អាយុជាង៣០ឆ្នាំ អ្នកស្រី មៃ ភស្ស ជាស្ត្រីមេម៉ាយម្នាក់ដែលរស់នៅឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ដោយសារគ្មានការងារធ្វើ និងគ្មានដីធ្វើស្រែ គាត់បានដើរបេះស្តៅក្បែរវាលស្រែ និងជីកទំពាំងក្នុងព្រៃ ដើម្បីយកមកលក់នៅភ្នំពេញ។
ស្ត្រីដែលមានកូនបីក្នុងបន្ទុករូបនេះ បានផ្សងព្រេងមករាជធានីជាមួយអ្នកភូមិបីបួននាក់ទៀត ដោយរំពឹងថា នឹងទទួលបានចំណូលបន្ថែមដើម្បីដោះស្រាយជីវភាពគ្រួសារ។ ចុះពីលើរថយន្តឈ្នួលភ្លាម អ្នកស្រី ភស្ស ចែកផ្លូវគ្នាជាមួយអ្នកភូមិផ្សេងទៀតដើម្បីដើរលក់ស្តៅ និងទំពាំងរបស់ខ្លួន។
ម៉ោងជាង៧យប់កាលពីថ្ងៃទី២០ ខែមិថុនា អ្នកស្រី ភស្ស ហាក់ដូចជាពិបាករកម៉ូយទិញខ្លាំងណាស់ ជាពិសេសនៅតំបន់បឹងកេងកង១ ដែលសម្បូរទៅដោយភោជនីយដ្ឋានបរទេស ហើយផ្ទះជាច្រើនបានបិទទ្វារទៅហើយ។
នៅមុខផ្ទះមួយលើផ្លូវ៣៣៤ អ្នកស្រី ភស្ស ដែលដៃម្ខាងទូលល្អី ហើយម្ខាងទៀតកាន់ដៃកូន បានពពាយនាយលក់បន្លែរបស់ខ្លួន។ អ្នកលក់រូបនេះ មិនបាននិយាយជាមួយម្ចាស់ផ្ទះច្រើនឡើយ ដោយកូនស្រីតូចរបស់ខ្លួនចេះតែស្រែកយំ ដោយសារឃ្លានបាយ និងស្រេកទឹកយ៉ាងខ្លាំង។
ដោយក្តីអាណិតម្ចាស់ផ្ទះ បានផ្តល់លុយកាក់មួយចំនួន និងចំណីអាហារសម្រាប់កូនតូច បើទោះបីជាគាត់មិនបានទិញបន្លែទាំងនោះក៏ដោយ។ អ្នកសារព័ត៌មាន ThmeyThmey ដែលមានផ្ទះក្បែរនោះដែរ បានសាកសួរព័ត៌មានខ្លះបន្ថែមទៀតពីអ្នកស្រី ភស្ស។
ស្ត្រីវ័យជាង៣០ឆ្នាំដែលធ្លាប់ធ្វើការសំណង់រូបនេះ បានអះអាងថា គាត់បានលែងលះគ្នាជិត១ឆ្នាំហើយ ដោយគាត់មានកូន៣នាក់នៅក្នុងបន្ទុក។ កូនដែលដើរជាមួយអ្នកស្រី គឺជាកូនពៅ ហើយកូនពីរនាក់ទៀត ស្នាក់នៅជាមួយយាយរបស់ពួកគេនៅស្រុកកំណើត។
«តើរំពឹងថាលក់បានប៉ុន្មាន?»។ គាត់គិតមិនឃើញឡើយ ពីព្រោះគាត់មកដល់ពេលព្រលប់ ហើយមិនទាន់មានម៉ូយទិញនោះដែរ។ ប៉ុន្តែអ្វីដែលគាត់អាចនិយាយបាននោះ គឺថា លក់ទាល់តែអស់ទើបត្រឡប់ទៅវិញ។
ចំពោះសោហ៊ុយធ្វើដំណើរមកភ្នំពេញ គាត់ត្រូវចំណាយអស់២៥០០០រៀល ។ អ្នកស្រី និងអ្នកភូមិទៀត បានណាត់គ្នាទៅសម្រាកនៅវត្តទួលសង្កែ។ «ពួកយើងនាំគ្នាទៅស្នាក់នៅទីនោះ ពេលលក់អស់ ពួកយើងចេញដំណើរទៅស្រុកវិញជាមួយគ្នា»។
និយាយចប់ អ្នកស្រី ភស្ស លើកល្អី ដាក់ទូលលើក្បាលឡើងវិញ ហើយដឹកដៃកូនដើរពពាយនាយលក់បន្លែនៅកន្លែងផ្សេងទៀត។ បើទោះបីជា កូនគាត់បានទឹកផឹក និងញ៉ាំនំហើយក៏ដោយ ប៉ុន្តែនាងតូចនៅតែដើរយំ និងបង្ខំចិត្តដើរផ្សងព្រេងតាមម្តាយទាំងចុករោយជើង។
តើទៅវត្តទួលសង្កែ តាមមធ្យោបាយណា? «បងប្រុស ខ្ញុំនឹងដើរសួរគេតាមផ្លូវ ពីព្រោះខ្ញុំក៏មិនស្គាល់ច្បាស់»។ អ្នកស្រី ភស្ស ងាកមកឆ្លើយប្រាប់វិញយ៉ាងដូច្នេះ៕