ជាតិ
​​​ន​យោ​បាយ​ជាតិ​
តើ​ច្បាប់​សញ្ជាតិ​ថ្មី ពិតជា​ធ្វើ​ឲ្យ​បរទេស​ងាយស្រួល​ជាង​មុន ដើម្បី​ក្លាយជា​ពលរដ្ឋ​ខ្មែរ​?
24, Jun 2018 , 12:34 pm        
រូបភាព
ភ្នំពេញ៖ ពេលនេះ ច្បាប់​សញ្ជាតិ​ថ្មី ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​។ មជ្ឈដ្ឋាន​ជាច្រើន កំពុងតែ​បង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង ចំពោះ​ច្បាប់​សញ្ជាតិថ្មី​។ ពួកគេ មើលឃើញថា បើ​ប្រៀបធៀប​នឹង​ច្បាប់សញ្ជាតិ​ចាស់ ច្បាប់​សញ្ជាតិថ្មី គឺ​ផ្តល់​ភាពងាយស្រួល​ជាង​មុន ដើម្បី​ឲ្យ​ជនបរទេស ជាពិសេស​ជនជាតិ​វៀតណាម ទទួលបាន​សញ្ជាតិ​ខ្មែរ​។ តើ​ខ្លឹមសារ​នៃ​ច្បាប់សញ្ជាតិថ្មី ពិតជា​គួរ​ឲ្យ​បារម្ភ​បែបនេះ​មែនឬ​?


 
​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ទូទៅ និង​ក្រុម​សង្គម​ស៊ីវិល រួមទាំង​អ្នកនយោបាយ​ក្រៅ​រដ្ឋាភិបាល ចំពោះ​ច្បាប់​សញ្ជាតិ​ថ្មី អាច​ថា ជាការ​ព្រួយបារម្ភ​ដ៏​ត្រឹមត្រូវ និង​សម​ហេតុផល​។ តែ​ជួនកាល ការព្រួយបារម្ភ​នេះ ក៏​អាចជា​ការព្រួយបារម្ភ ដែល​គ្រាន់​កើតឡើង​តៗ​គ្នា ឬជាការ​ព្រួយបារម្ភ ដែល​កើតឡើង​ព្រោះតែ​មិនបាន​យល់ច្បាស់​ពី​ខ្លឹមសារ​នៃ​ច្បាប់​​សញ្ជាតិ​​ថ្មីក៏បាន​។ 
 
​ដើម្បី​រកឃើញថា ច្បាប់​ថ្មី ធូររលុង ឬក៏​តឹងរឹង សម្រាប់​ជនបរទេស ដែល​ស្នើសុំ​សញ្ជាតិ​ខ្មែរ លុះត្រាតែ​យើង សិក្សា និង​ឈ្វេងយល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​រវាង​ច្បាប់​ថ្មី​នេះ និង​ច្បាប់​ចាស់ ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ១៩៩៦ ជាមុនសិន​។ មិន​ថា​នៅក្នុង​ច្បាប់​ថ្មី ឬក៏​នៅក្នុង​ច្បាប់​ចាស់​នោះទេ ជនបរទេស មាន​ច្រក​ពីរ ដើម្បី​ទទួលបាន​សញ្ជាតិ​ខ្មែរ គឺ​តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍ និង​តាមរយៈ​សញ្ជាតូបនីយកម្ម​។​
 
ការសុំ​សញ្ជាតិ​ខ្មែរ តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍​

​មាត្រា​១១ នៃ​ច្បាប់​សញ្ជាតិ​ថ្មី បាន​ចែងថា ជនបរទេស​ណា ដែល​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​ខ្មែរ ហើយ​រស់នៅ​ជាមួយគ្នា​បាន​៣​ឆ្នាំ និង​បានរស់នៅ​ពេញលេញ​រយៈពេល​១​ឆ្នាំ ក្នុងប្រទេស​កម្ពុជា ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ លើសពីនេះ ច្បាប់​ថ្មី នៅ​តម្រូវ​ឲ្យ​ជនបរទេស បំពេញ​លក្ខខណ្ឌ​៥​យ៉ាង​ទៀត គឺ ១. មាន​សីលធម៌​, ២. មិនដែល​មានទោស​, ៣. មាន​ទីលំនៅ​ក្នុងប្រទេស​កម្ពុជា​, ៤. ចេះ​និយាយ ចេះអក្សរ និង​យល់ដឹង​ខ្លះៗ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ និង ៥. មាន​បញ្ញា​និង​កាយសម្បទា​ល្អ​។​
 
