ជាតិ
បោះឆ្នោត
ឥណ្ឌូនេស៊ី នឹងចូលរួម​សង្កេត​ការបោះឆ្នោត​នៅ​កម្ពុជា​
23, Jun 2018 , 7:20 pm        
រូបភាព
រូបពីក្រសួងការបរទេសកម្ពុជា៖ ជំនួបរវាងលោក ប្រាក់ សុខុន និងលោក Sudirman Haseng កាលពីថ្ងៃ១៩ ខែមិថុនា ឆ្នាំ២0១៨
រូបពីក្រសួងការបរទេសកម្ពុជា៖ ជំនួបរវាងលោក ប្រាក់ សុខុន និងលោក Sudirman Haseng កាលពីថ្ងៃ១៩ ខែមិថុនា ឆ្នាំ២0១៨
​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី នឹង​បញ្ជូន​អ្នកសង្កេតការណ៍ មក​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​ជាការ​អះអាង​របស់លោក Sudirman Haseng ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា ក្នុងជំនួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​។


 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ស្តីពី​លទ្ធផល​នៃ​ជំនួប​នេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានលើកឡើង​ពី​គោលជំហរ​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ក្នុង​ការគោរព​អធិបតេយ្យភាព និង​ការជ្រើសរើស​មាគ៌ា​ប្រជាធិបតេយ្យ​របស់​កម្ពុជា​»​។ 
 
​ក្រៅពី​ឥណ្ឌូនេស៊ី នៅមាន​ប្រទេស​ផ្សេងៗ​ទៀត ដូចជា ជប៉ុន ចិន និង​ឥណ្ឌា ជាដើម បាន​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ទោះ​ជាមាន​ប្រទេស​ខ្លះ មិន​ពេញចិត្ត​ក៏ដោយ​។ 
 
​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប អាច​នឹងមិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា បើ​គណបក្សប្រឆាំង ពិតជា​មិនបាន​ចូលរួម​។ ប្រទេស​ធំៗ​ទាំងនេះ យល់ថា អវត្តមាន​គណបក្សប្រឆាំង ធ្វើ​ឲ្យ​ការបោះឆ្នោត មិនមាន​លក្ខណ​ប្រជាធិបតេយ្យ និង​មិនមាន​ភាពស្របច្បាប់​ឡើយ​។ 
 
​ចំណែក លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ដែល​ធ្លាប់​មក​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា​ចំនួន​៥​លើក​រួចមកហើយ​នោះ បាន​ហៅ​ការបោះឆ្នោត ដែល​គ្មាន​គណបក្សប្រឆាំង​ធំជាងគេ ថា​ជាការ​បោះឆ្នោត​មិន​ពិតប្រាកដ​។ រីឯ​លោក សម រង្ស៊ី និង​បក្សពួក​នៅក្រៅ​ប្រទេស បាន​បន្ត​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​។ 
 
​ការបោះឆ្នោត​លើក​នេះ មាន​គណបក្ស​២០ ចូលរួម​ប្រកួតប្រជែង​។ ហើយ​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ជាង​៨.៣ លាន​នាក់​៕ 
 

Tag:
 បោះឆ្នោត​
  ឥណ្ឌូនេស៊ី​
  អ្នកសង្កេតការណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com