ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត សែម វណ្ណា ជឿថា ការសិក្សា​ត្រូវ​ពឹង​ផ្អែកលើ​ការអនុវត្ត​៧០​ភាគរយ ទើប​ជោគជ័យ​
23, Jun 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ និស្សិត សែម វណ្ណា ទើបតែ​បញ្ចប់​ការសិក្សា​អាហារូបករណ៍​ត្រឹមតែ​៤​ខែ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​សិក្សា​ជំនាញ​សិល្បៈ និង​ការសិក្សា​អំពី​ព័ត៌មាន តាមរយៈ​កម្មវិធី EU-Share Scholarship​។ ទោះបី​ការសិក្សា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី មាន​រយៈពេល​ខ្លី​ពិតមែន តែ​និស្សិត សែម វណ្ណា បាន​ឈ្វេងយល់​ពី​ប្រព័ន្ធ​អប់រំ​ថ្មី និង​ជំនាញ​ដែល​ខ្លួន​ចូលចិត្ត​ផងដែរ​។ ទន្ទឹមនឹងនេះ លោក សែម វណ្ណា ជឿជាក់ថា ការសិក្សា​ទាល់តែ​គួបផ្សំ​នឹង​ទ្រឹស្តី ៣០​ភាគរយ និង​ការអនុវត្ត​៧០​ភាគរយ ទើប​ធ្វើ​ឲ្យ​រូបលោក​ជោគជ័យ​ក្នុងការ​សិក្សា និង​ជា​បទពិសោធន៍​ក្នុងការ​អនុវត្ត​ការងារ​នៅពេល​ខាងមុខ​ផងដែរ​។​



​សែម វណ្ណា ជា​និស្សិត​មិន​ត្រឹមតែ​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ​កម្ពុជា​ប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​បានទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​ប្រទេស​ឥណ្ឌូនេស៊ី​រយៈពេល​៤​ខែ ទៀតផង​។ ក្រោយពី​ត្រឡប់មកវិញ វណ្ណា ក៏បាន​ចែករំលែក​ពី​ភាពជោគជ័យ និង​ប្រាប់​ពី​វប្បធម៌​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។

​សូម​តាមដាន​កិច្ចសម្ភាសន៍​រវាង​កញ្ញា សៅ សុខ​អេង អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក សែម វណ្ណា និស្សិត​កម្ពុជា ជុំវិញ​ការចែករំលែក​អំពី​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​៖

​កញ្ញា សៅ សុខ​អេង​៖ ហេតុអ្វី​បានជា​លោក សែម វណ្ណា សម្រេចចិត្ត​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​?

​លោក សែម វណ្ណា​៖ មូលហេតុ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ជ្រើសរើស​ប្រទេស​ឥណ្ឌូនេស៊ី ដោយសារ​ខ្ញុំ​ស្គាល់​មិត្តភក្តិ​ដែលជា​ជនជាតិ​ឥណ្ឌូនេស៊ី​ច្រើន ហើយ​ពួកគេ​ក៏​ធ្លាប់​មក​សិក្សា​នៅ​ប្រទេស​ខ្មែរ​ផងដែរ​។ ពួកយើង​ហាក់បី​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ទាំង​វប្បធម៌ និង​ការនិយាយស្តី ពិតជា​ស៊ីចង្វាក់​នឹង​គ្នា​មែន​។ ហើយ​អ្វី​ដែលជា​ផ្លូវ​ត្រួសត្រាយ​ឲ្យ​ខ្ញុំ​បាន​ទៅ​សិក្សា​នៅ​ទីនោះ គឺ​កម្មវិធី EU-Share ដែល​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​បាន​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ជាច្រើន​។ ទើប​ខ្ញុំ​សម្រេចចិត្តថា​ដាក់ពាក្យ​ទៅ​សិក្សា​នៅ​ប្រទេស​នោះ ដើម្បី​ទទួលបាន​មេរៀន​ថ្មី​ក្នុង​ជីវិត​។ ទោះបី​ដឹងថា​មិនមាន​លទ្ធផល​មិនល្អ យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​នៅតែ​ព្យាយាម​ដែរ​។



​កញ្ញា សៅ សុខ​អេង​៖ តើ​លោក​បាន​ត្រៀមខ្លួន​អ្វីខ្លះ​ដើម្បី​ទទួលបាន​លទ្ធផល​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​?