​ការសុំ​សញ្ជាតិ​ខ្មែរ ជា​ចង្កោម​គ្រួសារ ដោយ​អាពាហ៍ពិពាហ៍​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​មាត្រា​១១​ដដែល នៃ​ច្បាប់​ថ្មី បានចែង​បន្ថែម​នូវ​ចំណុច​មួយ ដោយ​អនុញ្ញាត​ឲ្យ​ជនបរទេស ដែល​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​ខែ្មរ អាច​បញ្ចូល​កូនៗ​របស់​ពួកគេ​ជា​អនីតិជន (​អ្នកមាន​អាយុ​ក្រោម​១៨​ឆ្នាំ​) ទៅក្នុង​សំណើ​តែមួយ ពេល​ស្នើសុំ​សញ្ជាតិ​ខ្មែរ ដែល​ហៅថា «​ការសុំ​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ​»​។ នេះ​បង្ហាញថា ជនបរទេស​ជា​អនីតិជន​គ្រប់រូប ដែល​ឪពុក​ឬ​ម្តាយ​របស់​ពួកគេ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​ខ្មែរ អាច​សុំ​សញ្ជាតិ​ខ្មែរ​ជាមួយ​ឪពុក​ឬ​ម្តាយ​របស់​ពួកគេ ក្នុងពេល​តែមួយ​តែម្តង​។ 
 
​រីឯ ច្បាប់​ចាស់ មិនបាន​ចែង​អ្វី​ច្រើន​នោះទេ ចំពោះ​ជនបរទេស ដែល​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​ខ្មែរ​។ មាត្រា​៥ នៃ​ច្បាប់​ចាស់ គ្រាន់តែ​កំណត់ថា ជនបរទេស​ណា ដែល​រៀប​អាពាហ៍ពិពាហ៍​មួយ​ពលរដ្ឋ​ខ្មែរ ហើយ​ក្រោយមក​រស់នៅ​ជាមួយគ្នា​បាន​៣​ឆ្នាំ ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ ចំពោះ​ការរស់នៅ​ឲ្យ​បាន​១​ឆ្នាំ​ក្នុងប្រទេស​កម្ពុជា និង​លក្ខខណ្ឌ​ទាំង​៥​យ៉ាង មិន​មានចែង​ក្នុង​ច្បាប់​ចាស់​នោះទេ​។ 
 
​យ៉ាងណាក៏ដោយ បើអនុវត្តតាមច្បាប់ចាស់ ជនបរទេស មិនអាច​សុំ​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​ខ្មែរ​ឡើយ ពីព្រោះ​ច្បាប់​ចាស់ ពុំ​បានចែងត្រង់ចំណុចនេះ។ ​
 
​ការសុំ​សញ្ជាតិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម 

​ក្រៅពី​រៀប​អាពាហ៍ពិពាហ៍ ជនបរទេស នៅមាន​មធ្យោបាយ​មួយទៀត ដើម្បី​ទទួលបាន​សញ្ជាតិ​ខ្មែរ គឺ​តាមរយៈ​សញ្ជាតូបនីយកម្ម​។ អាចបែងចែក​ជនបរទេស​ជា​៤​ក្រុម ក្នុងការ​ស្នើសុំ​សញ្ជាតិ​ខ្មែរ តាមរយៈ​សញ្ជាតូបនីយកម្ម គឺ​ជនបរទេស​ទូទៅ​, ជនបរទេស​ជា​អ្នកជំនួញ​, ជនបរទេស ដែល​ផ្តល់​ថវិកា ដើម្បី​អភិវឌ្ឍ​វិស័យ​ណាមួយ​នៅ​កម្ពុជា និង​ជនបរទេស ដែលមាន​ស្នាដៃ​ពិសេស សម្រាប់​កម្ពុជា​។ 
 
