង​ថា «puto» ទៅកាន់​អ្នកចាំទី​របស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ Manuel Neuer​។ puto មានន័យថា​ជាម​នុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​ដែល​គេ​ប្រើប្រាស់​ក្នុងប្រទេស​ម៉ិ​ក​ស៊ី​ក ហើយ​សម្តៅលើ​បុរស​រកស៊ី​ផ្លូវភេទ​ឲ្យ​បុរស​ដូចគ្នា​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​ព័ត៌មាន Independent​។​



​ទង្វើ​បែប​រើសអើង​ក្នុងការ​ប្រកួត​កីឡា​របស់​ក្រុម​អ្នកគាំទ្រ​នៅលើ​ទីលាន​បែបនេះ គណកម្មាធិការ​វិន័យ​របស់ FIFA បានសម្រេច​ដាក់ពិន័យ​ជា​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី FMF ដើម្បី​ជាការ​ប្រមាន​។ នេះ​ជាការ​ដាក់ពិន័យ​លើកដំបូង​ផងដែរ​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី បន្ទាប់ពី​ដំណើរការ​ប្រកួត​អស់​រយៈពេល​៧​ថ្ងៃ​មក​។​

​ទង្វើ​ដូចគ្នានេះ​របស់​អ្នកគាំទ្រ​ក្រុម​ក​ពី​តំបន់​អាមេរិក​កណ្តាល បានកើត​ឡើង​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៤ ដែល​ប្រេ​ស៊ី​ល​ជា​ម្ចាស់ផ្ទះ ប៉ុន្តែ FIFA មិនបាន​ចាត់វិធានការ​ពិន័យ​អ្វី​នោះទេ ដោយ​គ្រាន់តែ​ថ្កោលទោស​ប៉ុណ្ណោះ​។​

​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក ក៏បាន​ព្រមាន​ដល់ FMF ដែល​អាច​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាង​នេះ​បន្ថែមទៀត​ក្នុងករណី​មានការ​រំលោភបំពាន​នៅលើ​ទីលាន​ក្រោយៗ​ទៀត​៕



Tag:
 ​បាល់ទាត់​
  FIFA World Cup
  រើសអើង​
  Manuel Neuer
© រក្សាសិទ្ធិដោយ thmeythmey.com