​លោក សែម វណ្ណា​៖ ជាដំបូង​ខ្ញុំ​បាន​សាកសួរ​ពីបទ​ពិសោធន៍​របស់​មិត្តភក្តិ​ដែល​ធ្លាប់បាន​សិក្សា​នៅក្រៅ​ប្រទេស​ជាមុនសិន ហើយ​ចាប់ផ្តើម​ស្វែងរក​ឱកាសល្អ ដើម្បី​អាចដាក់​ពាក្យ​ទៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែលមាន​នៅក្នុង​គេហទំព័រ​ហ្វេ​ក​ប៊ុ​ក​នៃ​កម្មវិធី​ផ្តល់​អាហារូបករណ៍​របស់ EU-Share Scholarship និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងទៀត​។ សំខាន់​ជាងនេះទៅទៀត​នោះ​គឺ ការពង្រឹង​សមត្ថភាព​ភាសា​អង់គ្លេស​ឲ្យ​បានល្អ និង​ខិតខំ​សិក្សា​ឲ្យ​បាន GPA ខ្ពស់ ចាប់ពី​៣​ចុច​ឡើងទៅ ទើប​អាចមាន​លទ្ធភាព​ជាប់​ទៅ​សិក្សា​នៅ​បណ្តា​ប្រទេស​នានា​។ លើសពីនេះ​ទៀត ភាព​អត់ធ្មត់ ស៊ូទ្រាំ និង​ការតាំង​ចិត្ត ពិត​ជាមាន​សារសំខាន់​ដែលជា​គោលដៅ​នាំ​ឲ្យ​យើង​ជោគជ័យ​ផងដែរ​។  

​កញ្ញា សៅ សុខ​អេង​៖ តើ​លោក​អាច​ប្រាប់​ឲ្យ​លម្អិត​ពី​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ឲ្យ​ច្បាស់​បន្តិច​បានទេ​?

​លោក សែម វណ្ណា​៖ ឆ្លងកាត់​រយៈពេល​ជិត​៤​ខែ​កន្លង​នេះ ខ្ញុំ​បានដឹង​ពី​មូលដ្ឋាន​នៃ​ការអប់រំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​យ៉ាងច្បាស់ មិន​ថា​ការសិក្សា និង​ការអនុវត្ត គឺ​ពិតជា​បាន​ផ្សារភ្ជាប់​គា្ន​មែនទែន​។  ក្នុងនោះ ការសិក្សា​របស់គេ​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លឺភ្នែក​ថា គេ​ផ្តោតលើ​ការអនុវត្ត ៧០​ភាគរយ ឯ​ទ្រឹស្តី​តែ​៣០​ភាគរយ​ប៉ុណ្ណោះ​។ គេ​រៀន​ទ្រឹស្តី​តិច តែ​អនុវត្ត​ច្រើន សាស្ត្រាចារ្យ​របស់​ពួកគេ​មាន​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់ ហើយ​និង​បានផ្តល់​ពេល​ឲ្យ​យើង​ចុះទៅ​អនុវត្ត​ផ្ទាល់​តែម្តង ដូចជា​ការធ្វើ​បទ​សម្ភាស និង​ការផលិត​ជា​វី​ឌី​អូ ជាដើម​។ ចំពោះ​និស្សិត​ដែល​សិក្សា​នៅ​ទីនោះ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ យកចិត្តទុកដាក់​ទាំង​យប់ ទាំង​ថ្ងៃ ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​។ ក្រៅពី​បញ្ចប់​វគ្គ​សិក្សា​រួចមក សាកលវិទ្យាល័យ ក៏មាន​កម្មវិធី​ដំណើរ​កម្សាន្ត​ដោយ​ឥតគិតថ្លៃ ទៅ​រមណីយដ្ឋាន​នានា​ដែលជា​កន្លែង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ​។​



​កញ្ញា សៅ សុខ​អេង​៖ តើ​លោក​យល់​យ៉ាងដូចម្តេច ចំពោះ​កម្រិតវប្បធម៌​របស់​ប្រទេស​ឥណ្ឌូនេស៊ី​?

