FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីរំពឹងបានចំណូលពីចិន ១៩៥លានដុល្លារ អំឡុងព្រឹត្តិការណ៍ World Cup
× ប្រជាជនចិនប្រហែល ១០០០០០នាក់ នឹងធ្វើដំណើរទៅរុស្ស៊ីក្នុងអំឡុងការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលអាចបង្កើតប្រាក់ចំណូលចំនួន ៣ពាន់លានយ័ន (១៩៤,៧៤ លានដុល្លារដុល្លារអាមេរិក) សម្រាប់ប្រទេសនេះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន China Youth Daily នៅថ្ងៃទី ២១ មិថុនា ដែលដកស្រង់របាយការណ៍ពីក្រុមហ៊ុនទេសចរណ៍អនឡាញចិន Ctrip។
លោក Xiao Yinyuan ដែលទទួលបន្ទុកខាងទេសចរណ៍នៅក្រៅប្រទេសរបស់ក្រុមហ៊ុន Ctrip បាននិយាយថា មានជើងហោះហើរផ្ទាល់ដល់ទៅ ២០ លើកពីចិនទៅរុស្ស៊ីជារៀងរាល់ថ្ងៃ ដែលក្នុងនោះមានជនជាតិចិនសរុបចំនួន ៤០០០នាក់។ ចំនួននេះស្មើនឹង៩០ភាគរយនៃកៅអីសរុបរបស់ប្រជាជនចិនដែលធ្វើដំណើរទៅទស្សនាការប្រកួតបាល់ទាត់ពិភពលោកនៅរុស្ស៊ី។
លើសពីការព្យាករណ៍នេះដោយផ្អែកលើជើងហោះហើរ Ctrip ក៏បានលើកឡើងពីទិន្នន័យរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បង្ហាញថាសំបុត្រចំនួន ៤០២៥១សន្លឹក ត្រូវបានលក់ឲ្យពលរដ្ឋចិនរួចហើយ ដែលធ្វើឲ្យប្រទេសឈរចំណាត់ថ្នាក់ទី៨ នៅទូទាំងពិភពលោកក្នុងចំនួនអ្នកទិញសំបុត្រមើលការប្រកួតនៅរុស្ស៊ីច្រើនជាងគេ។
បើយោងតាមប្រភពខាងលើដដែល ចិនក៏ជាប្រទេសដែលបាននាំមុខគេលំដាប់ទី៣ពិភពលោកដែលមានប្រជាជនធ្វើដំណើរទៅរុស្ស៊ីច្រើនជាងគេរហូតដល់១សែននាក់ ពោលគឺមានច្រើនជាងប្រទេសមួយចំនួនដែលបានកៅអីលេង World Cup ឆ្នាំ២០១៨ នេះទៀតផង។
Ctrip បន្ថែមថា អ្នកទេសចរណ៍ចិន៥០០០នាក់បានកក់សំបុត្រយន្តហោះទៅរុស្ស៊ី ដែលមានចំនួនច្រើនជាង១០ដងកាលពីឆ្នាំ២០១៤ ដែលប្រេស៊ីលធ្វើជាម្ចាស់ផ្ទះនោះ៕
Tag:
FIFA World Cup
បាល់ទាត់
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com