​ជនបរទេស​ទូទៅ 

​ដើម្បី​អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​តាមរយៈ​សញ្ជាតូបនីយកម្ម មាត្រា​១៩ នៃ​ច្បាប់​ថ្មី ទាមទារ​ឲ្យ​ជនបរទេស ត្រូវ​មានគុណ​ស​ម្ប​តិ្ត​ចំនួន​៥ គឺ ១. បានរស់នៅ​ជាប់​រយៈពេល​៧​ឆ្នាំ ក្នុងប្រទេស​កម្ពុជា​, ២. មាន​សីលធម៌​, ៣. មិនដែល​មានទោស​, ៤. ចេះ​និយាយ ចេះអក្សរ និង​យល់ដឹង​ខ្លះៗ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​ទទួលយកបាន​ចំពោះ​ប្រពៃណី​ខ្មែរ​, និង ៥. មាន​បញ្ញា​និង​កាយសម្បទា​ល្អ​។ 
 
​ខ្លឹមសារ​នៃ​មាត្រា​១៩ ដែល​មានចែង​ក្នុង​ច្បាប់​ថ្មី ដូចគ្នា​ទាំងស្រុង​ទៅនឹង​មាត្រា​៨​នៃ​ច្បាប់​ចាស់​។ ដូច្នេះ​ ត្រង់មាត្រា១៩ នៃច្បាប់ថ្មី និងមាត្រា៨ នៃច្បាប់ចាស់ គេ មិនអាច​វាយតម្លៃថា​មួយណា ផ្តល់​ភាពងាយស្រួល​ជាង​ ដើម្បី​ឲ្យ​ជនបរទេស ទទួលបាន​សញ្ជាតិ​ខ្មែរ ​នោះទេ​។ 
 
​មាត្រា​១៩ នៃ​ច្បាប់​ថ្មី និង​មាត្រា​៨​នៃ​ច្បាប់​ចាស់ និយាយ​ពី​លក្ខខណ្ឌ សម្រាប់​ជនបរទេស​ទូទៅ ដែល​ចង់​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ ប៉ុន្តែ សម្រាប់​ជនបរទេស​ជា​អ្នកវិនិយោគ ជនបរទេស ដែល​បាន​បរិច្ចាគ​ថវិកា​ដល់​កម្ពុជា និង​ជនបរទេស ដែលមាន​ស្នាដៃ គឺមាន​លក្ខណៈពិសេស ឬក៏​មាន​ភាព​ងាយ​ស្រួ​ង​ជាង​ជនបរទេស​ទូទៅ ដើម្បី​ទទួលបាន​សញ្ជាតិ​ខ្មែរ​។​
 
​ជនបរទេស​ជា​អ្នកជំនួញ​

​មាត្រា​២១ នៃ​ច្បាប់​ថ្មី ចែងថា ជនបរទេស​ណា (​អ្នកវិនិយោគ ឬ​អ្នកជំនួញ​) ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​វិនិយោគ ហើយ​បាន​ចំណាយ​ទុន ក្នុងការ​អនុវត្ត​គម្រោង​ជាក់ស្តែង​ក្នុងប្រទេស​កម្ពុជា ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ ប៉ុន្តែ នៅមាន​លក្ខខណ្ឌ​៦​យ៉ាង​ទៀត ដែល​ជនបរទេស​ជា​អ្នកវិនិយោគ ត្រូវបំពេញ គឺ ១. បាន​ស្នាក់នៅ​ពេញលេញ​រយៈពេល​១​ឆ្នាំ ក្នុងប្រទេស​កម្ពុជា​, ២. មាន​សីលធម៌​, ៣. មិនដែល​មានទោស​, ៤. មាន​បណ្ណ​ស្នាក់នៅ និង​មាន​ទីលំនៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​, ៥. ចេះ​និយាយ ចេះអក្សរ និង​យល់ដឹង​ខ្លះៗ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​ទទួលយកបាន​ចំពោះ​ប្រពៃ​ណៃ​ខ្មែរ​, និង ៦. មាន​បញ្ញា និង​កាយសម្បទា​ល្អ​។ 
   
