កីឡាជាតិ
ជាតិ
អុកចត្រង្គ៖ រស់ រិទ្ធីយ៉ា គ្រងជើងឯក រីឯអតីតស្តេចអុក ឈាវ បូរ៉ា, ហេង សៅឌី, ហូយ សូណា សុទ្ធតែធ្លាក់ កីឡាករ ហេង សៅឌី, ហូយ សូណា, ឈាវ បូរ៉ា និងកីឡាករ រស់ រិទ្ធីយ៉ា (ពីឆ្វេងទៅស្តាំ)
× ក្រោយឆ្លងកាត់ការប្រកួតពីថ្ងៃទី២០-២១ មិថុនា ឆ្នាំ២០១៨ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរកឃើញកីឡាករជើងខ្លាំងទាំង១៦រូប ដើម្បីត្រៀមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិសម្រាប់ឆ្នាំ២០១៩ហើយ។ ប៉ុន្តែចំនួននេះ អាចមានការប្រែប្រួលទៅតាមការសម្រេចរបស់ក្រសួងអប់រំយុវជននិងកីឡា។ តែយ៉ាងណាក្នុងចំណោមកីឡាករទាំងនេះ គ្មានវត្តមានអតីតស្តេចអុក ឈាវ បូរ៉ា, ហេង សៅឌី និងហូយ សូណា នោះទេ។ នាការប្រកួតដណ្តើមជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ ម្ចាស់ជើងឯកបានទៅលើកីឡាករជើងចាស់ រស់ រិទ្ធីយ៉ា។
អ្នកលេងអុកចត្រង្គជើងចាស់ រស់ រិទ្ធីយ៉ា បានគ្រងជើងឯកការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ ក្រោយយកឈ្នះកីឡាករ ទេស សារ៉ាវី នាការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ នាការប្រកួតវគ្គ១/៤ កីឡាករ រស់ រិទ្ធីយ៉ា បានយកឈ្នះកីឡាករ ឃី ចំរើន ខណៈ ទេស សារ៉ាវី យកឈ្នះកីឡាករ ឃឹម ឃឹម។ បន្ទាប់មក រស់ រិទ្ធីយ៉ា បានបន្តយកឈ្នះ នូ ចាន់ផានិត នៅវគ្គ១/២ រីឯ ទេស សារ៉ាវី យកឈ្នះ ប៊ូ ប៉ុណ្ណម៉ូលីកា។
កីឡាករ នូ ចាន់ផានិត ទទួលបានចំណាត់ថ្នាក់លេខ៣ក្រោយយកឈ្នះ ប៊ូ ប៉ុណ្ណម៉ូលីកា នាការប្រកួតដណ្តើមយកលេខ៣ រីឯកីឡាករ ឃី ចំរើន ទទួលបានលេខ៥ ខណៈម្ចាស់ជើងឯកឆ្នាំចាស់ ឆយ វីរ៉ា បានលេខ៦ និង ម៉េង សេរីសម្បត្តិ លេខ៧។
សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានចម្រាញ់យកកីឡាករជើងខ្លាំងចំនួន១៦រូប ដើម្បីសុំគោលការណ៍ប្រមូលផ្តុំក្រុមជម្រើសជាតិពីក្រសួងអប់រំយុវជននិងកីឡាសម្រាប់ឆ្នាំ២០១៩។ តែយ៉ាងណាក្នុងចំណោមកីឡាករទាំងនេះ គ្មានវត្តមានអតីតស្តេចអុកចត្រង្គពីរសម័យកាល ឈាវ បូរ៉ា (២០១៤-២០១៥), អតីតស្តេចអុកឆ្នាំ២០១៧ ហេង សៅឌី, ស្តេចអុកឆ្នាំ២០១៦ ហូយ សូណា និងកីឡាករជម្រើសជាតិ ប៊ិន គាសេង នោះទេ ដោយពួកគេសុទ្ធតែធ្លាក់ត្រឹមវគ្គជម្រុះតាមពូល។
កីឡាករ ទេស សារ៉ាវី (អាវស) ប្រកួតជាមួយកីឡាករ ឃឹម ឃឹម ក្នុងវគ្គ៨នាក់ចុងក្រោយ
កីឡាករ រស់ រិទ្ធីយ៉ា, ទេស សារ៉ាវី, នូ ចាន់ផានិត, ប៊ូ ប៉ុណ្ណម៉ូលីកា, ឃី ចំរើន, ឆយ វីរ៉ា, ម៉េង សេរីសម្បត្តិ, លឹម ផល្លា, ឃឹម ឃឹម, ស៊ីវ ស៊ីន, សុខ លឹមហេង, សុខ សំបូរ, ឈិន សំណាង, រៀម វាសនា, ឡៅ លីម៉េង និង ម៉ាត់ សេន ជាបេក្ខភាពដែលត្រូវស្នើសុំគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ។
លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានបញ្ជាក់ថា សម្រាប់សំណើរខាងលើ គឺអាស្រ័យលើការសម្រេចរបស់ក្រសួងអប់រំយុវជននិងកីឡា ថាតើអនុញ្ញាតឲ្យប្រមូលផ្តុំជម្រើសជាតិប៉ុន្មាននាក់? តែបើតាមចិត្តលោក ចង់បានទាំងអស់ ព្រោះងាយស្រួលក្នុងការផ្លាស់ប្តូរ និងចែករំលែកបទពិសោធគ្នាទៅវិញទៅមក។
«ខ្ញុំមិនទាន់ដឹងថា ក្រសួងអប់រំ យល់ព្រមឲ្យប៉ុន្មាននាក់នោះទេ។ ប៉ុន្តែយើងចង់ឲ្យមានការប្រមូលផ្តុំជម្រើសជាតិច្រើននាក់ ព្រោះពួកគេអាចហ្វឹកហាត់ និងចែករំលែកបទពិសោធជាមួយគ្នា ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យគេកាន់តែរីកចម្រើន»។ ការបញ្ជាក់របស់លោក គុជ គឹមឡុង។
តែយ៉ាងណាកាលពីលើកមុនក្រសួងអប់រំយុវជននិងកីឡា អនុញ្ញាតឲ្យមានការប្រមូលផ្តុំជម្រើសជាតិតែ៦នាក់ប៉ុណ្ណោះ រួមមាន កីឡាករ ឆយ វីរ៉ា, ហេង សៅឌី, សុខ លឹមហេង, ប៊ិន គាសេង, រស់ រិទ្ធីយ៉ា និង ប៊ូ ប៉ុណ្ណម៉ូលីកា។ ប៉ុន្តែកីឡាករ ហេង សៅឌី និងកីឡាករ ប៊ិន គាសេង បានខ្ទាតចេញពីការប្រមូលផ្តុំក្រុមជម្រើសជាតិសម្រាប់ឆ្នាំ២០១៩៕
Tag:
អុកចត្រង្គ
រស់ រិទ្ធីយ៉ា
ឈាវ បូរ៉ា
ហេង សៅឌី
© រក្សាសិទ្ធិដោយ thmeythmey.com