FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស និងបែលហ្ស៊ិក ឡើងទៅវគ្គបន្ត បន្ទាប់ពីអង់គ្លេសស៊ីប៉ាណាម៉ា ៦-១
× អង់គ្លេស បានទទួលជ័យជម្នះរហូតដល់ទៅ ៦-១ លើប៉ាណាម៉ា សម្រាប់ជំនួបនៅក្នុងពូល G នៃពានរង្វាន់ FIFA World Cup 2018 ។ លទ្ធផលនេះ មានន័យថា អង់គ្លេស និងបែលហ្ស៊ិក ត្រូវឡើងទៅកាន់វគ្គបន្ត ដោយពួកគេបានទទួលជ័យជម្នះពីរលើកជាប់ៗគ្នានៅក្នុងពូល ដោយកាលពីម្សិលមិញ បែលហ្ស៊ិកឈ្នះទុយនីស៊ី ៥-២ ។
អង់គ្លេសដែលបានបើកឆាកឈ្នះទុយនីស៊ី ២-១ បានបើកការវាយលុកនាជំនួបបន្ទាប់ជាមួយ ប៉ាណាម៉ា នៅកីឡដ្ឋាន Nizhny Novgorod ។ តោកំណាចអង់គ្លេស បានស៊ុតបាល់បញ្ចូលទីរហូតដល់ទៅ៥គ្រាប់នៅក្នុងតង់ទីមួយ ដោយ John Stone រកបាន២គ្រាប់ Harry Kane រកបាន២គ្រាប់ និង Jesse Lingard ជួយបាន១គ្រាប់។
ឈានដល់តង់ទីពីរ ប្រធានក្រុម Harry Kane សម្រេចគ្រាប់ Hat-trick របស់ខ្លួននៅនាទី៦២ មុននឹងត្រូវបានប្តូរចេញ។ សរុបការប្រកួតពីរលើកដំបូង Kane រកបានសរុប៥គ្រាប់។ ទោះបីជាយ៉ាងណាក៏ដោយ Felipe Baloy សម្រេចបានកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ប៉ាណាម៉ា តាមរយៈការស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងនៅ World Cup នាវត្តមានលើកដំបូងបំផុតសម្រាប់ប្រជាជាតិមួយនេះ។
នៅថ្ងៃទី២៨ ខែមិថុនា អង់គ្លេសត្រូវជួបជាមួយបែលហ្ស៊ិកដើម្បីប្រជែងយកលេខ១ក្នុងពូល ខណៈប៉ាណាម៉ា និងទុយនីស៊ី ត្រូវប្រកួតបង្គ្រប់ មុននឹងធ្វើដំណើរទៅផ្ទះរៀងៗខ្លួន។
អង់គ្លេស និងបែលហ្ស៊ិក បានកៅអីដោយស្វ័យប្រវត្តិទៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយម្ចាស់ផ្ទះរុស្ស៊ី អ៊ុយរូហ្គាយ បារាំង និងក្រូអាស៊ី រីឯប៉ាណាម៉ា និងទុយនីស៊ី ធ្លាក់ចេញពីព្រឹត្តិការណ៍ដូច អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ម៉ារ៉ុក ប៉េរូ និងកូស្តារីកា ៕
Tag:
FIFA World Cup
GroupG
© រក្សាសិទ្ធិដោយ thmeythmey.com