​មាត្រា​២១ នៃ​ច្បាប់​ថ្មី ពុំ​បានចែង​នោះទេ ថា​ចំនួន​ទឹកប្រាក់​ប៉ុន្មាន ដែល​ត្រូវ​កំណត់ សម្រាប់​ការវិនិយោគ​។ ប៉ុន្តែ​មាត្រា​នេះ បាន​ចែងថា ចំនួន​ទឹកប្រាក់ សម្រាប់​ការវិនិយោគ ត្រូវ​កំណត់ដោយ​រដ្ឋាភិបាល តាមរយៈ​អនុក្រឹត្យ​។ 
 
​ចំណែក ច្បាប់​ចាស់ មិនមាន​លក្ខខណ្ឌ​អ្វី​វែងឆ្ងាយ​ឡើយ​។ មាត្រា​១០ នៃ​ច្បាប់​ចាស់ បានចែង​ចំៗ​ថា ជនបរទេស​ណា (​អ្នកវិនិយោគ​) ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​វិនិយោគ ហើយ​បាន​អនុវត្ត​គម្រោង​ជាក់ស្តែង ដោយ​ចំណាយ​ទុន​ចាប់ពី ១,២៥០,០០០,០០០ រៀល ឡើងទៅ ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ ឯ រយៈពេល​នៃ​ការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា ត្រូវបាន​ច្បាប់​ចាស់ ចែងថា ត្រូវបាន​លើកលែង ពោលគឺ​ឲ្យ​តែ​ជនបរទេស​ណា ដាក់ទុន​ចាប់ពី​១,២៥០,០០០,០០០ រៀល ឡើងទៅ ចូលទៅក្នុង​គម្រោង​វិនិយោគ ជនបរទេស​នោះ នឹង​អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​តែម្តង​។ 

​ជនបរទេស ដែល​បរិច្ចាគ​ថវិកា 

​ចំពោះ​ជនបរទេស ដែល​បរិច្ចាគ​ថវិកា​ឲ្យ​ប្រទេស​កម្ពុជា គឺ​រឹត​មាន​ភាពងាយស្រួល​ជាង​ជនបរទេស​ជា​អ្នកវិនិយោគ ទៅទៀត​។ មាត្រា​២២ នៃ​ច្បាប់​ថ្មី បាន​ចែងថា ជនបរទេស​ណា ដែល​ផ្តល់​ថវិកា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ឬ​វិស័យ​មនុស្សធម៌​នៅ​កម្ពុជា ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ 
 
​លក្ខខណ្ឌ​៥​យ៉ាង សម្រាប់​ជនបរទេស ដែល​បានផ្តល់​ថវិកា​ដល់​ប្រទេស​កម្ពុជា ត្រូវបំពេញ គឺ ១. បាន​ស្នាក់នៅ​ពេញលេញ​រយៈពេល​៦​ខែ ក្នុងប្រទេស​កម្ពុជា​, ២. មាន​សីលធម៌​, ៣. មិនដែល​មានទោស​, ៤. បណ្ណ​ស្នាក់នៅ​និង​មាន​ទីលំនៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​, និង ៥. មាន​បញ្ញា និង​កាយសម្បទា​ល្អ​។ 
 
​មាត្រា​២២ នៃ​ច្បាប់​ថ្មី ក៏ដូចជា​មាត្រា​២១​ដែរ គឺ​មិន​បានចែង​នោះទេ ថា​ចំនួន​ទឹកប្រាក់​ប៉ុន្មាន ដែល​តម្រូវ​ឲ្យ​ជនបរទេស បរិច្ចាគ មុននឹង​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ ចំនួន​ទឹកប្រាក់ ដែល​ត្រូវ​បរិច្ចាគ គឺ​ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​។ 
 
​ច្បាប់​ចាស់ ចែង​ខ្លី​ជាង​ច្បាប់​ថ្មី ចំពោះ​ជនបរទេស ដែល​បរិច្ចាគ​ថវិកា​។ ប៉ុន្តែ ច្បាប់​ចាស់ បានកំណត់​ចំនួន​ទឹកប្រាក់​តែម្តង ដោយ​ចែង​ក្នុង​មាត្រា​១២​ថា ជនបរទេស​ណា ដែល​បាន​បរិច្ចាគ​ថវិកា ១,០០០,០០០,០០០ រៀល ឡើងទៅ ដើម្បី​ស្តារ​និង​កសាង​សេដ្ឋកិច្ចកម្ពុជា ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ ហើយ រយៈពេល​នៃ​ការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា ត្រូវបាន​លើកលែង​។ 
 
