ជាតិ
ពីនេះ ពីនោះ
ត្រី​សណ្តាយ​
24, Jun 2018 , 7:11 am        
រូបភាព
រូបភាព​៖ អ៊ឹម សេដ្ឋា​
រូបភាព​៖ អ៊ឹម សេដ្ឋា​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​ឥត​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប រស់នៅក្នុង​ទន្លេ អូរ ស្ទឹង បឹងបួរ អាង​ស្តុក​ទឹក និង​តំបន់​វាលទំនាប​លិច​ទឹក​។​

 
​ត្រី​សណ្តាយ មានឈ្មោះ​វិទ្យាសាស្ត្រ (Wallago attu) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Wallago​។ វា​មាន​ប្រវែង​ដងខ្លួន​អតិបរមា ២៤០ ស​.​ម​។ ត្រី​សណ្តាយ ជា​ប្រភេទ​ត្រី ល្មោភស៊ី​មិនចេះ​ឆ្អែត​ដ៏​ធំ​មួយ ដែល​ស៊ីសាច់​ជា​អាហារ និង​ធំ​លួត​លាស់​នៅតាម​មាត់​ច្រាំងទន្លេ អូរ​ដែលមាន​ដុះ​ស្មៅ និង​ភាគច្រើន​វា​លាក់ខ្លួន​នៅក្នុង​រន្ធ​។ 
 
​ត្រី​សណ្តាយ ជា​ប្រភេទ​ត្រី​ដែលមាន​សកម្ម​ភាពយឺត ស្ងប់ស្ងាត់ ស្វែងរក​ចំណី​នៅ​បាតទន្លេ​ជ្រៅៗ ទឹកនឹង ឬ​ទឹក​ហូរ​តិចៗ ព្រមទាំង​នៅ​ស្រទាប់​បាត​ក្រោម​មាន​ភក់ ឬ​ល្បាប់​ផងដែរ​។ ត្រី​សណ្តាយ​វ័យ​ជំទង់ អាហារ​ចម្បង​របស់​វា​គឺ​សត្វល្អិត ចំណែកឯ​ត្រី​ពេញវ័យ ស៊ី​ត្រី​តូចៗ កំ​ពិស ក្តាម និង​សិប្បីជាតិ​។ វា​ធ្វើចរាចរ​ផ្ទា​ស់​ទី​ចូលទៅក្នុង​ស្ទឹងតូចៗ ប្រឡាយ និង​តំបន់​លិច​ទឹក ក្នុង​រដូវ​ទឹកជំនន់​ដើម្បី​ពង​-​កូន​។ ជាទូទៅ ត្រី​ប្រភេទ​នេះ​ពង​ដាក់​ជាប់​នឹង​រុក្ខជាតិ​ដែល​ដុះ​ក្នុង​ទឹក ឬ​ស្មៅ ហើយ​វា​នឹង​ញាស់​នៅក្នុង​រយៈពេល​បី​ថ្ងៃក្រោយ​។ នៅពេល​កម្រិត​ទឹកជំនន់​ទន្លេមេគង្គ​ស្រក​ចុះ ត្រី​សណ្តាយ​ក៏​វិលត្រឡប់​ចូល​មេគង្គ ឬ​ដៃ​ទន្លេធំៗ​វិញ ទី​ដែល​វា​ស្នាក់​នៅក្នុង​អាងទឹក​ជ្រៅ​ទាំងនោះ រហូតដល់​រដូវ​ទឹកជំនន់​លើក​ក្រោយ​ចូលមក​ដល់​។ ត្រី​សណ្តាយ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង បញ្ជីរ​ក្រហម IUCN Red List (Near Threatened) ជា​ប្រភេទ​ត្រី​កំពុង​ឈានទៅ​រង​ការគំរាមកំហែង​រងគ្រោះ​ផុត​ពូជ​ក្នុង​ឆ្នាំ ២០១០​។ 
 
​ទោះយ៉ាងណា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com