ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
បេះ​ស្តៅ និង​ជីក​ទំពាំង​ពី​ពោធិ៍សាត់ យកមក​ផ្សងព្រេង​លក់​ក្នុង​រាជធានី​!
21, Jun 2018 , 6:37 pm        
រូបភាព
អាយុ​ជាង​៣០​ឆ្នាំ អ្នកស្រី មៃ ភ​ស្ស ជា​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​រស់នៅ​ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ដោយសារ​គ្មាន​ការងារ​ធ្វើ និង​គ្មាន​ដី​ធ្វើស្រែ គាត់​បាន​ដើរ​បេះ​ស្តៅ​ក្បែរ​វាលស្រែ និង​ជីក​ទំពាំង​ក្នុងព្រៃ ដើម្បី​យកមក​លក់​នៅ​ភ្នំពេញ​។​

 
​ស្ត្រី​ដែលមាន​កូន​បី​ក្នុងបន្ទុក​រូបនេះ បាន​ផ្សងព្រេង​មក​រាជធានី​ជាមួយ​អ្នកភូមិ​បី​បួន​នាក់​ទៀត ដោយ​រំពឹងថា នឹង​ទទួលបាន​ចំណូល​បន្ថែម​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ចុះ​ពីលើ​រថយន្តឈ្នួល​ភ្លាម អ្នកស្រី ភ​ស្ស ចែកផ្លូវ​គ្នា​ជាមួយ​អ្នកភូមិ​ផ្សេងទៀត​ដើម្បី​ដើរ​លក់​ស្តៅ និង​ទំពាំង​របស់ខ្លួន​។​
 
​ម៉ោងជាង​៧​យប់​កាលពី​ថ្ងៃទី​២០ ខែមិថុនា អ្នកស្រី ភ​ស្ស ហាក់ដូចជា​ពិបាក​រក​ម៉ូយ​ទិញ​ខ្លាំងណាស់ ជាពិសេស​នៅ​តំបន់​បឹង​កេងកង​១ ដែល​សម្បូរ​ទៅដោយ​ភោជនីយដ្ឋាន​បរទេស ហើយ​ផ្ទះ​ជាច្រើន​បាន​បិទទ្វារ​ទៅហើយ​។ 
 
​នៅមុខ​ផ្ទះមួយ​លើផ្លូវ​៣៣៤ អ្នកស្រី ភ​ស្ស ដែល​ដៃ​ម្ខាង​ទូលល្អី ហើយ​ម្ខាង​ទៀត​កាន់​ដៃ​កូន បាន​ពពាយនាយ​លក់​ប​ន្លែ​របស់ខ្លួន​។ អ្នកលក់​រូបនេះ មិនបាន​និយាយ​ជាមួយ​ម្ចាស់ផ្ទះ​ច្រើន​ឡើយ ដោយ​កូនស្រី​តូច​របស់ខ្លួន​ចេះតែ​ស្រែកយំ ដោយសារ​ឃ្លានបាយ និង​ស្រេកទឹក​យ៉ាងខ្លាំង​។ 



ដោយ​ក្តី​អាណិត​ម្ចាស់ផ្ទះ បានផ្តល់​លុយកាក់​មួយចំនួន និង​ចំណីអាហារ​សម្រាប់​កូនតូច បើទោះបីជា​គាត់​មិនបាន​ទិញ​បន្លែ​ទាំងនោះ​ក៏ដោយ​។ អ្នកសារព័ត៌មាន ThmeyThmey ដែលមាន​ផ្ទះ​ក្បែរ​នោះដែរ បាន​សាកសួរ​ព័ត៌មាន​ខ្លះ​បន្ថែមទៀត​ពី​អ្នកស្រី ភ​ស្ស​។​
 
​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ដែល​ធ្លាប់​ធ្វើការ​សំណង់​រូបនេះ បាន​អះអាងថា គាត់​បាន​លែងលះគ្នា​ជិត​១​ឆ្នាំ​ហើយ ដោយ​គាត់​មានកូន​៣​នាក់​នៅក្នុង​បន្ទុក​។ កូន​ដែល​ដើរ​ជាមួយ​អ្នកស្រី គឺជា​កូនពៅ ហើយ​កូន​ពីរ​នាក់​ទៀត ស្នាក់នៅ​ជាមួយ​យាយ​របស់​ពួកគេ​នៅ​ស្រុកកំណើត​។​
 
«​តើ​រំពឹងថា​លក់បាន​ប៉ុន្មាន​?»​។ គាត់​គិត​មិនឃើញ​ឡើយ ពីព្រោះ​គាត់​មកដល់​ពេល​ព្រលប់ ហើយ​មិនទាន់មាន​ម៉ូយ​ទិញ​នោះដែរ​។ ប៉ុន្តែ​អ្វីដែល​គាត់​អាចនិយាយបាន​នោះ គឺថា លក់​ទាល់តែ​អស់​ទើប​ត្រឡប់​ទៅវិញ​។​
 
​ចំពោះ​សោហ៊ុយ​ធ្វើដំណើរ​មក​ភ្នំពេញ គាត់​ត្រូវ​ចំណាយ​អស់​២៥០០០​រៀល ។ អ្នកស្រី និង​អ្នកភូមិ​ទៀត បាន​ណាត់គ្នា​ទៅ​សម្រាក​នៅ​វត្ត​ទួល​សង្កែ​។ «​ពួកយើង​នាំគ្នា​ទៅ​ស្នាក់នៅ​ទីនោះ ពេល​លក់​អស់ ពួកយើង​ចេញដំណើរ​ទៅ​ស្រុក​វិញ​ជាមួយគ្នា​»​។ 
 
​និយាយ​ចប់ អ្នកស្រី ភ​ស្ស លើក​ល្អី ដាក់​ទូល​លើ​ក្បាល​ឡើងវិញ ហើយ​ដឹក​ដៃ​កូន​ដើរ​ពពាយនាយ​លក់​បន្លែ​នៅ​កន្លែង​ផ្សេងទៀត​។ បើទោះបីជា កូន​គាត់​បាន​ទឹក​ផឹក និង​ញ៉ាំ​នំហើយ​ក៏ដោយ ប៉ុន្តែ​នាង​តូច​នៅតែ​ដើរ​យំ និង​បង្ខំចិត្ត​ដើរ​ផ្សងព្រេង​តាម​ម្តាយទាំងចុករោយជើង​។​
 
​តើ​ទៅ​វត្ត​ទួល​សង្កែ តាម​មធ្យោបាយ​ណា​? «​បងប្រុស ខ្ញុំ​នឹង​ដើរ​សួរ​គេ​តាមផ្លូវ ពីព្រោះ​ខ្ញុំ​ក៏​មិន​ស្គាល់​ច្បាស់​»​។ អ្នកស្រី ភ​ស្ស ងាក​មក​ឆ្លើយ​ប្រាប់​វិញ​យ៉ាង​ដូច្នេះ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com