កីឡាជាតិ
ជាតិ
រដ្ឋមន្ត្រី​កម្ពុជា​៥​រូប និង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត មាន​ខ្សែក្រវាត់​ខ្មៅ​ផ្នែក​កីឡា​
25, Jun 2018 , 5:15 pm        
រូបភាព
ពីឆ្វេងទៅស្តាំ,លោក អូន ព័ន្ធមុន្នីរ័ត្ន,​ លោក ហង់ ជួនណារ៉ុន, លោក លឹម គានហោ, លោក ថោង ខុន និងលោក ប៉ាន សូរស័ក្តិ
ពីឆ្វេងទៅស្តាំ,លោក អូន ព័ន្ធមុន្នីរ័ត្ន,​ លោក ហង់ ជួនណារ៉ុន, លោក លឹម គានហោ, លោក ថោង ខុន និងលោក ប៉ាន សូរស័ក្តិ
ដោយ:
​រដ្ឋមន្ត្រី​កម្ពុជា​ចំនួន​៥​រូប​រួមមាន លោក អូន ព័ន្ធមុន្នីរ័ត្ន​, លោក លឹម គានហោ​, លោក ថោង ខុន​, លោក ហង់ ជួនណា​រ៉ុ​ន និង​លោក ប៉ាន សូរ​ស័ក្តិ កំពុងកាន់​ខ្សែក្រវាត់​ខ្មៅ​កម្រិត​ពី​២-៧​ដាន់ លើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ និង​កា​រ៉ា​តេ​ដូ​។ ក្រៅពីនេះ ក៏មាន​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​កីឡា និង​ព្រឹទ្ធាចារ្យ​កីឡា ដែល​កំពុង​ពាក់​ខ្សែក្រវាត់​ខ្មៅ​ក្នុង​កម្រិត​នេះ ឬ​លើស​នេះ​ជាច្រើនរូប​ទៀតផង​ដែរ​។​

 
​លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​, លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​, លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក្រៅពី​មាន​តួនាទី​ដឹកនាំ​ក្រសួង​រៀងៗ​ខ្លួន​ឲ្យ​មានការ​រីកចម្រើន​។ រដ្ឋមន្ត្រី​ទាំង​៥​រូបនេះ ក៏​កំពុងកាន់​តួនាទី​ក្នុង​អង្គភាព ឬ​ស្ថាប័ន​កីឡា​ជាមួយ​កម្រិត​ខ្សែក្រវាត់​ខ្មៅ​រហូត​៧​ដាន់​ផងដែរ​។​
 
​កា​រ៉ា​តេ​ដូ​
 
​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​កា​រ៉ា​តេ​ដូ ដែល​កំពុង​ពាក់​ខ្សែក្រវាត់​ខ្មៅ​៧​ដាន់ លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​កា​រ៉ា​តេ​ដូ កំពុង​ពាក់​ខ្សែក្រវាត់​ខ្មៅ​៧​ដាន់ រីឯ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ខ្សែក្រវាត់​ខ្មៅ​៦​ដាន់ និង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ខ្សែក្រវាត់​ខ្មៅ​២​ដាន់​។ ចំណែក​លោក សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា កាន់​ខ្សែក្រវាត់​ខ្មៅ​៨​ដាន់​។ នៅមាន​កីឡាករ និង​មន្ត្រី​កីឡា​ជាច្រើនរូប​ទៀតផង​ដែរ​។​
 
​តេ​ក្វាន់​ដូ WTF (​កូរ៉េខាងត្បូង​)
 
​លោក ជាតិ ខេមរា អគ្គ​ហិ​រញ្ញឹក​សហព័ន្ធ និង​ជា​គ្រូបង្វឹក​កាន់​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់​បាន​និយាយថា លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ពាក់​ខ្មែរ​ក្រវាត់​ខ្មៅ​២​ដាន់ ដែល​ទើប​ទទួលបាន​នៅ​ឆ្នាំ​២០១៨​នេះ​។ រីឯ​អនុប្រធាន​សហព័ន្ធ​លោក ហែម សំណាង ពាក់​ខ្សែក្រវាត់​ខ្មៅ​៦​ដាន់​, លោក ជ្រិ​ន សុធា អនុប្រធាន​ក្រវ៉ាត់​ខ្មៅ​៤​ដាន់ និង​លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការ​ក្រវ៉ាត់​ខ្មៅ​៥​ដាន់​។ ចំណែក លោក ថោង ខុន អតីត​ប្រធាន​សហព័ន្ធ​នេះ ដែល​លាលែង​ពី​តំណែង​កាលពី​ឆ្នាំ​២០១៣ កំពុង​ពាក់​ខ្សែក្រវាត់​ខ្មៅ​៦​ដាន់​។ 
 
​តេ​ក្វាន់​ដូ ITF (​កូរ៉េខាងជើង​)
 
​អគ្គ​ហិ​រញ្ញឹក​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា និង​ជា​គ្រូបង្វឹក​ខ្សែក្រវាត់​ខ្មៅ​៤​ដាន់​លោក ប៉ាល់ ជីវ័ន បាន​បញ្ជាក់ថា លោក កែវ រ៉េមី អគ្គលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​សហព័ន្ធ​កំពុង​ពាក់​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់ រីឯ​លោក បួន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​ខ្សែក្រវាត់​ខ្មៅ​៦​ដាន់ ស្មើ​អគ្គលេខាធិការរង​លោក ហ៊ឹម លីដា​។ 
 
​ហាប់​គី​ដូ​
 
​បើ​យោងតាម​លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​កម្រិត​ខ្សែក្រវាត់​ខ្មៅ​៦​ដាន់ ក្នុង​សហព័ន្ធ​លោក​អ្នកមាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​ខ្ពស់​ជាងគេ គឺ​លោក​ព្រឹទ្ធាចារ្យ សាន គីម​ស៊ាន ដោយ​ពាក់​ខ្សែក្រវាត់​ខ្មៅ​១០​ដាន់​។ បន្ទាប់មក គឺ​លោក សេង ប៊ុន​សុង ដែលមាន​ខ្សែក្រវាត់​ខ្មៅ​៩​ដាន់​។ ព្រឹទ្ធាចារ្យ​ទាំង​៣​រួមមាន លោក ហុក ឈាង​គីម​, លោក តាំង សិលា និង​លោក អ៊ឹង សំរេច ពាក់​ខ្សែក្រវាត់​ខ្មៅ​៧​ដាន់​ដូចគ្នា​។ ចំណែក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង​, លោក ហុង ស៊ិន​ហេង និង​ឧកញ៉ា សៅ សេង​ហាក់ ដែលមាន​តួនាទី​ជា​អនុប្រធាន​ពាក់​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់​, ៣​ដាន់ និង​២​ដាន់​ជា​បន្តបន្ទាប់​៕

Tag:
 តេ​ក្វាន់​ដូ WTF
  វ៉ា​ត់ ចំរើន​
  គង់ ចាន់​ធី​ណា​
  ជាតិ ខេមរា
© រក្សាសិទ្ធិដោយ thmeythmey.com