ជាតិ
សេដ្ឋកិច្ច
៥​ខែ រដ្ឋាភិបាល​លួច​ឧ​បត្ថ​ម្ភ​ធន​ជាង ៨០​លាន​ដុល្លារ លើ​តម្លៃ​ប្រេង​
22, Jun 2018 , 3:16 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៥​ខែ​ចុង​ក្រោយនេះ រដ្ឋាភិបាល​បាន​បញ្ចេញ​ប្រាក់​ឧ​បត្ថ​ម្ភធន​ចំនួន ៨៣​លាន​ដុល្លារ ដោយ​ស្ងាត់ស្ងៀម ដើម្បី​ទប់ស្កាត់​តម្លៃ​ប្រេង​កុំ​ឲ្យ​ឡើង​ខ្លាំងពេក​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ នៅ​ថ្ងៃទី​២២​ខែមិថុនា​នេះ បាន​អះអាងថា ការបញ្ចេញ​ប្រាក់​ឧបត្ថម្ភ​ធន​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នោះទេ ដោយ​រដ្ឋាភិបាល​នឹងដាក់​ចេញ​វិធានការ​ផ្សេង​បន្ថែមទៀត​។



​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ខាងក្រោម​នេះ​៖




​ក្រៅពី​ប្រាក់​ឧបត្ថម្ភធន រដ្ឋាភិបាល​នឹង​ចេញ​វិធាន​ការសម្រួល​ផ្នែក​ពន្ធ ដើម្បី​បន្ទាប​ថ្លៃ​ប្រេង​លក់រាយ​លើ​ទីផ្សារ​កម្ពុជា​។ រដ្ឋាភិបាល​នឹង​សម្រួល​មូលដ្ឋាន​គិត​ពន្ធ និង​បន្ថយ​អាករ​លើ​ការ​នាំចូល​ប្រេង​។ រដ្ឋាភិបាល​បញ្ចុះ​អត្រា​អាករ​ពិសេស​ចំពោះ​ប្រេងសាំង​ពី ៣៥​ភាគរយ មក​១៥​ភាគរយ​, ប្រេងម៉ាស៊ូត​ពី ១៥​ភាគរយ មក​៥,៥​ភាគរយ​, ប្រេងកាត​ពី ១៥​ភាគរយ​មក​១០​ភាគរយ​។

​វិធានការ​ផ្នែក​ពន្ធ​នេះ រដ្ឋ​នឹងត្រូវ​ខាត​បង់​ក្នុង​១​ឆ្នាំ​៣០​លាន​ដុល្លារ​អាមេរិក​បន្ថែម​លើ​ប្រាក់​ឧ​ត្ថ​ម​ធន​។ ការជួយ​របស់​​រដ្ឋ​នេះ បាន​បន្ថយថ្លៃ​ប្រេង​ចំនួន ២​សេន ក្នុង​១​លីត្រ​។ បន្ថែម​លើស​នេះ បណ្ដា​ក្រុមហ៊ុន​ប្រេង​បាន​ជួយ​បន្ថយថ្លៃ​ប្រេង​ចំនួន ២​សេន​ក្នុង​១​លីត្រ​បន្ថែមទៀត​។​ ​សរុបមក​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន បាន​ជួយ​បន្ថយថ្លៃ​ប្រេង​បាន ៤​សេន ឬ​១៦០​រៀល ក្នុង​១​លីត្រ​។​

​វិធានការ​នេះ នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី​១​ខែកក្កដា​ឆ្នាំនេះ តទៅ​។ ការពិត​វិធានការ​នេះ រដ្ឋាភិបាល​គ្រោង​នឹង​ប្រកាសឡើង​នៅ​ថ្ងៃទី ២៨​ខែមិថុនា​ឯណោះ ប៉ុន្តែ​សម្ដេច​អះអាងថា​ចាំបាច់​ត្រូវ​ប្រកាស​មុន​ដើម្បី​ងាយស្រួល​រៀបចំ​អនុវត្ត​។ សព្វថ្ងៃ ប្រេងសាំងធម្មតាមានតម្លៃអតិបរមា ៤១៥០រៀលក្នុង១លីត្រ៕



Tag:
 ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com