ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ស្នើ​ទៅគ្រប់​សាកលវិទ្យាល័យ ឲ្យ​និស្សិត​ក្រីក្រ​រៀន​ជំពាក់​
22, Jun 2018 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​ទាំង​សាកលវិទ្យាល័យ​របស់រ​ដ្ឋ និង​ឯ​កជន ឬក៏​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា គួរពិនិត្យមើល ក្នុង​ការផ្តល់​លទ្ធភាព​ឲ្យ​និស្សិត​ដែល​ជួប​ការលំបាក់ ជាពិសេស​និស្សិត​ក្រីក្រ បាន​សិក្សា​ដោយ​ជំពាក់​ការបង់ថ្លៃ​។ នេះ​ជា​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លើកឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជាង​៣​ពាន់​នាក់ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨​។​



​ប្រមុខ​រដ្ឋាភិបាល  មើលឃើញ​ទៀតថា មាន​និស្សិត​ខ្លះ អាចមាន​លទ្ធភាព​បង់ថ្លៃ ពេល​កំពុង​សិក្សា​ក្នុង​ឆ្នាំ​ទី​១​ឬ​ឆ្នាំ​២​។ ប៉ុន្តែ និស្សិត​ទាំងនោះ អាច​ជួប​រឿងអ​កុល​ល​ណាមួយ​ដោយ​ចៃដន្យ ដូចជា ឪពុក​ឬ​ម្តាយ ជួប​បញ្ហា ឬ​បាត់​បង់ជីវិត ជាដើម ក៏​ធ្វើ​ឲ្យ​ពួកគេ លែងមាន​លទ្ធភាព​ក្នុងការ​បង់ថ្លៃ​។ នាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​បណ្តា​គ្រឹះស្ថានសិក្សា ពិនិត្យមើល​ចំណុច​នេះ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​ការសិក្សា ដោយ​ជំពាក់​។

​មេដឹកនាំ​កម្ពុជា​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រៅពី​ការផ្តល់​អាហារូបករណ៍ តើ​យើង​អាច​ធ្វើទៅ​បានទេ [​ដោយ​ឲ្យ​និស្សិត ដែល​ជួប​ការលំបាក រៀន​ដោយ​ជំពាក់​] ព្រោះនេះ​ជាការ​សង្គ្រោះ ដើម្បី​កាន់​បន្ថយ​ចំនួន​អ្នក ដែល​បោះបង់ចោល​ការសិក្សា ដោយសារ​គ្មាន​ប្រាក់​»​។​

​លើសពីនេះ សម្តេច ហ៊ុន សែន ថែមទាំង​ជំរុញ​ឲ្យ​បណ្តា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ផ្តល់នូវ​ប្រាក់កម្ចី ដែលមាន​ការប្រាក់​ទាប ដល់​និស្សិត ដើម្បី​យកទៅ​បង់ថ្លៃ​សម្រាប់​ការសិក្សា​។ ប្រមុខ​រដ្ឋាភិបាល និយាយ​បែបនេះ​ថា​៖«​យើង​សង្ឃឹមថា ការយោគយល់​របស់​ធ​នាគារ ក៏​អាច ជួយ​ចូល​រួមចំណែក ដើម្បី​ឲ្យ​និស្សិត​ក្រីក្រ​របស់​យើង ដែល​ស្វះ​ស្វែងរក​ការសិក្សា ទទួលបាន​ប្រាក់កម្ចី​សម្រាប់​បង់​ការសិក្សា​»។

គួររម្លឹកថា ក្នុង​ពិធី​បិទ​សន្និសីត​អន្តរជាតិ​ស្ដីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេស​រណ៍​អាស៊ាន (ASEAN MRA-TP) នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២0១៨ សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ដល់​បណ្ដា​ធនាគារ​ឯកទេស​ទាំងឡាយ ចូលរួមចំណែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស តាមរយៈ​ការផ្ដល់​កម្ចី​ការប្រាក់​ទាប ដល់​សិស្ស​និស្សិត​ដែល​ចង់​រៀន​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​៕​




Tag:
 ហ៊ុន សែន​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com