ជាតិ
ក្រមា​វែង​ជាងគេ ត្បាញ​បាន​១០០០​ម៉ែត្រ​ហើយ ដែល​នឹងត្រូវ​បំបែក​ឯកទគ្គកម្ម នៅ​ថ្ងៃទី​០១ កក្កដា
22, Jun 2018 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ យុទ្ធនាការ «​បំបែក​ឯកទគ្គកម្ម​ក្រ​មា​វែង​ជាងគេ​លើ​ពិភពលោក​» ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃទី ១៤ ខែកុម្ភៈ រហូតមកដល់​ពេលនេះ មាន​ប្រវែង​១០០០​ម៉ែត្រ​ហើយ ដោយមាន​អ្នកចូលរួម​ត្បាញ​ជិត​១​ម៉ឺន​នាក់​។ នៅ​ថ្ងៃទី​០១ ខែកក្កដា​នេះ ក្រុមការងារ GoGo Cambodia នឹងមាន​កម្មវិធី ពន្លា​ក្រមា​១០០០​ម៉ែត្រ និង​មានការ​ប្រគុំ​តន្ត្រី​សម្រាប់​សាទរ​ការ​បំបែក​ឯកទគ្គកម្ម​ពិភពលោក នៅ​ទី​ឆ្លា​មុខ​សាល​មហា​ស្រព​កោះ​ពេជ្រ​។


 
​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រុមការងារ​ចលនា GoGo Cambodia លទ្ធផល​ដែល​ទទួលបាន​ក្រមា​១០០០​ម៉ែត្រ ដែលមាន​រយៈពេល​ជាង​៤​ខែ​នេះ ជា​ស្នាដៃ​ដ៏​មានតម្លៃ ដែល​កើតចេញពី​ការរួបរួម​គ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជិត​១​ម៉ឺន​នាក់​។



​ក្រុមការងារ GoGo Cambodia អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ការប្រកាស​លទ្ធ​ផល​នៃ​ការ​បំបែក​ឯកទគ្គកម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០១ ខែកក្កដា​ខាងមុខនេះ ចាប់ពី​ម៉ោង ៧​ព្រឹក​តទៅ នៅ​បរិវេណ​កោះ​ពេជ្រ​។

​គួរបញ្ជាក់​ផង​ថា យុទ្ធនាការ «​បំបែក​ឯកទគ្គកម្ម​ក្រ​មា​វែង​ជាងគេ​លើ​ពិភពលោក​» ទទួល​បានការ​ប្រោស​ព្រះរាជទាន ការយាង​ចូល​ពី ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​មានការ​ចូលរួម​ត្បាញ​សរសៃ​ទី​១០០០​ម៉ែត្រ ដោយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​៕ 








Tag:
 ​ក្រមា​
  GoGo Cambodia
 ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com