World Cup៖ ក្រុម​ប្រទេស​អារ៉ាប់​ទាំង​៣​ហាលអាវ ក្រោយ​បរាជ័យ ២​លើក​ក្នុង​ពូ​ល
FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ក្រុម​ប្រទេស​អារ៉ាប់​ទាំង​៣​ហាលអាវ ក្រោយ​បរាជ័យ ២​លើក​ក្នុង​ពូ​ល
25, Jun 2018 , 2:44 pm        
រូបភាព
​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2018 បាន​ឈានដល់​ការប្រកួត​ជុំ​ទី​៣​នៃ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​នីមួយៗ​ចាប់ពី A ដល់ H ចាប់ពី​ថ្ងៃទី​២៥ ខែមិថុនា​នេះ​តទៅ​។ ឆ្លងកាត់​ការប្រកួត​២​លើក​កន្លងមក មាន​ក្រុមខ្លះ​បានដឹង​លទ្ធផល​ថា​អាច​ឈានទៅ​វគ្គ​បន្ត​រួចទៅហើយ និង​ខ្លះទៀត​ត្រូវ​ហាលអាវ​ត្រឡប់ទៅផ្ទះ​វិញ ខណៈ​ពូ​ល​ខ្លះទៀត​ត្រូវ​ប្រជែង​គ្នា​ដើម្បី​កាត់សេចក្តី​នៅ​ប្រកួត​ចុងក្រោយ​។ ក្នុងនោះដែរ ក្រុម​មកពី​អារ៉ាប់​ចំនួន​៣ រួមមាន អា​រ៉ា​ប៊ី​សា​អូឌីត អេ​ហ្ស៊ី​ប និង​ម៉ា​រ៉ុ​ក សុទ្ធតែ​អស់សិទ្ធិ​ទៅ​វគ្គ​បន្ត តែ​នៅសល់​១​ប្រកួត​ដែលជា​ប្រកួត​បង្គ្រប់កិច្ច​។​



​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប និង អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​រុស្ស៊ី និង​អ៊ុយ​រូ​ហ្គា​យ ត្រូវអស់​សិទ្ធិ​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ​ក្រោយ​ចាញ់​ទាំងពីរ​ប្រកួត​រៀងខ្លួន​។ ការប្រកួត​ចុងក្រោយ​អេ​ហ្ស៊ី​ប​ត្រូវ​ជួប​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ដណ្តើមយក​លេខ​៣​ក្នុង​ពូ​ល ខណៈ​រុស្ស៊ី​ប៉ះ​អ៊ុយ​រូ​ហ្គា​យ​ប្រជែង​គ្នា​យក​លេខ​១​។​



​នៅក្នុង​ពូ​ល B វិញ ម៉ា​រ៉ុ​ក​ដែលជា​ក្រុម​មកពី​អារ៉ាប់​ដែរនោះ​ក៏បាន​ហាល​អាល​ផងដែរ​ក្រោយ​ប្រ​កូត​ចាញ់​ទាំង​២​លើក​ក្រោម​ថ្វី​ជើង​អ៊ីរ៉ង់ និង​ព័រ​ទុយ​ហ្គា​ល់​។ ពូ​ល​នេះ​មាន​៣​ក្រុម​ដែល​ត្រូវ​ប្រជែង​គ្នា​ទៅ​វគ្គ​បន្ត​ដោយ​ត្រូវ​កាត់សេចក្តី​ក្នុងការ​ប្រកួត​ចុងក្រោយ ដែល​ក្នុងនោះ​ក្រុម​កំពុង​នាំមុខ​ក្នុង​ពូ​ល​អេ​ស្ប៉ា​ញ​ត្រូវ​តទល់​ជាមួយ​ម៉ា​រ៉ុ​កដោយ​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ ហើយ​អ៊ីរ៉ង់​ទាមទា​ឈ្នះ​ព័រ​ទុយ​ហ្គា​ល់​ដាច់ខាត​។​



​ចំណែក​ពូ​ល C វិញ បា​រាំងជា​ក្រុម​ឡើងទៅ​វគ្គ​បន្ត ខណៈ​ប៉េ​រូ​ដែល​អស់សិទ្ធិ​ដោយ​ស្វ័យប្រវត្តិ នឹងត្រូវ​លេង​បង្គ្រប់កិច្ច​ទល់នឹង​អូស្ត្រាលី​ដែល​រកបាន​១​ពិន្ទុ​។ ដា​ណឺ​ម៉ាក​ដែលមាន​៤​ពិន្ទុ​ត្រូវ​ជួប​បារាំង​ហើយ​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ដើម្បី​ធានា​ជា​ក្រុម​លេខ​២​ក្នុង​ពូ​ល​នេះ​។​