​ជនបរទេស ដែលមាន​ស្នាដៃ​

​ជនបរទេស​ជា​អ្នកមាន​ស្នាដៃ​អស្ចារ្យ​ឬ​ពិសេស​សម្រាប់​កម្ពុជា មាន​ភាពងាយស្រួល​ជាងគេ ដើម្បី​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ មាត្រា​២៣ នៃ​ច្បាប់​ថ្មី បាន​ចែងថា ជនបរទេស​ណា ដែល​បានបង្ហាញ​ភស្តុតាង ពី​គុណសម្បត្តិ​ពិសេស​ឬ​ថ្វីដៃ​អ្វីមួយ​របស់ខ្លួន ដើម្បី​ជា​ប្រយោជន៍​ដល់​កម្ពុជា ហើយ​ត្រូវបាន​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​កម្ពុជា ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ លក្ខ​ខ​ណ្ខ​តែ​៣​យ៉ាង​ប៉ុណ្ណោះ សម្រាប់​បរទេស​ប្រភេទ​នេះ គឺ ១. មាន​សីលធម៌​, ២. មិនដែល​មានទោស​, និង​៣. មាន​បញ្ញា​និង​កាយសម្បទា​ល្អ​។ 
 
​សម្រាប់​ច្បាប់​ចាស់​វិញ កាន់​តែមាន​នីតិវិធី​ខ្លី សម្រាប់​ជនបរទេស​ដែលមាន​ស្នាដៃ​។ មាត្រា​១៣ នៃ​ច្បាប់​ចាស់ បាន​ចែងថា ជនបរទេស​ណា ដែល​បង្ហាញ​ភស្តុតាង​ពី​គុណសម្បត្តិ​ឬ​ថ្វីដៃ​ពិសេស​អ្វីមួយ​របស់ខ្លួន ដើម្បី​ជា​ប្រយោជន៍​ដល់​កម្ពុជា ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​តែម្តង​។ មាត្រា​១៣​នៃ​ច្បាប់​ចាស់ មិនមាន​ចែង​ពី​លក្ខ​ខ​ណ្ខ​អ្វី​ឡើយ ចំពោះ​បរទេស​ដែលមាន​ស្នាដៃ​។ 

​ការសុំ​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ ដោយ​សញ្ជាតូបនីយកម្ម​

​ពិតមែន​ហើយ ថា​ការសុំ​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ​តាមរយៈ​អាពាហ៍ពិពាហ៍ មិនមាន​ទេ​ក្នុង​ច្បាប់​ចាស់ គឺ​ទើបតែ​នឹងមាន​ក្នុង​ច្បាប់​ថ្មី​នេះឯង​។ ប៉ុន្តែ ការសុំ​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ តាមរយៈ​សញ្ជាតូបនីយកម្ម គឺមាន​ទាំង​ក្នុង​ច្បាប់​ចាស់ និង​ក្នុង​ច្បាប់​ថ្មី​។ 
 
​ច្បាប់​ថ្មី បាន​រក្សា​ន័យ​ដើម​របស់​ច្បាប់​ចាស់​ដដែល ដោយ​សរសេរថា ជនបរទេស ដែលមាន​សហព័ទ្ធ (​ប្តី ឬ​ប្រពន្ធ​) ឬ​កូន​ជា​អ​តី​តិ​ជន អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ តាមរយៈ​សញ្ជាតូបនីយកម្ម​។​
 
