ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​ ដាក់​មន្ត្រី និង​បុគ្គ​លិកស៊ីម៉ាក់ទាំងអស់ ចូលទៅក្នុង​ក្របខណ្ឌ​រដ្ឋ​
24, Jun 2018 , 8:00 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក លោក HENG Ratana
រូបភាពពីហ្វេសប៊ុក លោក HENG Ratana
ដោយ:
ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បញ្ចូល​មន្ត្រី និង​បុគ្គលិក មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ទាំងអស់​ចូលក្នុង​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ នៅពេល​បញ្ចប់​ភារកិច្ច​ក្នុង​កិច្ចសន្យា និង​អ្នក​ចូលនិវត្តន៍ ពលី ពិការ បាត់បង់​លទ្ធភាព​ពលកម្ម​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ហេង រតនា អគ្គនាយក CMAC​។​



 
 ការបញ្ចូល​មន្ត្រី CMAC ទៅក្នុង​ក្របខណ្ឌ​រដ្ឋ​នេះដែរ លោក ហេង រតនា ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក យ៉ាង​ដូច្នេះ​ថា ទោះជា​ត្រូវបាន​បញ្ចូល​ក្នុង​ក្របខណ្ឌ​នៃ​ក្រសួងការពារជាតិ​ក្តី ប៉ុន្តែ​មន្ត្រី​និង​បុគ្គលិក​ទាំងអស់​របស់ CMAC មិនមែនជា​កងទ័ព ហើយ​មាន​សក្តិ​ពាក់​នោះទេ​។ លោក បញ្ជាក់ថា «​ប្រាក់ខែ របស់​ពួកគេ​នៅតែ​បើក​ពី CMAC ដដែល  មិនមែន​បើក​ពី​ក្រសួងការពារជាតិ ឬ​ពី​ស្ថាប័នរដ្ឋ​ណាមួយ​ឡើយ​។​
 
​អគ្គនាយក CMAC បាន​បន្ថែមថា អត្ថប្រយោជន៍​នៃ​ការចូល​ក្របខណ្ឌ​នេះ គឺ​ពួកគេ​ទទួលបាន​ប្រាក់​សោធន​និវត្តន៍​ពីរ​ដ្ឋ ដោយ​កន្លងមក​ពួកគេ​មិន​ទទួល​បានទេ ពីព្រោះ​មិនមែនជា​ក្របខណ្ឌ​រដ្ឋ ហើយ​មាន​អ្នកខ្លះ​ជួប​ការលំបាក់​នឹង​ជីវភាព​ពេល​ចូលនិវត្តន៍ ដោយសារតែ​មិន​ទទួលបាន​ប្រាក់​សោធន​និវត្តន៍​។ 
 
​លោក ហេង រតនា បាន​បន្ថែមទៀតថា ការបញ្ចូល​ក្របខណ្ឌ​មន្ត្រី CMAC ជា​គុណបំណាច់ ដែល​ពួកគេ​បាន​បម្រើ​ការងារ​កំចាត់​មីន​ជាង​២៥​ឆ្នាំ​ហើយ ដោយ​អ្នកខ្លះ ក៏​ធ្លាប់មាន​អតីត​ភាពជា​កងកម្លាំង​ប្រដាប់អាវុធ​ផងដែរ​។ អគ្គនាយក CMAC ដដែល​នេះ បានបញ្ជាក់​ទៀតថា ៖«​មន្ត្រី​និង​បុគ្គល​របស់ CMAC មាន​ប្រមាណ ១៨00​នាក់ កំពុង​បម្រើ​ការងារ​»៕

Tag:
 ​CMAC
  ​ហេង រតនា​)
© រក្សាសិទ្ធិដោយ thmeythmey.com