ប៉ូឡូញ ក្រុម​អឺរ៉ុប​ទីមួយ​ដែល ធ្លាក់​ចេញពី World Cup ក្រោយ​ចាញ់​កូ​ឡុំ​ប៊ី ៣-០

FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូឡូញ ក្រុម​អឺរ៉ុប​ទីមួយ​ដែល ធ្លាក់​ចេញពី World Cup ក្រោយ​ចាញ់​កូ​ឡុំ​ប៊ី ៣-០
25, Jun 2018 , 4:52 am         2216
រូបភាព
Robert Lewandoswki  ធ្វើបានយ៉ាងល្អនៅវគ្គជម្រុះ ប៉ុន្តែខកចិត្តនៅរុស្ស៊ី។ រូបថត Getty/FIFA
Robert Lewandoswki ធ្វើបានយ៉ាងល្អនៅវគ្គជម្រុះ ប៉ុន្តែខកចិត្តនៅរុស្ស៊ី។ រូបថត Getty/FIFA
ដោយ: ថ្មីៗ
កូ​ឡុំ​ប៊ី​យកឈ្នះ​ប៉ូឡូញ ៣-០ ដើម្បី​រក្សា​ឱកាស​របស់ខ្លួន​ក្នុងការ​ប្រជែង​យក​កៅអី​វគ្គ​១៦​ក្រុម​ចុងក្រោយ ជាមួយ​ជប៉ុន និង​សេ​ណេ​ហ្គា​ល់ ដែល​បានបញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ២-២ សម្រាប់​ជំនួប​ពូ​ល H  នៃ​ព្រឹត្តិការណ៍ FIFA World Cup 2018​។ លទ្ធផល​ដ៏​ខកចិត្ត​នេះ នាំ​ឲ្យ​ប៉ូឡូញ ក្លាយជា​ក្រុម​អឺរ៉ុប​ដំបូង​ដែល​បាន​ហាលអាវ​។​



Yerry Mina បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​តង់​ទីមួយ មុនពេល​ដែល Radamel Falcao និង Juan Cuadrado បន្ថែម​ម្នាក់​១​គ្រាប់​នៅ​តង់​ទី​ពីរ នាំ​ឲ្យ​កូ​ឡុំ​ប៊ី ទទួលបាន​៣​ពិន្ទុ​លើ​ប៉ូឡូញ ក្រោយ​ចាញ់​ជប៉ុន ២-១ នា​ជំនួប​បើកឆាក​។ James Rodriguez ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំការ​ប្រកួត ក្រោយ​ការបញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​១ និង​ទី​៣ ។​

Robert Lewandoswki ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​រហូតដល់​ទៅ​១៦​គ្រាប់ ពោលគឺ​មួយ​គ្រាប់​លើស Cristiano Ronaldo នា​ការប្រកួត​ជម្រុះ​នោះ មិនអាច​ស្រោចស្រង់​ស្ថានភាព​សម្រាប់​ប៉ូឡូញ​ឡើយ បន្ទាប់ពី​ក្រុម​អឺរ៉ុប​មួយ​នេះ ក៏បាន​ចាញ់​សេ​ណេ​ហ្គា​ល់ ២-១ ផងដែរ​នា​ជំនួប​បើកឆាក​។​

​សម្រាប់​ការប្រកួត​គូ​ដំបូង កាលពី​រាត្រី​ថ្ងៃអាទិត្យ ជប៉ុន​បាន​វាយបក​តាម​ពីក្រោយ​ជា​បន្តបន្ទាប់​លើ​សេណ​ហ្គា​ល់​ដើម្បី​បញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ២-២ ។ នៅ​តង់​ទីមួយ Sadio Mane រកបាន​គ្រាប់​បាល់​នាំមុខ​សម្រាប់​សេ​ណេ​ហ្គា​ល់ ហើយ Takashi Inui តាម​ស្មើ​វិញ​។ ឈានដល់​តង់​ទី​ពីរ Moussa Wague ជួយ​ឲ្យ​ក្រុម​អាហ្វ្រិក​នាំមុខ​សារជាថ្មី​នៅ​នាទី​៧១ តែ​៧​នាទី​ក្រោយមក Keisuke Honda ដែល​ទើប​បង្ហាញ​វត្តមាន​នៅលើ​ទីលាន បាន​តាម​ស្មើ​វិញ​សម្រាប់​ក្រុម​អាស៊ី​។​

​ពីរ​ប្រកួត​នៅក្នុង​ពូ​ល នាំ​ឲ្យ​ជប៉ុន​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​ពូ​ល H ដោយមាន​៤​ពិន្ទុ និង​គ្រាប់​បាល់ ស្មើ សេ​ណេ​ហ្គា​ល់ តែ​ជប៉ុន​មាន​អាទិភាព​លើ​ពិន្ទុ Fair Play ដោយ​ទទួលបាន​កាត​លឿង​តែ​៣ ខណៈ​សេ​ណេ​ហ្គា​ល់​បាន​៥ ។ កូ​ឡុំ​ប៊ី មាន​៣​ពិន្ទុ ខណៈ​ប៉ូឡូញ​គ្មាន​ពិន្ទុ​រាប់​។​

​ការប្រកួត​ចុងក្រោយ​នៅក្នុង​ពូ​ល H នា​ថ្ងៃទី​២៨ ខែមិថុនា ជា​ជំនួប​ដ៏​មាន​សារសំខាន់​របស់​ជប៉ុន សេ​ណេ​ហ្គា​ល់ និង​កូ​ឡុំ​ប៊ី ក្នុងការ​ប្រជែង​យក​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ជប៉ុន​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខកចិត្ត​ប៉ូឡូញ ខណៈ​សេ​ណេ​ហ្គា​ល់ត​ទល់​ជាមួយ​កូ​ឡុំ​ប៊ី​។​

​ក្រោយ​បញ្ចប់​ការប្រកួត​ជើង​ទី​ពីរ​ក្នុង​ពូ​ល​នីមួយៗ អង់គ្លេស និង​បែលហ្ស៊ិក បាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ជាមួយ​ម្ចាស់ផ្ទះ​រុស្ស៊ី អ៊ុយ​រូ​ហ្គា​យ បារាំង និង​ក្រូ​អាស៊ី រីឯ​ប៉ូឡូញ ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​ដូច ប៉ា​ណា​ម៉ា ទុយ​នី​ស៊ី អេ​ហ្ស៊ី​ប អា​រ៉ា​ប៊ី​សា​អូឌីត ម៉ា​រ៉ុ​ក ប៉េ​រូ និង​កូ​ស្តា​រី​កា ៕


Tag:
 FIFA World Cup
  GroupH
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next