​នីតិវិធី និង​ការផ្តល់​សញ្ជាតិ​ខ្មែរ 

​ចំណុច​មួយទៀត ដែល​ច្បាប់​ថ្មី និង​ច្បាប់​ចាស់ ចែង​ដូចគ្នា គឺ​បែបបទ​និង​នីតិវិធី​នៃ​ការសុំ​សញ្ជាតិ​ខ្មែរ​។ មិន​ថា​តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍ ឬក៏​តាមរយៈ​សញ្ជាតូបនីយកម្ម​នោះទេ បែបបទ​និង​នីតិវិធី​នៃ​ការសុំ​សញ្ជាតិ​ខ្មែរ គឺ​សុទ្ធតែ​កំណត់ដោយ​អនុក្រឹត្យ​។ ហើយ​ការផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស គឺ​ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​។ បើ​ជនបរទេស​ណា ទទួលបាន​សញ្ជាតិ​ខ្មែរ តាមរយៈ​ព្រះរាជក្រឹត្យ​រួចហើយ ជនបរទេស​នោះ ត្រូវតែ​ចូលទៅ​ស្បថ​ក្នុង​តុលាការ​កំពូល ដែលជា​ដំណាក់កាល​ចុងក្រោយ​។ 
 
​បើ​សង្កេត​និង​តាមដាន​មើលទៅ ឃើញថា​មាន​ចំណុច​សំខាន់ៗ​ពីរ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ព្រួយបារម្ភ​ចំពោះ​ច្បាប់​ថ្មី គឺ​ការសុំ​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ​តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍ និង​ការផ្តល់​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល ជា​អ្នកកំណត់​ទឹកប្រាក់​សម្រាប់​ជនបរទេស​ជា​អ្នកវិនិយោគ រួមទាំង​ការកំណត់​ទឹកប្រាក់​សម្រាប់​ជនបរទេស ដែល​ត្រូវ​បរិច្ចាគ ដើម្បី​សុំ​សញ្ជាតិ​ខ្មែរ​។ ពួកគេ បារម្ភ​ថា ច្បាប់​ថ្មី​នេះ ធ្វើ​ឲ្យ​ជនបរទេស​ជាច្រើន ជាពិសេស​ជនជាតិ​វៀតណាម នឹងមាន​ភាពងាយស្រួល​ក្នុង​ការសុំ​សញ្ជាតិ​ខ្មែរ ដោយ​សុំ​ជា​គ្រួសារ​ក្នុងពេល​តែមួយ​តែម្តង​។ 
 
​ការព្រួយបារម្ភ​ត្រង់ចំណុច​នេះ ត្រូវបាន​លោក ប៊ុន ហុន អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ និង​ជា​អតីត​ប្រធាន​គណៈមេធាវី បាន​ចេញមក​បកស្រាយ​។ លោក លើកឡើងថា ការអនុញ្ញាត​ឲ្យ​ជនបរទេស ភ្ជាប់​កូនៗ​របស់​ពួកគេ ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ ចូលទៅក្នុង​សំណើ​តែមួយ ពេល​ស្នើសុំ​សញ្ជាតិ​ខ្មែរ តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍ មិនមែន​មានតែ​នៅ​កម្ពុជា​នោះទេ សូម្បី​នៅតាម​ប្រទេស​ផ្សេងៗ ក៏មានដែរ​។ លោក បន្ថែមថា ការអនុញ្ញាត​បែបនេះ គឺជា​ការគោរព​សិទ្ធិ​កុមារ ឬ​សិទ្ធិ​អនីតិជន ដែល​ត្រូវ​រស់នៅ​ជាមួយ​ឪពុកម្តាយ​។ 
 
​លោក ប៊ុន ហុន ដែល​អះអាងថាលោក ជា​មនុស្ស​ម្នាក់ ដែល​បាន​ចូលរួម​សរសេរ​ច្បាប់សញ្ជាតិថ្មី បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖«​សូម្បីតែ​ពលរដ្ឋ​ខ្មែរ ដែល​ទៅ​រៀបការ​ជាមួយ​ជនបរទេស នៅ​ប្រទេស​ណាក៏ដោយ ហើយ​បើ​ខ្មែរ​យើង​បានទទួល​សញ្ជាតិ​របស់​គេ​តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍​នេះ ហើយ​ពេល​មានកូន​តូច​អាយុ​២-៣​ឆ្នាំ និយាយ​ជារួម​ក្រោម​អាយុ​១៨​ឆ្នាំ ដែល​ត្រូវ​រស់នៅ​ជាមួយ​ឪពុកម្តាយ គឺ​ទៅសុំ​ចូលសញ្ជាតិ​របស់គេ ជាមួយ​ឪពុកម្តាយ បាន​ដូចគ្នា​ទេ​។ នៅ​ប្រទេស​បារាំង​ក្តី ឬ​នៅ​អាមេរិក​ក្តី សូម​ឲ្យ​ពួកគាត់​ពិនិត្យមើល​ច្បាប់​នៅ​ប្រទេស​អស់ហ្នឹង​ទៅ មិន​ខុសគ្នា​ទេ​»​។ 
 