​លោក សែម វណ្ណា​៖  ចំណុច​ដែល​ខុសប្លែកគ្នា​នោះ​គឺ​សាសនា និង​ភាសា​។ ពួកគេ សុទ្ធតែជា​ជនជាតិ​អ៊ិ​ស្លាម សូម្បី​ការ​ស្លៀកពាក់​ក៏​ខុសប្លែក​ពី​ជនជាតិខ្មែរ​ដែរ​។ គេ​តែង​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​របស់គេ​ជានិច្ច​។ ការប្រកាន់​សាសនា​ខុសគ្នា​មិនមែនជា​ឧបសគ្គ​ប៉ុន្មាន​ទេ​សម្រាប់​ខ្ញុំ តែ​អ្វី​ជា​ផល​លំបាក​នោះ​គឺ ភាសា តែម្តង ដោយសារតែ​ជនជាតិ​គេ មិនសូវ​ប្រើ​ភាសា​អង់គ្លេស​ទេ ច្រើនតែ​ប្រើ​ភាសា​របស់គេ​ផ្ទាល់​ច្រើនជាង តែ​យ៉ាងណា​ខ្ញុំ​ក៏មាន​មិត្តភក្តិ​ជួយ​បកប្រែ​ជា​ភាសា​អង់គ្លេស​ដើម្បី​ងាយស្រួល​យល់​ដែរ​។ ទំនេរ​ពី​ការសិក្សា ពួកគេ​ចូលចិត្ត​អាន​សៀវភៅ ដើរលេង និង​ចែករំលែក​ចំណេះដឹង និង​វប្បធម៌​គ្នា​ទៅវិញទៅមក​ផងដែរ​។​

​កញ្ញា សៅ សុខ​អេង​៖ តើ​លោក​មាន​ផល​លំបាក​អ្វីខ្លះ ហើយ​លោក​មាន​កត្តា​អ្វីខ្លះ ដើម្បី​ជម្នះ​ភាពលំបាក​ទាំងនោះ​?

​លោក សែម វណ្ណា​៖ ពេលទៅដល់​ទីនោះ​ដំបូង ខ្ញុំ​មិន​ស្គាល់​ពី​ស្ថានភាព​រស់នៅ​ទីនោះ​ឡើយ​។ ពេលទៅដល់​ទីនោះ​ភ្លាម មិត្តភក្តិ​ដែលជា​ជនជាតិ​ឥណ្ឌូនេស៊ី​ជាច្រើន​នាក់ បានមក​ស្វាគមន៍​ខ្ញុំ និង​ណែនាំ​ខ្ញុំ​អំពី​ការរស់នៅ ការហូបចុក និង​ការ​ស្លៀកពាក់​។ ដំបូង​ឡើយ​ខ្ញុំ​ហាក់បីដូចជា​ភ័យខ្លាច​បន្តិច ដោយសារតែ​ខ្ញុំ​មិនទាន់​បន្សាំ​ជាមួយនឹង​អាកាសធាតុ និង​របប​អាហារ ព្រោះ​អាហារ​នៅ​ទីនោះ​ខុសប្លែក​ពី​អាហារ​ខ្មែរ​ទាំងស្រុង ដូច្នេះ​ខ្ញុំ​ទម្រាំ​តែ​ថ្នឹក​ជាមួយ​ម្ហូប​របស់គេ​នោះ គឺ​ត្រូវ​ចំណាយពេល​ជាច្រើន​សប្តាហ៍​ឯណោះ​។ ចំណែក​ការសិក្សា​វិញ ខ្ញុំ​ពិតជា​ពេញ​ចិត្តនឹង​មុខវិជ្ជា​ទាំងនោះ​ណាស់ ដោយសារ​មុខវិជ្ជា​នីមួយៗ មាន​សាស្ត្រាចារ្យ​បង្រៀន​ជា​ភាសា​អង់គ្លេស​។ តែ​អ្វីដែល​លំបាក​នោះ​គឺ​និស្សិត​មិនបាន​ប្រើ ភាសា​ក្នុងការ​ទំនាក់ទំនង​ទាំងអស់​នោះទេ ច្រើនតែ​ប្រើ​ភាសា​របស់​ពួកគេ​ជាង​។ ដូច្នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ស្តាប់​ថា​គេ​ចង់​និយាយ​ពីអ្វី​ណាស់​។  ប៉ុន្តែ​បទពិសោធន៍​ទាំងអស់នោះ​ហើយ ដែលជា​មេរៀន​ថ្មី​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ថា​តើ​ខ្ញុំ​ជា​អ្នកណា ហើយ​ថា​តើ​ទ្រាំ​លំបាក​បាន​កម្រិតណា​ដែរ​។