​ពូ​ល D ក្រូ​អាស៊ី​បាន​កក់​កៅអី​ទៅ​ជុំ​បន្ទាប់​ក្រោយ​រកបាន​៦​ពិន្ទុ ស្របពេល​នី​ហ្សេ​រី​យ៉ា អ៊ី​ស្លង់ និង​អា​ហ្ស​ង់​ទីន​ត្រូវ​ប្រជែង​គ្នា​ក្នុង​ប្រកួត​ចុងក្រោយ​ដើម្បី​រក​មួយក្រុម​ទៀត​ឈានទៅ​វគ្គ​បន្ត​។ នី​ហ្សេ​រី​យ៉ា​មាន​៣​ពិន្ទុ​ក្នុង​ដៃ ត្រូវ​ប៉ះ​អា​ហ្ស​ង់​ទីន​ដែលមាន​១​ពិន្ទុ ហើយ​អ៊ី​ស្លង់​មាន​១​ពិន្ទុ​ដែរនោះ​ត្រូវ​ជួប​ក្រូ​អាស៊ី​។​



​ពូ​ល E ប្រេ​ស៊ី​ល​ដែលមាន​៤​ពិន្ទុ​ស្មើ​ស្វី​ស និង​ស៊ែ​ប៊ី​មាន​៣​ពិន្ទុ ត្រូវ​ប្រជែង​គ្នា​ដើម្បី​រក​២​ក្រុម​ទៅ​វគ្គ​បន្ត​ក្នុង​ប្រកួត​លើក​ទី​៣ ខណៈ​កូ​ស្តា​រី​ការ​ហាលអាវ​។ ប្រេ​ស៊ី​ល​ប៉ះ​ស៊ែ​ប៊ី ហើយ​ស្វី​ស​ជួប​កូ​ស្តា​រី​កា​។​



​ពូ​ល F ម៉ិ​ក​ស៊ិ​ក​ឡើង​ដោយ​ស្វ័យប្រវត្តិ​ក្រោយ​រកបាន​៦​ពិន្ទុ ហើយ​កូរ៉េខាងត្បូង​ត្រូវ​វិច​បង្វិច​ទៅផ្ទះ​វិញ​។ ក្រុម​ម្ចាស់​ការពារ​ជើងឯក​អាល្លឺម៉ង់​ត្រូវ​ប្រជែង​យក​លេខ​២​ជាមួយ​ស៊ុយអែត​ដែលមាន​៣​ពិន្ទុ​ដូចគ្នា​។ ការប្រកួត​ចុងក្រោយ ម៉ិ​ក​ស៊ី​ក​ជួប​ស៊ុយអែត ហើយ អាល្លឺម៉ង់​ប៉ះ​កូរ៉េខាងត្បូង​។​



​ក្នុង​ពូ​ល G ឯណោះ​វិញ ក្រុម​ជើង​ខ្លាំង​ពីរ​រួមមាន​អង់គ្លេស និង​បែលហ្ស៊ិក​សុទ្ធតែ​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​រៀងខ្លួន​បន្ទាប់ពី​រកបាន​៦​ពិន្ទុ​ដូចគ្នា ហើយ​ទុយ​ណេ​ស៊ី និង​ប៉ា​ណា​ម៉ា​ដឹក​ដៃ​គ្នា​ទៅផ្ទះ​។ ប្រកួត​ចុងក្រោយ អង់គ្លេស​ប្រជែង​ជាមួយ​បែលហ្ស៊ិក​ដើម្បី​ដណ្តើមយក​លេខ​១​ក្នុង​ពូ​ល ហើយ​ប៉ា​ណា​ម៉ា​ប៉ះ​ទុយ​ណេ​ស៊ីក្នុង​ការប្រកួត​បង្គ្រប់​កិច្ច​។​



​ចំណែក​ពូ​ល H ជា​ពូ​ល​ចុងក្រោយ បាន​រកឃើញ​ក្រុម​ដែល​ធ្លាក់​មុនគេ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ប៉ូឡូញ​ជា​ក្រុម​អឺរ៉ុប​ដំបូង​គេ​ត្រូវ​ខ្ទាត​ចេញពី​ពាន World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​មុនគេ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្រោយ​ចាញ់​កូ​ឡុំ​ប៊ី​ក្នុងការ​ប្រកួត​យប់មិញ ៣-០ និង​ចាញ់​សេ​ណេ​ហ្គា​ល់ ២-១ នៅ​ប្រកួត​បើកឆាក​។ ក្រុម​ដែលមាន​សិទ្ធិ​ប្រជែង​គ្នា​ដើម្បី​ឆ្លង​ផុត​វគ្គ​តាម​ពូ​ល​នេះ រួ​មាន​ជប៉ុន​មាន​៤​ពិន្ទុ សេ​ណេ​ហ្គា​ល់​មាន​៤​ពិន្ទុ និង​កូ​ឡុំ​ប៊ី​មាន​៣​ពិន្ទុ​។ ការប្រកួត​ចុងក្រោយ​ជប៉ុន​ប៉ះ​ប៉ូឡូញ ខណៈ​សេ​ណេ​ហ្គា​ល់​ជួប​កូ​ឡុំ​ប៊ី​៕




Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66192 [1] => 79,14,10 [2] => World Cup៖ ក្រុម​ប្រទេស​អារ៉ាប់​ទាំង​៣​ហាលអាវ ក្រោយ​បរាជ័យ ២​លើក​ក្នុង​ពូ​ល [3] => content [4] => [5] => បាល់ទាត់​, FIFA World Cup [6] => 57 [7] => 0 [8] => )