អន្តរជាតិ
មន្ត្រី​សេត​វិមាន​ថា ផែនការ​កំពុង​ធ្វើឡើង​សម្រាប់​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​ត្រាំ​និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin
22, Jun 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ផែនការ​កំពុង​ធ្វើឡើង​សម្រាប់​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​និង​ប្រធានាធិបតី​រុស្ស៊ី​Vladimir Putin​នេះ​តាម​ពួក​មន្ត្រី​សេត​វិមាន​។ សេចក្តីរាយការណ៍​រប​ស់​បណ្តាញ​ព័ត៌មាន​ដកស្រង់​ប្រភព​ដែល​មិន​ប្រាប់​ឈ្មោះ​ដែល​និយាយថា ជំនួប​នេះ​ត្រូវគេ​រំពឹង​នឹងធ្វើ​ឡើង​នៅ​ខែក្រោយ​ក្នុងអំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ​ទៅកាន់​អឺរ៉ុប​។ មេដឹកនាំ​ទាំង​២​ប្រហែល​ជួបគ្នា​មុន​សន្និសីទ​កំពូល​របស់​អង្គការ​អូតង់​ថ្ងៃទី​១១-១២​ខែកក្កដា​នៅក្នុង​ទីក្រុង​Brussels ឬ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ត្រាំ​ទៅកាន់​ចក្រភព​អង់គ្លេស​២​ថ្ងៃ​ក្រោយមក​។​



​លោក Garrett Marquis អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​បាន​ផ្ញើរ​សារ​តាម​ប្រព័ន្ធ Twitter កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​នៅ​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៧​ខែមិថុនា លោក​John Bolton​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​នឹង​ជួប​ជាមួយ​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​នៅក្នុង​ទីក្រុង​ឡុង​ដ៍​និង​ទីក្រុង​រ៉ូម​ដើម្បី​ពិភាក្សា​បញ្ហា​សន្តិសុខ​ជាតិ ហើយនឹង​ធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​ម៉ូស្គូ​ដើម្បី​ពិភាក្សា​ពី​ជំនួប​ដ៏​ធំ​មួយ​រវាង​ប្រធានាធិបតី​ប​ត្រាំ​និង​ប្រធានាធិបតី Putin​។​

​លោក​Dmitry Peskov អ្នកនាំពាក្យ​ប្រធានាធិបតី Putin ក៏បាន​បញ្ជាក់​នៅក្នុង​កា​រ​និយាយ​ទូរ​សព្ទ​ជាមួយ​ពួក​អ្នកយកព័ត៌មាន​ថា លោក Bolton នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​រុស្ស៊ី​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​ការប្រុងប្រៀប​រៀបចំ​ជំនួប​កំពូល​នេះ​។​

​ទីកន្លែង​នៃ​ជំនួប​កំពូល​នោះ​មិន​ត្រូវបាន​គេ​ប្រាប់​នៅឡើយ​ទេ ក៏ប៉ុន្តែ​អង្គការ​បណ្តាញ​ព័ត៌មាន​បរទេស​បាន​រាយ​ការណ៍​កាលពី​ដំបូង​ថា ប្រធានាធិបតី Putin និង​ប្រ​ធានា​ធិ​ប តី​ត្រាំ​ប្រហែល​ជួបគ្នា​នៅ​រដ្ឋធានី​មួយ​របស់​តំបន់​អឺរ៉ុប​បន្ទាប់ពី​សន្និសីទ​កំពូល​របស់​អង្គ ការ​អូតង់​។​

​បណ្តាញ​ព័ត៌មាន​ខ្លះ​រាយការណ៍​ថា ទីក្រុង​វី​យ៉ែ​ន​អាចជា​កន្លែង​ជំនួប​កំពូល​នេះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com