​កញ្ញា សៅ សុខ​អេង​៖ តើ​អ្វី​ទៅ​ដែល​លោក​ទទួលបាន​បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​ទីនោះ​?

​លោក សែម វណ្ណា​៖ ទោះបី​រយៈពេល​ត្រឹមតែ​៤​ខែ​មែន តែ​ជា​រយៈពេល​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ ដែល​បាន​ស្គាល់​មិត្តភក្តិ ជា​ជនជាតិ​ខុសគ្នា តែ​ពួកគេ​មានចិត្ត​ស្រឡាញ់​ការសិក្សា​ដូចគ្នា​។ ពួកគេ​មាន​ស្មារតី​សាមគ្គី​គ្នា ចេះ​ស្រឡាញ់គ្នា​ចាត់ទុក​ដូចជា​បងប្អូន​អ៊ីចឹង និង​ចេះ​ចែករំលែក​ចំណេះដឹង វប្បធម៌ គ្នា​ទៅវិញទៅមក​ទៀតផង​។ ឆ្លងកាត់​ភាព​តស៊ូ​កន្លងមក​ខ្ញុំ ពិតជា​បាន​កែប្រែ​ទម្លាប់​ការអាន​សៀវភៅ​ច្រើនជាង​មុន​។ ទន្ទឹមនឹងនេះ​ខ្ញុំ​នឹង​យក​បទពិសោធន៍​ទាំង​ប៉ុន្មាន​របស់ខ្ញុំ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង និង​ផ្ទេរ​ចំណេះដឹង​ទៅ​និស្សិត​ផ្សេងៗ​ទៀត​ដែល​មានបំណង​ចង់ទៅ​សិក្សា​នៅក្រៅ​ប្រទេស​។

​កញ្ញា សៅ សុខ​អេង​៖ តើ​លោក​មាន​អនុសាសន៍​អ្វីខ្លះ ដើម្បី​ដាស់តឿន​ទៅ​និស្សិត ឲ្យ​មានបំណង​ដាក់ពាក្យ​ទៅ​សិក្សា​នៅ​បរទេស​ដូច​រូបលោក​ដែរ​?

​លោក សែម វណ្ណា​៖ រាល់​និស្សិត​ទាំងអស់ សុទ្ធតែ​មានឱកាស​ក្នុងការ​ទទួលបាន​អាហារូបករណ៍ ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ដូចៗ​គ្នា គ្រាន់តែ​ពួកគេ​មាន​សមត្ថ​ភាពខុសគ្នា​តែប៉ុណ្ណោះ តែ​អ្វីដែល​សំខាន់​ពួកគេ​ត្រូវតែ​ពង្រឹង​ការនិយាយ ការសរសេរ​ជា​ភាសា​អង់គ្លេស​ឲ្យ​បានល្អ ទើប​ងាយស្រួល​ឲ្យ​ពួកគេ​អាច​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​បាន​យ៉ាង​ងាយស្រួល​៕








Tag:
 សែម វណ្ណា​
© រក្សាសិទ្ធិដោយ thmeythmey.com