ចំណែកឯ ចំនួន​ទឹកប្រាក់ សម្រាប់​ជនបរទេស​ជា​អ្នកវិនិយោគ ដែល​ត្រូវ​ដាក់ទុន​ក្នុង​គម្រោង​វិនិយោគ និង​ចំនួន​ទឹកប្រាក់ សម្រាប់​ជនបរទេស ដែល​ត្រូវ​បរិច្ចាគ មិនបាន​ចែង​ឬ​កំណត់​ក្នុង ច្បាប់​ថ្មី​ឡើយ ដោយ​ទុក​សិទ្ធិ​នៃ​ការកំណត់​នេះ ទៅ​ឲ្យ​រដ្ឋាភិបាល​វិញ​។ ចំណុច​នេះ ធ្វើ​ឲ្យ​មាន​ក្តីបារម្ភ​ថា បើ​រដ្ឋាភិបាល​កំណត់​តាមចិត្ត ហើយ​កំណត់​ចំនួន​ទឹកប្រាក់​តិចជាង​ច្បាប់​ចាស់ នោះ​ជនបរទេស​ដែលជា​អ្នកវិនិយោគ និង​ជនបរទេស​ជា​អ្នកមាន នឹងមាន​ភាពងាយស្រួល ដើម្បី​បាន​សញ្ជាតិ​ខ្មែរ​។​
 
​ស្តាប់ទៅ​ដូចជា​សម​ហេតុផល និង​ពិតជា​គួរ​ឲ្យ​ព្រួយបារម្ភ​មែន បើ​រដ្ឋាភិបាល​កំណត់​ចំនួន​ទឹកប្រាក់​តិចជាង​ច្បាប់​ចាស់​។ ចុះបើ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ចេញមក​ដោយ​កំណត់​ចំនួន​ទឹកប្រាក់​ច្រើនជាង​ច្បាប់​ចាស់ យ៉ាងម៉េច​ទៅវិញ​? 
 
​ពុំទាន់​មាន​មន្ត្រី​រដ្ឋាភិបាល​ណា អាច​និយាយ​ជាមុន​ឡើយ ថា​រដ្ឋាភិបាល នឹង​កំណត់​ចំនួន​ទឹក​ប៉ុន្មាន​។ ប៉ុន្តែ លោក ប៊ុន ហុន សន្និដ្ឋានថា រដ្ឋាភិបាល នឹង​កំណត់​ចំនួន​ទឹកប្រាក់​ច្រើនជាង​មុន​។ 
 
​អ្នកជំនាញ​ផ្នែក​ច្បាប់​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការកំណត់​ឲ្យ​ចំនួន​ទឹកប្រាក់​មក​ទាប​នេះ គឺ​កម្រ​ណាស់ ព្រោះ​សេដ្ឋកិច្ច​យើង ទៅមុខ​។ ចំនួន​ទឹកប្រាក់ ដែល​ត្រូវ​កំណត់ ដោយ​អនុក្រឹត្យ គឺ​យ៉ាងហោច​គុណ​នឹង​៣​ដង បើ​ធៀប​នឹង​ទឹកប្រាក់​ដែល​កំណត់​ក្នុង​ច្បាប់​បច្ចុប្បន្ននេះ​។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​អាច​និយាយបានថា ប្រហែលជា​១​លាន​ដុល្លារ​ឡើងទៅ​»​។ 

សូមបញ្ជាក់ថា ច្បាប់​សញ្ជាតិថ្មី ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២0១៨ ដើម្បី​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​។ ច្បាប់ថ្មីនេះ គឺ​កើតចេញ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល និង​ទទួលបាន​ការយល់ព្រម​ទាំងស្រុង​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​៕ 
 

Tag:
 ច្បាប់​សញ្ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com