កីឡាជាតិ
ជាតិ
អ្នកចាំទី ស៊ូ យ៉ា​ទី ចាក​ចេញពី​បឹងកេត ក្រោម​ហេតុផល​មិន​ឯកភាពគ្នា​ក្នុង​កិច្ចសន្យា​
25, Jun 2018 , 1:57 pm        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​បឹងកេត​បានសម្រេច​ចែកផ្លូវ​គ្នា​ជាមួយ​អ្នកចាំទី​ដៃ​ទី​១ ស៊ូ យ៉ា​ទី ក្រោយ​មិន​ឯកភាពគ្នា​លើ​ចំណុច​មួយចំនួន ដែល​មិនអាច​ឈានដល់​ការបន្ត​ចុះកិច្ចសន្យា​ថ្មី​។ តែ​យ៉ាងណា ក្លិប​នេះ​មិនបាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ពី​ចំណុច​ដែល​មិន​ឯកភាពគ្នា​នោះទេ​។ ស៊ូ យ៉ា​ទី បាន​ចំណាយពេល​ជាង​៣​ឆ្នាំ​រួមរស់​ជាមួយ​បឹងកេត និង​ជួយ​ឲ្យ​ក្លិប​លើក​ពាន​លី​គ​កំពូល​បាន​ពីរលើក​។


 
 
​ក្រោយ​រួមរស់​ជាមួយគ្នា​ជាង​៣​ឆ្នាំ ក្លិប​បាល់ទាត់​បឹងកេត​បានសម្រេច​ចែកផ្លូវ​គ្នា​ជាមួយ​អ្នកចាំទី​ដៃ​ទី​១ ស៊ូ យ៉ា​ទី ដែល​កំពុង​ញាំញី​ដោយ​របួស​ភ្លាត់​សរសៃ​សាច់ដុំ​ភ្លៅ និង​សរសៃ​កំ​ភ្លួ​ន​ជើង ក្រោម​ហេតុផល​មិន​ឯកភាពគ្នា​លើ​ចំណុច​មួយចំនួន​ក្នុង​កិច្ចសន្យា​។ តែ​ក្លិប​នេះ មិនបាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ពី​ចំណុច​មិន​ឯកភាពគ្នា​នោះឡើយ​។ 
 
«​គ្រប់ៗ​គ្នា​នៅ​បឹងកេត​សូម​ជូនពរ យ៉ា​ទី ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​នាពេលខាងមុខ​។ យើង​សោកស្ដាយ​ដែល​ក្លិប​និង យ៉ា​ទី ពុំ​អាច​ឯកភាពគ្នា​រហូត​ឈានដល់​កិច្ចព្រមព្រៀង​ក្នុង​ការបន្ដ​កិច្ចសន្យា​ថ្មី​។ ដូច្នេះ​យើងទាំងអស់គ្នា​អរគុណ​ដល់ យ៉ា​ទី សម្រាប់​ការរួមចំណែក និង​ការខិតខំ​ប្រឹងប្រែង​កន្ល​ង​មក​ជាមួយ​ពួកយើង​»​។ ជា​សារ​បង្ហាញ​ពី​ការមិន​ព្រមព្រៀងគ្នា​រវាង​អ្នកចាំទី ស៊ូ យ៉ា​ទី ជាមួយ​ក្លិប​បឹងកេត ដែល​ក្លិប​នេះ​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។ 
 
​កីឡាករ ស៊ូ យ៉ា​ទី បាន​ចំណាយពេល​ជាង​៣​ឆ្នាំ​រួមរស់​ជាមួយ​បឹងកេត ពោលគឺ​ពី​២០១៥ ដល់​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៨​។ អ្នកចាំទីវ័យ​២៦​ឆ្នាំ​រូបនេះ បាន​ជួយ​ក្លិប​បឹងកេត​លើក​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា​បាន​ចំនួន​ពីរលើក គឺ​នៅ​ឆ្នាំ​២០១៦ និង ២០១៧​។ យ៉ា​ទី ធ្លាប់​រួមរស់​ជាមួយ​ក្រសួងការពារជាតិ​ពី​ឆ្នាំ​២០០៩-២០១៣ បន្ទាប់មក​បាន​ផ្ទេរ​ទៅកាន់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​ពី​ឆ្នាំ​២០១៣-២០១៥៕   

Tag:
 ​បឹងកេត​
  ស៊ូ យ៉ា​ទី​
© រក្សាសិទ្ធិដោយ thmeythmey.com