ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 បានឈានដល់ការប្រកួតជុំទី៣នៃវគ្គសន្សំពិន្ទុតាមពូលនីមួយៗចាប់ពី A ដល់ H ចាប់ពីថ្ងៃទី២៥ ខែមិថុនានេះតទៅ។ ឆ្លងកាត់ការប្រកួត២លើកកន្លងមក មានក្រុមខ្លះបានដឹងលទ្ធផលថាអាចឈានទៅវគ្គបន្តរួចទៅហើយ និងខ្លះទៀតត្រូវហាលអាវត្រឡប់ទៅផ្ទះវិញ ខណៈពូលខ្លះទៀតត្រូវប្រជែងគ្នាដើម្បីកាត់សេចក្តីនៅប្រកួតចុងក្រោយ។ ក្នុងនោះដែរ ក្រុមមកពីអារ៉ាប់ចំនួន៣ រួមមាន អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងម៉ារ៉ុក សុទ្ធតែអស់សិទ្ធិទៅវគ្គបន្ត តែនៅសល់១ប្រកួតដែលជាប្រកួតបង្គ្រប់កិច្ច។
ក្រុមជម្រើសជាតិអេហ្ស៊ីប និង អារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះរុស្ស៊ី និងអ៊ុយរូហ្គាយ ត្រូវអស់សិទ្ធិឈានទៅវគ្គ១៦ក្រុមចុងក្រោយហើយក្រោយចាញ់ទាំងពីរប្រកួតរៀងខ្លួន។ ការប្រកួតចុងក្រោយអេហ្ស៊ីបត្រូវជួបអារ៉ាប៊ីសាអូឌីតដើម្បីដណ្តើមយកលេខ៣ក្នុងពូល ខណៈរុស្ស៊ីប៉ះអ៊ុយរូហ្គាយប្រជែងគ្នាយកលេខ១។
នៅក្នុងពូល B វិញ ម៉ារ៉ុកដែលជាក្រុមមកពីអារ៉ាប់ដែរនោះក៏បានហាលអាលផងដែរក្រោយប្រកូតចាញ់ទាំង២លើកក្រោមថ្វីជើងអ៊ីរ៉ង់ និងព័រទុយហ្គាល់។ ពូលនេះមាន៣ក្រុមដែលត្រូវប្រជែងគ្នាទៅវគ្គបន្តដោយត្រូវកាត់សេចក្តីក្នុងការប្រកួតចុងក្រោយ ដែលក្នុងនោះក្រុមកំពុងនាំមុខក្នុងពូលអេស្ប៉ាញត្រូវតទល់ជាមួយម៉ារ៉ុកដោយត្រូវការត្រឹមស្មើប៉ុណ្ណោះ ហើយអ៊ីរ៉ង់ទាមទាឈ្នះព័រទុយហ្គាល់ដាច់ខាត។
ចំណែកពូល C វិញ បារាំងជាក្រុមឡើងទៅវគ្គបន្ត ខណៈប៉េរូដែលអស់សិទ្ធិដោយស្វ័យប្រវត្តិ នឹងត្រូវលេងបង្គ្រប់កិច្ចទល់នឹងអូស្ត្រាលីដែលរកបាន១ពិន្ទុ។ ដាណឺម៉ាកដែលមាន៤ពិន្ទុត្រូវជួបបារាំងហើយត្រូវការត្រឹមស្មើប៉ុណ្ណោះដើម្បីធានាជាក្រុមលេខ២ក្នុងពូលនេះ។
ពូល D ក្រូអាស៊ីបានកក់កៅអីទៅជុំបន្ទាប់ក្រោយរកបាន៦ពិន្ទុ ស្របពេលនីហ្សេរីយ៉ា អ៊ីស្លង់ និងអាហ្សង់ទីនត្រូវប្រជែងគ្នាក្នុងប្រកួតចុងក្រោយដើម្បីរកមួយក្រុមទៀតឈានទៅវគ្គបន្ត។ នីហ្សេរីយ៉ាមាន៣ពិន្ទុក្នុងដៃ ត្រូវប៉ះអាហ្សង់ទីនដែលមាន១ពិន្ទុ ហើយអ៊ីស្លង់មាន១ពិន្ទុដែរនោះត្រូវជួបក្រូអាស៊ី។
ពូល E ប្រេស៊ីលដែលមាន៤ពិន្ទុស្មើស្វីស និងស៊ែប៊ីមាន៣ពិន្ទុ ត្រូវប្រជែងគ្នាដើម្បីរក២ក្រុមទៅវគ្គបន្តក្នុងប្រកួតលើកទី៣ ខណៈកូស្តារីការហាលអាវ។ ប្រេស៊ីលប៉ះស៊ែប៊ី ហើយស្វីសជួបកូស្តារីកា។
ពូល F ម៉ិកស៊ិកឡើងដោយស្វ័យប្រវត្តិក្រោយរកបាន៦ពិន្ទុ ហើយកូរ៉េខាងត្បូងត្រូវវិចបង្វិចទៅផ្ទះវិញ។ ក្រុមម្ចាស់ការពារជើងឯកអាល្លឺម៉ង់ត្រូវប្រជែងយកលេខ២ជាមួយស៊ុយអែតដែលមាន៣ពិន្ទុដូចគ្នា។ ការប្រកួតចុងក្រោយ ម៉ិកស៊ីកជួបស៊ុយអែត ហើយ អាល្លឺម៉ង់ប៉ះកូរ៉េខាងត្បូង។
ក្នុងពូល G ឯណោះវិញ ក្រុមជើងខ្លាំងពីររួមមានអង់គ្លេស និងបែលហ្ស៊ិកសុទ្ធតែឡើងទៅវគ្គ១៦ក្រុមចុងក្រោយរៀងខ្លួនបន្ទាប់ពីរកបាន៦ពិន្ទុដូចគ្នា ហើយទុយណេស៊ី និងប៉ាណាម៉ាដឹកដៃគ្នាទៅផ្ទះ។ ប្រកួតចុងក្រោយ អង់គ្លេសប្រជែងជាមួយបែលហ្ស៊ិកដើម្បីដណ្តើមយកលេខ១ក្នុងពូល ហើយប៉ាណាម៉ាប៉ះទុយណេស៊ីក្នុងការប្រកួតបង្គ្រប់កិច្ច។
ចំណែកពូល H ជាពូលចុងក្រោយ បានរកឃើញក្រុមដែលធ្លាក់មុនគេគួរឲ្យភ្ញាក់ផ្អើល។ ប៉ូឡូញជាក្រុមអឺរ៉ុបដំបូងគេត្រូវខ្ទាតចេញពីពាន World Cup ឆ្នាំ២០១៨ នៅរុស្ស៊ីមុនគេក្នុងវគ្គសន្សំពិន្ទុក្រោយចាញ់កូឡុំប៊ីក្នុងការប្រកួតយប់មិញ ៣-០ និងចាញ់សេណេហ្គាល់ ២-១ នៅប្រកួតបើកឆាក។ ក្រុមដែលមានសិទ្ធិប្រជែងគ្នាដើម្បីឆ្លងផុតវគ្គតាមពូលនេះ រួមានជប៉ុនមាន៤ពិន្ទុ សេណេហ្គាល់មាន៤ពិន្ទុ និងកូឡុំប៊ីមាន៣ពិន្ទុ។ ការប្រកួតចុងក្រោយជប៉ុនប៉ះប៉ូឡូញ ខណៈសេណេហ្គាល់ជួបកូឡុំប៊ី៕